ads
ads
ក្រោយ​យក​ឈ្នះកម្ពុជាម្សិលមិញ គ្រូបង្វឹក​ថៃថាបើ​ចង់បានមេដាយមាស ​មិនគួរខ្លាច U23 វៀតណាមនោះ​ទេ
១៥-ឧសភា-២០២២

គ្រូបង្វឹក U23 ថៃ លោក Mano Polking មានចំណែកនិងបង្ហាញមតិគួរឱ្យកត់សម្គាល់ បន្ទាប់ពីយកឈ្នះ U23 កម្ពុជា ដោយពិន្ទុ៥ទល់០​កាល​ពី​ម្សិលមិញ។

មុនចូលដល់យុទ្ធនាការស៊ីហ្គេមលើកទី៣១ U23 ថៃត្រូវបានចាត់ទុកជាបេក្ខភាពនាំមុខគេសម្រាប់ជើងឯក ជាពិសេសនៅពេលដែលគ្រូបង្វឹក Mano Polking ត្រូវបានផ្ទេរទៅដឹកនាំ។ យ៉ាងណាក៏ដោយ ដំរីសឹក មិនទាន់មានការចាប់ផ្តើមល្អទេ នៅពេលដែល U23 ម៉ាឡេស៊ី យកឈ្នះដោយពិន្ទុ ១-២ ក្នុងការប្រកួត​បើក​ឆាក។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុម U23 ថៃ បានបង្ហាញពីភាពក្លាហាន និងភាពមុតស្រួចរបស់ខ្លួន នៅពេលយកឈ្នះ U23 សិង្ហបុរី ដោយពិន្ទុ ៥-0 ក្នុងការប្រកួតបន្ទាប់។ ការប្រកួតចុងក្រោយនេះ ទ័ពរបស់គ្រូបង្វឹក Mano Polking បានបន្តយកឈ្នះក្រុម U23 កម្ពុជា ៥-០ យ៉ាងងាយ រហូតឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ចែករំលែកបន្ទាប់ពីជ័យជម្នះដ៏អង់អាចនេះ អ្នកយុទ្ធសាស្ត្រជម្រើសជាតិថៃតែសញ្ជាតិអាឡឺម៉ង់កាត់ប្រេស៊ីលបាននិយាយថា៖ «ថៃ U23 មិនខ្លាចក្រុមណាមួយឡើយ រួមទាំង U23 វៀតណាម ពួកគេលេងបានល្អ ប៉ុន្តែ U23 ឥណ្ឌូនេស៊ីក៏មិនសាមញ្ញដែរ»។

«ប្រសិន​បើ​យើង​អាច​គេច​ពី​វៀតណាម​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ នោះ​ជា​ការ​ល្អ​សម្រាប់​យើង។ យ៉ាង​ណា​ក៏​ដោយ បើ​ត្រូវ​ជួប​គេ U23 ថៃ មិន​ខ្លាច​ទេ។ ប្រសិន​បើ​យើង​ចង់​ឈ្នះ​មេដាយ​មាស យើង​ត្រូវ​តែ​ផ្តួល​គូ​ប្រកួត​គ្រប់ទាំងអស់»។

អតីតគ្រូបង្វឹក​ក្លិប Ho Chi Minh City FC រូបនេះបាន​អត្ថាធិប្បាយ​អំពី​ការ​យក​ឈ្នះ​ក្រុម U23 កម្ពុជា ៥-០ថា៖«ខ្ញុំមានអារម្មណ៍សប្បាយរីករាយជាមួយនឹងលទ្ធផលនេះ។ ដូច U23 វៀតណាម យើងស្ទើរតែប្រាកដក្នុងចិត្តថាបានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ទោះជាយ៉ាងណាក៏ដោយ កីឡាករត្រូវកែលម្អច្រើន ដើម្បីអាចយកឈ្នះបានមេដាយមាស»។ 

ក្នុង​ការ​ប្រកួត​ចុង​ក្រោយ ក្រុម​ដែល​ទទួល​បាន​ជោគជ័យ​បំផុត​ក្នុង​ស៊ីហ្គេម នឹង​ត្រូវ​ប៉ះ U23 ឡាវ។ នេះចាត់ទុកថាជាការប្រកួតដ៏ងាយស្រួលមួយសម្រាប់ក្រុម U23 ថៃ ហើយនឹងក្លាយជាឱកាសសម្រាប់គ្រូបង្វឹក Mano Polking ដើម្បីសាកល្បង និងកែលម្អមុនពេលឈានចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ប្រសិនបើមិនមានការភ្ញាក់ផ្អើលអ្វីធំដុំទេនោះ ទំនងជា U23 ថៃ នឹងប៉ះ U23 វៀតណាម ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតកីឡាបាល់ទាត់បុរស SEA Games 31។

ads
ads