អ្នកចាត់ការក្រុមជម្រើសជាតិវែលដ៏លោក Robert Page បានផ្តល់ការព្រមានដល់ Gareth Bale និងមិត្តរួមក្រុមរបស់គាត់ទាក់ទងនឹងការហាមប្រាមមិនឱ្យលេងកីឡាវាយកូនហ្គោលក្នុងអំឡុងយុទ្ធនាការ World Cup ឆ្នាំ 2022 នៅប្រទេសកាតា។
ដូចដែលបានដឹងហើយថា Bale គឺជាកីឡាករដែលចាប់អារម្មណ៍ និងឈ្លក់វង្វេងនឹងកីឡាវាយកូនហ្គោល ដែលគាត់ត្រូវបានគេដាក់រហ័សនាមថា ‘The Golfer’ ក្នុងចំណោមអតីតមិត្តរួមក្រុមរបស់គាត់នៅ Real Madrid ។ Bale ចាត់ទុកកីឡាវាយកូនហ្គោលថាជាចំណូលចិត្ត ដូចមនុស្សផ្សេងទៀតក៏មានសកម្មភាពដែលពួកគេចូលចិត្តធ្វើពេលទំនេរផងដែរ។
គាត់ដែលបច្ចុប្បន្នកំពុងនៅសហរដ្ឋអាមេរិក ដោយប្រកបអាជីពជាមួយក្រុម Los Angeles FC ក៏គិតថាកីឡាវាយកូនហ្គោលធ្វើឱ្យគាត់ស្ងប់ស្ងាត់នៅពេលដែលគាត់ចេញពីទីលានបាល់ទាត់។ ទាក់ទងនឹងរឿងនោះ លោក Page ចង់ឱ្យ Bale ផ្តោតអារម្មណ៍ទាំងស្រុង ដើម្បីប្រឈមមុខនឹងយុទ្ធនាការដែលជម្រើសជាតិវែលដ៏ស្ថិតក្នុងក្រុមជាមួយអង់គ្លេស សហរដ្ឋអាមេរិក និងអ៊ីរ៉ង់។
យោងតាមរបាយការណ៍ដែលចេញផ្សាយដោយ Goal ៖«បាទ អត់មានកីឡាវាយកូនហ្គោលទេ។ យើងនៅទីនោះ [កាតា] ដើម្បីធ្វើកិច្ចការមួយ» ។
«កាលពីមុន Gareth, Kieffer Moore ឬ Aaron Ramsey បានមករកខ្ញុំហើយសួរថា ‘តើមានគម្រោងអ្វីសម្រាប់ល្ងាចថ្ងៃស្អែក? តើមានការប្រជុំទេ? ខ្ញុំចង់និយាយថា ‘ទេ គ្មានការប្រជុំទេ ដូច្នេះអ្នកចង់លេងអាប្រាំបួនរន្ធ [សំដៅលើកីឡាវាយកូនហ្គោល] អ្នកអាចទៅលេងបាន។»
ប៉ុន្តែនោះជាពេលដែលអ្នកមានពេលមួយសប្តាហ៍ពេញដើម្បីបង្កើតក្រុមនៅទីនេះ(ប្រទេសវែលដ៏)។ នៅទីនោះ យើងមិនមានពេលគ្រប់គ្រាន់ទេ។ រៀងរាល់បួនថ្ងៃមានការប្រកួតហើយយើងមិនអាចឈប់ទេ»។
ពេលវេលាចុងក្រោយដែលវេលស៍បានលេងក្នុង World Cup គឺនៅឆ្នាំ 1958 ដែលពួកគេអាចមានសិទ្ធិរហូតដល់វគ្គ៨ក្រុមចុងក្រោយ។