ពេលនេះមានព័ត៏មានលេចលឺថាក្លិបបាល់ទាត់ សៀមរាប យូណាយធីតកំពុងសំងំសាងសង់ទីលានបាល់ទាត់ស្តង់ដារបំពាក់ស្មៅធម្មជាតិដល់ទៅ៤នៅស្រុកបន្ទាយស្រីដែលមានចម្ងាយ១២គីឡូម៉ែត្រពីទីក្រុងសៀមរាប។
គិតមកដល់ពេលនេះ ទីលានទាំងបួនបានសងសង់ផ្នែកខ្លះដោយអន្លើរ ក្រោមការរៀបចំ និងគម្រោងពីប្រធានក្លិបបាល់ទាត់ សៀមរាប យូណាយធីតថ្មី។ ទីលានទាំងបួនមិនត្រឹមតែបំពាក់ស្មៅធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំពាក់កៅអីជុំវិញទៀតផង។ គេដឹងទៀតថា ក្លិបមានគម្រោងវែងឆ្ងាយ និងធំទៅអនាគត ប៉ុន្តែពេលនេះក្លិបកំពុងផ្ដោតសំខាន់ទៅការពង្រឹងក្រុមយុវជនវ័យក្រោម១៣ឆ្នាំ។
ភ្ជាប់ជាមួយគ្នានេះដែរ កាលពីប៉ុន្មានថ្ងៃមុន ក្លិបមានមូលដ្ឋាននៅខេត្តសៀមរាបមួយនេះ បានធ្វើការបោះជុំរំពិសេសធ្វើតេស្តិ៍សមត្ថភាពកីឡាករវ័យក្រោម១៣ឆ្នាំចំនួន៥០នាក់មកពី៩ខេត្តក្រុង ចំនួន៣យប់៣ថ្ងៃ។
កម្មវិធីនេះគឺក្លិបបានចំណាយទាំងស្រុង ទាំងការធ្វើដំណើរទៅមកហ្វឹកហាត់ ស្នាក់នៅ ហូបចុក និងដំណើរកម្សាន្តផងដែរ ដែលធ្វើឡើងចាប់ពីថ្ងៃសុក្រ ទី១១ រហូតដល់ ថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នាកីឡដ្ឋាន ហនុមាន ជាផ្លូវការ។
រូបថត៖ Siem Reap United