កីឡដ្ឋានហនុមានបានក្លាយជាកីឡដ្ឋានទទួលបានអ្នកទស្សនាច្រើនជាងគេក្នុងពានរង្វាន់ Cambodian Premier League 2022 សប្ដាហ៍ទីមួយនេះបើតាមស្ថិតិដែល B8 Sport ទទួលបាន។
កីឡដ្ឋានមានមូលដ្ឋាននៅខេត្តសៀមរាបមួយនេះទទួលបាន អ្នកចូលរួមទស្សនាដោយផ្ទាល់ ចំនួន ១១៨១នាក់ ច្រើនជាងគេក្នុងការប្រកួតបើកឆាក Cambodian Premier League រវាងម្ចាស់ផ្ទះអង្គរថាយហ្គឺរជាមួយក្រុមភ្ញៀវវិសាខា ខណៈដែលប្រភពក្រៅផ្លូវការមានរហូតដល់ទៅ ១៨៤១នាក់ ខណៈដែលកីឡដ្ឋានខេត្តស្វាយរៀងជាប់លំដាប់លេខ២មានអ្នកទស្សនា១១១៥នាក់។
ដោយឡែក២ប្រកួតក្នុងរាជធានីភ្នំពេញនៅខេមបូឌៀ អ៊ែរវ៉េ នៃការប្រកួតរបស់បឹងកេតនិងណាហ្គាវើលដ៏ និងស្ដាតចាស់ រវាង TIFFY ARMY FC និង ភ្នំពេញក្រោន ទទួលបានអ្នកទស្សនាផ្ទាល់តែជាង៥០០នាក់ប៉ុណ្ណោះក្នុងកីឡដ្ឋាននីមួយៗគឺ៥៨០នាក់ និង៥៥០នាក់រៀងៗគ្នា។
បញ្ហាអ្នកទស្សនាផ្ទាល់បានក្លាយជាប្រធានបទក្ដៅនាពេលនេះ រហូតមានប្រតិកម្មពីសំណាក់អ្នកគាំទ្រក៏ដូចជា បុគ្គលក្នុងពិភពបាល់ទាត់ជាច្រើនផងដែរដែលក្នុងនោះលោក ខូវ ឆាយ អគ្គលេខាធិការក្លិប TIFFY ARMY FC និងលោក Keisuke Honda អ្នកចាត់ការទូទៅជម្រើសជាតិកម្ពុជា៕