«ពិតណាស់! ទាំងខ្ញុំ និងក្រុមទាំងមូលបានត្រៀមខ្លួនរួចហើយសម្រាប់ការប្រកួតស្អែក(យប់នេះ)។ យើងបានហ្វឹកហាត់មកយ៉ាងល្អជាមួយគ្រូបង្វឹកលោក Keiseke Honda ក្នុងសប្ដាហ៍នេះ» នេះគឺជាសម្ដីរបស់ខ្សែប្រយុទ្ធចំណូលថ្មីនៃក្រុមចម្រើសជាតិកម្ពុជាវ័យក្រោម២៣ឆ្នាំ រដ្ឋ វីរៈផ្ដល់កិច្ចសម្ភាសន៍ជាមួយអ្នកយកព័ត៌មានរបស់ B8 Sport។
ក្រុមជម្រើសជាតិកម្ពុជាវ័យក្រោម២៣ឆ្នាំនឹងត្រូវបើកពហុកីឡដ្ឋានថ្មីរបស់ខ្លួនត្រៀមទទួលក្រុម U23 ប្រ៊ុយណេក្នុងថ្ងៃបើកឆាកពាន AFF U23 Championship 2022 វេលាម៉ោង៧និង០០នាទីយប់នេះ។ និយាយកត្តាប្រឈម និងការលំបាកក្នុងការប្រកួតនេះដែរ កីឡាកររបស់ក្លិបវិសាខារូបនេះបានឱ្យដឹងថា៖
«ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំកាន់តែមានទំនុកចិត្តតាមរយៈការហ្វឹកហាត់ជាមួយពួកគេ(មិត្តរួមក្រុមនិងគ្រូបង្វឹក)ជារៀងរាល់ថ្ងៃ។ អ្វីដែលជាផលលំបាកសម្រាប់ខ្ញុំគឺខ្ញុំត្រូវសម្របខ្លួនជាមួយកីឡាករដែលខ្ញុំមិនដែលស្គាល់ពីមុន»។
«ភាសាក៏ជាកត្តាមួយដែរ មិនមានកីឡាករនិយាយភាសាអង់គ្លេសច្រើននោះទេ”។
ឆ្លើយតបជាមួយអ្នករាយការណ៍ព័ត៌មាន B8 Sport កីឡាករវ័យក្មេងរូបនេះបាននិយាយអំពីភាពខុសគ្នារវាងការហ្វឹកហាត់បាល់ទាត់នៅយុវជនជម្រើសជាតិនិងកម្ពុជាក្រុមការដឹកនាំរបស់លោក Honda ថា៖” នៅបារាំងគេហ្វឹកហាត់ផ្ដោតសំខាន់បច្ចេកទេស និងកលល្បិចនៃការលេង ខណៈក្រោមការដឹកនាំរបស់លោក Honda ផ្ដោតសំខាន់លើកាយសម្បទាច្រើនជាង”។
វីរៈ ក៏មានសារមួយបញ្ជូនទៅអ្នកគាំទ្រផងដែរថា៖« ខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាដែលបានផ្ញើសារមកខ្ញុំ និងដែលគាំទ្រខ្ញុំ។ ខ្ញុំសង្ឃឹមថានឹងបានឃើញពួកគេក្នុងពេលឆាប់ៗនេះនៅក្នុងកីឡដ្ឋានម្ដងទៀត អរគុណច្រើន!»៕