លោក កាំង សេន ប្រធានក្លិប អាយ អេស អាយ ដង្កោសែនជ័យបានបង្ហាញមតិយោបល់ទាក់ទងទៅនឹងប្រាក់រង្វាន់ ស្របពេលការប្រកួតប្រជែងក្នុងពានរង្វាន់លីគខាប់មួយនេះ ក្រុមដែលចូលរួមមិនទទួលបានប្រាក់ឧបត្ថម្ភ ហើយក្រុមជើងឯកមិនទទួលបានប្រាក់រង្វាន់នោះឡើយ តែយ៉ាងណា!ការបញ្ចេញមតិយោបល់របស់ប្រធានក្លិបខាងលើ សមហេតុសមផលខ្លាំងដែរ។
ផ្ដល់បទសម្ភាសន៍ក្នុងកម្មវិធី Football Street Art ជាមួយ B8 Sport លោក កាំង សេនថ្លែងបែបនេះ៖ « ដោយសារមានការកែប្រែកាលវិភាគការប្រកួតលីគពន្យារពេលដល់ខែ ៨ អញ្ចឹងវាពិបាកសម្រាប់ក្រុមទាំងអស់ ថាតើគាត់គួររៀបចំឱ្យល្អពីឥឡូវ ឬក៏ចាំដល់ពេលលេងលីគតែម្ដងទើបយើងរៀបចំ»។
«មានក្រុមខ្លះគាត់ពង្រឹងបន្តិចម្ដងៗ ហើយក៏មានក្រុមខ្លះបានរៀបចំពីឥឡូវយ៉ាងល្អ។ អញ្ចឹងថ្វីត្បិតតែប្រាក់រង្វាន់មិនទាន់ច្បាស់លាស់ អ្វីដែលល្អគឺការប្រកួតពានលីគខាប់នេះឯង ដែលជាពេលវេលាមួយអាចឱ្យ ហ្វឹកហាត់ អាចលេងជាមួយការប្រកួតជាច្រើន ដើម្បីឱ្យមានអ្នកគាំទ្រមកជួយទស្សនា។ ក្លិបអាចប្រមូលប្រាក់ចំណូលតាមរយៈហ្នឹង»។
លោមបានបន្តទៀតថា៖ «សម្រាប់ខ្ញុំ! ការប្រកួតអត់មានប្រាក់រង្វាន់មែន តែមានការប្រកួតហើយមានអ្នកគាំទ្រមកទស្សនាជារឿងសំខាន់ ដើម្បីយើងរកចំណូលតាមរយៈនេះហើយ ប្រូម៉ូតខ្លួនឯងទៅម្ចាស់ឧបត្ថម្ភ។ បើយើងមិនមានសកម្មភាពលេង ឬប្រកួតអីទេ អញ្ចឹងអ្នកឧបត្ថម្ភក៏មិនដឹងដែរ។ ខ្ញុំគិតថាប្រាក់រង្វាន់ជាផ្នែកតូចមួយ ដែលយើងមិនគិតជាចម្បងទេ ពីព្រោះវាក៏មិនច្រើនដែរ វាមិនទាន់ច្រើនទេ! អញ្ចឹងយើងផ្ដោតមកការលេងរបស់យើង ធ្វើយ៉ាងណាប្រមូលអ្នកគាំទ្រមកទស្សនាឱ្យបានច្រើន ផ្ដល់ភាពងាយស្រួលដល់ពួកគាត់»។
ពានរង្វាន់ Cambodian League Cup 2023 នឹងចាប់ផ្ដើមនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ទៅ ដោយក្រុមចូលរួមទាំង១៤ នឹងបែងចែកជា២ពូលក្នុងមួយពូលមាន៨ក្រុម ប្រកួតជួបគ្នាតែជើង។ ក្រុមលេខ១ និងលេខ២ក្នុងពូលទាំងពីរ ត្រូវទៅជួបគ្នាក្នុងវគ្គខ្វែង ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕