លោក Pep Guardiola ដែលជាអ្នកចាត់ការទូទៅក្លិប Manchester City បានបង្ហាញអំពីអារម្មណ៍សោកស្តាយដែលមិនអាចជួយក្រុមឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League បាន។
Real Madrid បានកក់កៅអីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Champions League ក្រោយយកឈ្នះ Man City កាលពីយប់មិញ ពីការរកគ្រាប់បាល់របស់ Rodrygo ក្នុងនាទីទី ៩០ និង ៩០+១ និង មួយគ្រាប់ប៉េណាល់ទីរបស់ Karim Benzema ក្នុងនាទីថែមម៉ោង១៥នាទីដង ដើម្បីជួយក្រុមទទួលបានជ័យជម្នះក្នុងលទ្ធផល ៣ទល់នឹង១ និង សរុបទាំងពីរជើង ៦ទល់នឹង៥។
លោក Guardiola បានប្រាប់ BT Sport ដោយប្រតិកម្មនឹងការបរាជ័យយប់មិញថា៖«ពួកយើងស្ទើរតែបានឡើងទៅវគ្គផ្តាច់ព្រ័ត្រទៅហើយ ប៉ុន្តែបាល់ទាត់គឺ មិនអាចទាយទុកមុនបានទេ។ ពេលខ្លះវាកើតឡើងបែបនេះ ហើយអ្នកត្រូវតែទទួលយកវា»។
«ជិតឡើងហើយហ្នឹង។ ប៉ុន្តែនៅទីបញ្ចប់ យើងមិនអាចទៅដល់»។
« គេដាក់កីឡាករជាច្រើនក្នុងប្រអប់គឺ Rodrygo, Vinicius, Benzema, Asensio ដោយឆ្លងកាត់ទៅមក និងស៊ុតចូល២គ្រាប់»។
នៅពេលសួរអំពីអារម្មណ៍នៅក្នុងបន្ទប់ផ្លាស់ប្តូររបស់ City លោក Guardiola បានបន្ថែមថា៖ «ពួកគេសោកស្តាយ។ ដោយសារតែយើងជិតឡើងទៅហើយ។ ឥឡូវនេះ យើងត្រូវការពេលវេលាដើម្បីដំណើរការ ហើយត្រលប់មកវិញនៅក្នុងហ្គេមចុងក្រោយរបស់យើង»៕