ads
ads
ហួត គឹមហុង កីឡាការនីលេងនៅអាមេរិកបង្ហាញឆន្ទះចង់មកជួយកម្ពុជាជាថ្មីក្នុងប្រកួត AFF Women’s 2022 នៅហ្វីលីពីន
០១-មិថុនា-២០២២

អតីប្រធានក្រុមជម្រើសជាតិនារីកម្ពុជា ហួត គឹមហុង ដែលកំពុងតែប្រកបអាជីពបាល់ទាត់ និងការសិក្សារនៅលើទឹកដីសហរដ្ឋអាមេរិក បានបង្ហាញឆន្ទៈរបស់ខ្លួនចងមកជួយក្រុមជម្រើសជាតិនារីឈុតធំ ក្នុងព្រឹត្តិការ AFF Women’s Championship 2022 នៅប្រទេសហ្វីលីពីនដែលប្រកួតនាកំឡុងខែកក្កដាខាងមុខនេះ។


អតីតកីឡាការនីក្លិបបាល់ទាត់ភ្នំពេញក្រោនរូបនេះ បាននិយាយតាមរយៈសារអេឡិចត្រូនិចមកកាន់គេហទំព័រ B8SPORT ថា៖ «សួស្ដីអ្នកគាំទ្របាល់ទាត់កម្ពុជា និងកីឡាការនីកម្ពុជាទាំងអស់ដែលត្រៀមខ្លួនសម្រាប់ការប្រកួតនៅហ្វីលីពីននាពេលខាងមុខនេះ។ នាងខ្ញុំ គឹមហុង អតីតកីឡាការនីជម្រើសជាតិ ខ្ញុំបានអាហារូបករណ៍មកលេងនៅសហរដ្ឋអាមេរិក ដែលមួយរយៈចុងក្រោយខ្ញុំមិនសូវមានសកម្មភាពចូលរួមជាមួយជម្រើសជាតិ។ ហើយខ្ញុំសង្ឃឹមថា ក្រុមកីឡាការនីកម្ពុជានឹងធ្វើបានល្អក្នុងពេលប្រកួតនៅហ្វីលីពីន ទោះបីជាខ្ញុំអត់បានលេងក៏ខ្ញុំចាំគាំទ្រពីចម្ងាយនៅអាមេរិកផងដែរ។ ប្រសិនជាអាចខ្ញុំចង់ចូលរួមជួយក្រុមបាល់ទាត់ជម្រើសជាតិស្រីៗយើង នៅហ្វីលីពីន ឬក្នុងព្រឹត្តិការណ៍ផ្សេងៗនាខាងមុខនេះ»។

កីឡាការនី ហួត គឹមហុង ជាអតីតប្រធានក្រុមជម្រើសជាតិនារីកម្ពុជា ក្នុងព្រឹត្តិការណ៍ AFF Women’s Championship 2018 នៅប្រទេសឥណ្ឌូនេស៊ី ហើយក្រោយចប់ព្រឹត្តិការណ៍នោះ គាត់ត្រូវបានក្លិបលីគទី២ អាមេរិក Rochester Lady Lancers ផ្ដល់កិច្ចសន្យារយៈពេល ២ឆ្នាំ និងទទួលបានអាហាររូបករណ៍បន្តការសិក្សារថ្នាក់មហាវិទ្យាល័យ នៅប្រទេសមហាអំណាចបាល់ទាត់នារីមួយនេះ ក្នុងកំឡុងខែសីហា ឆ្នាំ២០១៨។ គឹម ហុង លេងក្នុងតួនាទីខ្សែប្រយុទ្ធស្លាប បច្ចុប្បន្នមានវ័យ២៤ឆ្នាំ កំពុងលេងជាមួយក្រុមសកលវិទ្យាល័យ Bryant & Stratton – Syracuse និងចុងក្រោយនេះបានជួយឲ្យក្រុមគ្រងជើងឯក USCAA National Title នៅចុងឆ្នាំ២០២១ផងដែរ។

បញ្ជាក់ផងដែរ ក្រុមជម្រើសជាតិនារីកម្ពុជាឈុតធំ ស្ថិតក្នុងពូល B ជាមួយវៀតណាម ឡាវ មីយ៉ាន់ម៉ា និងទីម័រខាងកើត ក្នុងពានរង្វាន់ AFF WOMEN’S CHAMPIONSHIP 2022 ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ នៅប្រទេសហ្វីលីពីន៕

រូបភាព៖ ផ្ដល់ឲ្យពី ហួត គឹមហុង

ads
ads