តាមការប្រកាសផ្លូវការពីសមាគមក្លិបកីឡាបាល់ទាត់ សៀមរាប យូណាយធីត ដែលបានជូនដំណឹងដល់សាធារណជន អ្នកស្នេហាវិស័យកីឡាបាល់ទាត់ជាតិ ឯកឧត្ដម ឧត្ដមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានផ្តល់ជាកិត្តិយសជា ប្រធានកិត្តិយសរបស់ក្លិប ចាប់ពីពេលនេះតទៅ។
សម្រាប់ពេលវេលានៃការធ្វើជាប្រធានកិត្តិយសរបស់ក្លិបនេះគឺគ្មានកាលកំណត់ទេសម្រាប់លោក។ ការចូលរួមរបស់ ឯកឧត្ដម ឧត្ដមនាវីឯក ទៀ សុខា ជាការរួមចំណែកមួយផ្នែកធំនៅក្នុងការអភិវឌ្ឍយុវជនថ្នាលនៅក្នុងខេត្តសៀមរាប ។លោកនឹងជួយរកក្រុមហ៊ុនសហការ ឬម្ចាស់ឧបត្ថម្ភដល់ក្លិបបាល់ទាត់ និងទទួលដឹងលឺស្ថិតពីការរៀបចំផ្សេងៗទាក់ទងប្រត្តិបត្តិការណ៍នានារបស់ក្លិបក្នុងន័យដើម្បីលើកស្ទួយវិស័យកីឡាបាល់ទាត់កម្ពុជា ពិសេសវិស័យបាល់ទាត់ក្នុងខេត្តសៀមរាបតែម្ដង។
សមាគមក្លិបកីឡាបាល់ទាត់ សៀមរាប យូណាយធីតគឺជាក្លិបបាល់ទាត់មួយដែលបង្កើតឡើងកាលពីឆ្នាំ២០១៩ មានមូលដ្ឋាននៅខេត្តសៀមរាបមានកីឡដ្ឋានហនុមាន ដែលជាកម្មសិទ្ធិរបស់ក្លិបផ្ទាល់ ដេលទើបតែទទួលបានការឧបត្តម្ភពីក្រុមហ៊ុនស្រាបៀ ហនុមាន ហើយក្នុងពានរង្វាន់លីគកំពូលកម្ពុជា៣សប្ដាហ៍ក្នុងរដូវកាលថ្មីនេះ កីឡដ្ឋានរបស់ក្លិបមួយនេះទទួលបានអ្នកគាំទ្រចូលទស្សនាច្រើនជាងគេបំផុត៕