ads
ads
គ្រូ​បង្វឹក​ឥណ្ឌាលោក Igor Stimac ថា មិន​អាចមិនមើលស្រាលកម្ពុជាត្រង់ចំណាត់​ថ្នាក់ FIFA ទេ យើងត្រូវគោរពក្រុមកម្ពុជា
០៨-មិថុនា-២០២២

លោក Igor Stimac គ្រូបង្វឹកក្រុមជម្រើស​ជាតិឥណ្ឌាបានបដិសេធមិននិយាយបូបាច់ច្រើនអំពីចំណាត់ថ្នាក់ FIFA Ranking ដ៏​ខ្ពស់របស់ពួកគេនោះ​ទេ នៅមុនថ្ងៃនៃការប្រកួតជម្រុះ Asian Cup ដោយលោកនិយាយថា ចំណាត់​ថ្នាក់​នេះមិនមានបញ្ហាអ្វីទេនៅក្នុងបាល់ទាត់នាពេលបច្ចុប្បន្ននេះ។

ដោយសម្លឹងឃើញការប្រកួតជុំផ្ដាច់​ព្រ័ត្រ Asian Cup លើកទីពីរជាប់ៗគ្នា និងជាលើកទី៥ជាប់ៗគ្នា ក្រុមដែលមានចំណាត់ថ្នាក់ទី១០៦ក្នុងពិភពលោកឥណ្ឌាត្រូវបាន​គេ​ចាត់ទុក​ថា​ជាក្រុមមានភាគរយខ្ពស់​ជាង​គេ និងជាក្រុមខ្លាំងជាងគេក្នុងពូល D បើ​ធៀបទៅចំនួនបីក្រុមរវាង កម្ពុជា អាហ្វហ្គានីស្ថាន និងហុងកុង។

Stimac បាននិយាយនៅក្នុងសន្និសីទកាសែតថា៖ “ខ្ញុំគោរពរាល់គូប្រជែងទាំងអស់។ ខ្ញុំមិនមើលចំណាត់ថ្នាក់ FIFA Ranking ទេ។ កម្ពុជាមិនបានមកទីនេះដើម្បីគ្រាន់​តែចូលរួមទទេៗទេ តែពួកគេមកដោយបំណងប្រាថ្នាដូចគ្នាដើម្បីឈ្នះការប្រកួត និង​ឡើង​ទៅ​ជុំបន្ទាប់” ។

“នៅពេលដែលប្រទេសឥណ្ឌាធ្លាក់ដល់​ចំណាត់​ថ្នាក់១៨០ ពួកយើងបានឈ្នះការប្រកួត ហើយមិនចាញ់ពួកគេទេ។ ខ្ញុំក៏នឹងមានការគោរពបន្ថែមទៀតចំពោះគូប្រកួតនីមួយៗ។ ខ្ញុំមិនដែលនិយាយថាយើងអាចឈ្នះជាមួយនរណាម្នាក់ដោយងាយនោះទេ។ នោះជាការមិនគោរព។ យើងត្រូវ ត្រៀមខ្លួន ស្រេកឃ្លាននិងមានការលើកទឹកចិត្តយ៉ាងពេញលេញសម្រាប់ហ្គេមទាំងនេះ។”

លោកបានបន្ថែមថា៖ “នៅ​លើ​លោកនេះ​គ្មានការ​ប្រកួតងាយស្រួលទៀតទេ។ បើមាន​ប្រហែលជានៅ 50 ឆ្នាំមុន។ ពីចំណាត់​ថ្នាក់ 100 រហូតដល់ 180-200 វាមានគម្លាតតិចតួចណាស់ និងគុណភាពក៏មិនសូវខុសគ្នាដែរ” ។

លោក​បាន​បន្ត​ថា អ្វី​ដែល​លោក​គិត​គឺ​របៀ​ចំ​ការ​ប្រកួតបែបណាដើម្បីឱ្យ​កម្ពុជាមានសម្ពាធ។ “ខ្ញុំចង់និយាយថា យើងបានរៀបចំគម្រោងមួយ ប៉ុន្តែយើងមានបំណងដាក់សម្ពាធសម្រាប់នាទីដំបូងនៃការប្រកួត ហើយធ្វើឱ្យកម្ពុជាស្ថិតនៅក្រោមសម្ពាធខ្ពស់”។

“យើងត្រូវតែបង្ហាញថាយើងជាក្រុមដែលល្អ​ជាង ហើយយើងត្រូវតែគ្រប់គ្រងហ្គេម ក៏ដូចជាត្រៀមខ្លួនជាស្រេចដើម្បីដោះស្រាយការវាយបករបស់​គូប្រកួត។ ខ្ញុំចង់និយាយថាយើងត្រៀមខ្លួនរួចជាស្រេចសម្រាប់រឿងនោះ។”

ការឡើងទៅកាន់វគ្គជម្រុះរបស់ឥណ្ឌាគឺពិតជាមិនគួរឱ្យចាប់អារម្មណ៍នោះទេ ខណៈដែលពួកគេបានចាញ់ការប្រកួតមិត្តភាពចំនួន 3 ក្នុងចំណោមការប្រកួតចំនួន 4 របស់ពួកគេ ខណៈដែលការប្រកួតជាមួយ Zambia ត្រូវបានលុបចោល។

ក្នុង​ចំណោម​ការ​ចាញ់​ទាំង​បី​នេះ ឥណ្ឌា​បាន​ស៊ុត​បាល់​បញ្ចូល​ទី​មួយ​គ្រាប់​ជាមួយ​ក្រុម បារ៉ែន (1-2) ហើយ​ពីរ​ប្រកួត​ទៀត​បាន​ចាញ់​ក្រុម បេឡារុស(0-3) និង ហ្សកដានី (0-2)។

និយាយដល់​ការ​ប្រកួតនេះ ឥណ្ឌានឹង​ត្រូវ​ជួបកម្ពុជា​នៅ​វេលាម៉ោង ៨​និង​៣០​នាទី​ម៉ោង​ក្នុង​ប្រទេស​ឥណ្ឌា​ត្រូវ​នឹង​ម៉ោង​១០​កន្លះ​យប់​ម៉ោង​ក្នុង​ប្រទេស​កម្ពុជា៕

ads
ads