នៅសល់មិនដល់មួយថ្ងៃទៀតទេ ឆ្នាំ ២០២៣ នឹងមកដល់ ហើយឆ្នាំ២០២២នឹងកន្លងផុតទៅប៉ុន្តែប្រិយមិត្តមានចាប់អារម្មណ៍ដែរទេថា តើមួយឆ្នាំប្រតិទិន២០២២ ជម្រើសជាតិកម្ពុជាឈុតធំលេងបានប៉ុន្មានប្រកួត ឈ្នះប៉ុន្មាន ចាញ់ប៉ុន្មាន ហើយកីឡាករណាខ្លះរកបានគ្រាប់បាល់? B8 Sport នឹងលើកយកជូនបងប្អូនអានកម្សាន្តជាជាកាដូថ្ងៃឆ្លងឆ្នាំ ហើយជាកាតកត់ត្រាទុកសម្រាប់ចំណេះដឹងផងដែរ។
កំឡុងមួយឆ្នាំប្រតិទិន២០២២ ជម្រើសជាតិកម្ពុជាឈុតធំលេងបាន ៩ ប្រកួត ដែលក្នុងនោះ ឈ្នះ៣ប្រកួត ស្មើមួយប្រកួតនិងចាញ់៥ប្រកួតឆ្លងកាត់ព្រឹត្តិការណ៍ ៣គឺ ការប្រកួតមិត្តភាពអន្តរជាតិ ៣ប្រកួត ពានរង្វាន់ AFC Asian Cup វគ្គជម្រុះជុំទី៣ ៣ប្រកួត និងពានរង្វាន់ AFF Championship 2022 ៣ប្រកួត។ បើគិតជាគ្រាប់បាល់ស៊ុតចូលគូប្រកួតវិញក្នុងឆ្នាំ២០២២ កម្ពុជារកបានសរុប១៣គ្រាប់ ពីកីឡាករ៨នាក់ ហើយរបូតគ្រាប់បាល់១៨គ្រាប់។
កីឡាករដែលរកបានគ្រាប់បាល់ឱ្យកម្ពុជាក្នុងឆ្នាំ២០២២មានដូចជា៖
១-កែវ សុខផេង៖
ក្នុងឆ្នាំ២០២២ សុខផេងគឺជាកីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេឱ្យជម្រើសជាតិកម្ពុជាក្នុងឆ្នាំ២០២២ ដោយមាន៣គ្រាប់ក្នុងដៃ។ គ្រាប់ទីមួយរកបានក្នុងការប្រកួតមិត្តភាពអន្តរជាតិកម្ពុជា២-១ទីម័រខាងកើត នៅថ្ងៃទី០២ខែមិថុនាឆ្នាំ២០២២ នៅពហុកីឡដ្ឋានមរតកតេជោ។ គ្រាប់ទី២រកបានក្នុងការប្រកួតពានរង្វាន់ AFC Asian Cup ជាមួយជម្រើសជាតិអាហ្វហ្គានីស្ថាន នៅថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២២(កម្ពុជា២-២អាហ្វហ្គានីស្ថាន) ហើយគ្រាប់បាល់ទី៣រកបានក្នុងការប្រកួត AFF Championship 2022 នៅថ្ងៃទី២៩ខែធ្នូទល់និងក្រុមប្រ៊ុយណេ(កម្ពុជា៥-១ ប្រ៊ុយណេ)។
២- ជួន ចាន់ចាវ៖
រកបាន២គ្រាប់ក្នុងការប្រកួតមិត្តភាពអន្តរជាតិកម្ពុជា២-១ទីម័រខាងកើត នៅថ្ងៃទី០២ខែមិថុនាឆ្នាំ២០២២ នៅពហុកីឡដ្ឋានមរតកតេជោ។ ហើយគ្រាប់បាល់ទី២ រកបានក្នុងការប្រកួត AFF Championship 2022 នៅថ្ងៃទី២៩ខែធ្នូទល់និងក្រុមប្រ៊ុយណេ(កម្ពុជា៥-១ ប្រ៊ុយណេ)។
៣-រ៉ឹង ប៊ុនហៀង៖
រកបាន២គ្រាប់ក្នុងការប្រកួតពានរង្វាន់ AFF Championship 2022 ជាមួយហ្វីលីពីនក្នុងពហុកីឡដ្ឋានមរតកតេជោក្នុងជ័យជម្នះ៣ទល់២។
៤-លឹម ពិសុទ្ធ៖
ខ្សែប្រយុទ្ធវ័យក្មេងរូបនេះរកបាន២គ្រាប់ក្នុងការប្រកួតពានរង្វាន់ AFF Championship 2022 ជាមួយប្រ៊ុយណេក្នុងពហុកីឡដ្ឋានមរតកតេជោក្នុងជ័យជម្នះ៥ទល់១។ ២គ្រាប់របស់កីឡាកររូបនេះបានក្នុងនាមជាកីឡាករប្ដូរចូលក្នុងវគ្គទី២ ដែលស៊ុតនៅនាទី៨០ និង៨៨។
៥- ប្រាក់ ធីវ៉ា៖
រកបានមួយគ្រាប់បាល់ក្នុងប្រកួតពានរង្វាន់ AFC Asian Cup ជាមួយជម្រើសជាតិអាហ្វហ្គានីស្ថាន នៅថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២២(កម្ពុជា២-២អាហ្វហ្គានីស្ថាន)។ វាគ្រាប់បាល់កើតឡើងមកពីការទាត់ហ្វ្រីឃីគ។
៦-Nick Taylor៖
រកបាន១គ្រាប់ក្នុងការប្រកួតពានរង្វាន់ AFF Championship 2022 ជាមួយប្រ៊ុយណេក្នុងពហុកីឡដ្ឋានមរតកតេជោក្នុងជ័យជម្នះ៥ទល់១។ វាជាគ្រាប់បាល់ប៉េណាល់ទីក្នុងវគ្គទី២ ក្រោយបង្កើតឱកាសដោយខ្លួនឯងក្នុងប្រអប់ទីប្រ៊ុយណេ ហើយវាជាគ្រាប់បាល់ដំបូងរបស់គាត់ក្នុងការប្រកបអាជីពឱ្យជម្រើសជាតិកម្ពុជាក្នុងនាមជាកីឡាករកូនកាត់ខ្មែរ-អាមេរិក។
៧- អ៊ន ចាន់ប៉ូលីន៖
ខ្សែបម្រើរបស់ក្លិបភ្នំពេញក្រោនរូបនេះរកបាន១គ្រាប់ក្នុងការប្រកួតពានរង្វាន់ AFF Championship 2022 ជាមួយហ្វីលីពីនក្នុងពហុកីឡដ្ឋានមរតកតេជោក្នុងជ័យជម្នះ៣ទល់២។ វាជាគ្រាប់បាល់លើកដំបូងក្នុងអាជីពជម្រើសជាតិកម្ពុជា បន្ទាប់លេងបានសរុប៣០ប្រកួត។
៨- សារ៉េត គ្រីយ៉ា៖
ខ្សែការពារស្លាប់ស្ដាំរូបនេះតែតបញ្ចូលទីគ្រាប់បាល់តែមួយគត់របស់កម្ពុជាក្នុងការប្រកួតពានរង្វាន់ AFF Championship 2022 ជាមួយឥណ្ឌូនេស៊ីដែលកម្ពុជារងបរាជ័យ២ទល់១។ វាជាគ្រាប់បាល់លើកដំបូងក្នុងអាជីពជម្រើសជាតិកម្ពុជា បន្ទាប់លេងបានសរុប២២ប្រកួត។