ads
ads
អតីតគ្រូបង្វឹកអាល្លឺម៉ង់ច្រានចោលកៅអីអ្នកចាត់ការក្លិប Bayern
២៦-កុម្ភៈ-២០២៤

អតីតគ្រូបង្វឹកអាល្លឺម៉ងលោក Joachim Low បានច្រានចោលកៅអីគ្រូបង្វឹកនៅក្លិប Bayern ប៉ុន្តែបាននិយាយថាគាត់ចង់ត្រលប់ទៅបាល់ទាត់ជម្រើសជាតិវិញក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។

គ្រូបង្វឹកដែលដឹកនាំអាល្លឺម៉ង់ឈ្នះពាន World Cup ២០១៤ បានប្រាប់ទូរទស្សន៍ Welt TV កាលពីថ្ងៃអាទិត្យថា៖« ប្រហែលជាមានហេតុផលផ្សេងៗគ្នា។ ទីមួយ Bayern មិនចាប់អារម្មណ៍លើខ្ញុំ ហើយខ្ញុំក៏មិនចាប់អារម្មណ៍នឹង Bayern ដែរ»។

Bayern បាននិយាយនៅសប្តាហ៍នេះថាគ្រូបង្វឹកបច្ចុប្បន្នលោក Thomas Tuchel នឹងចាកចេញនៅរដូវក្តៅបើទោះ​បីជាមានកិច្ចសន្យារហូតដល់ខែមិថុនាឆ្នាំ ២០២៥ ក៏ដោយ។

លោក Joachim Low បានសរសើរគ្រូបង្វឹកក្រុម Leverkusen គឺលោក Xabi Alonso ដែលត្រូវបានគេរាយការណ៍​ថាជាបេក្ខភាពដ៏សក្តិសមបំផុតក្នុងការជំនួសតំណែងលោក Tuchel ប៉ុន្តែគាត់ជឿជាក់ថា Alonso នឹងនៅជាមួយក្លិបបច្ចុប្បន្នរបស់គាត់។

លោកបាននិយាយពី Alonso ថា៖ «គាត់ជាបុគ្គលមានបុគ្គលិកលក្ខណៈដ៏ឆ្នើមរួចទៅហើយ តាំងពីនៅជាកីឡាករ»។

ជាមួយគ្នានេះដែរលោក ក៏បានច្រានចោលការងារគ្រូបង្វឹកថ្មីនៅប្រទេសអាល្លឺម៉ង់។ ផ្ទុយទៅវិញ លោកចង់បង្វឹកក្រុមជម្រើសជាតិសម្រាប់ World Cup ឆ្នាំ២០២៦។

«ខ្ញុំធ្លាប់ធ្វើជាគ្រូបង្វឹកជាមួយក្រុមជម្រើសជាតិអាល្លឺម៉ង់អស់រយៈពេលជាយូរណាស់មកហើយ ហើយខ្ញុំតែងតែនិយាយ​ថាការងារនៅទីនេះគឺគ្មានបញ្ហាសម្រាប់ខ្ញុំ។ ខ្ញុំបានធ្វើដំណើរឆ្លងកាត់ប្រទេសនេះអស់រយៈពេល១៧ ឆ្នាំមកហើយ»។

លោកបានបន្ថែមថា៖« ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦ ដែលរៀបចំឡើងដោយសហរដ្ឋអាមេរិក កាណាដា ម៉ិកស៊ិក គួរឱ្យរំភើបខ្លាំងណាស់។ខ្ញុំនឹងត្រៀមខ្លួនសម្រាប់ការងារបែបនេះចាប់ពីរដូវក្តៅ»។

គួររំឭកថាលោកបានចែកផ្លូវជាមួយក្រុមជម្រើសជាតិអាល្លឺម៉ង បន្ទាប់ពីការធ្លាក់ចេញពីវគ្គចែកពូលនៅ World Cup ២០១៨ នៅប្រទេសរុស្ស៊ី និងការធ្លាក់ចេញក្នុងវគ្គ ១៦ ក្រុមចុងក្រោយនៃ Euro ២០២០។

 

ads
ads