សហព័ន្ធបាល់កម្ពុជា បានប្រកាសជាផ្លូវការ បញ្ជីរាយនាមផ្លូវការកីឡាការិនី២០នាក់ចុងក្រោយ សម្រាប់ចូលរួមការប្រកួតព្រឹត្តិការណ៍ Sea Games ខែក្រោយនេះ។
ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា នឹងស្ថិតនៅក្នុងពូល A ជាមួយក្រុមជម្រើសជាតិវៀតណាម និង ហ្វីលីពីន ខណៈ បញ្ជីឈ្មោះ កីឡាការិនីទាំង ២០ខាងលើ នឹងបន្តហ្វឹកហាត់នៅមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី រហូតដល់ថ្ងៃធ្វើដំណើរដែលអាចនឹងចាកចេញជាមួយក្រុមបុរស នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២។
នេះគឺជាលើកដំបូងបំផុតហើយសម្រាប់ក្រុមជម្រើសជាតិនារីកម្ពុជាដែលចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម បន្ទាប់ពីស្ងាត់សកម្មភាពចូលរួមក្នុងពានរង្វាន់និងព្រឹត្តិការណ៍កីឡាករអន្តរជាតិអស់មួយរយៈ។ សកម្មភាពចុងក្រោយជម្រើសជាតិកម្ពុជាចូលរួមក្នុងពានរង្វាន់ AFF Women’s Championship 2018 ដែលធ្វើឡើងក្នុងប្រទេសឥណ្ឌូនេស៊ី។
កីឡាការិនីបាល់ទាត់កម្ពុជា បាន ជាវៃ និយាយពេលជាប់ឈ្មោះក្នុងជម្រើសជាតនារីកម្ពុជាក្នុងស៊ីហ្គេមថា៖ «នេះមិនមែនជាលើកទីមួយដែលបានចូលរួមក្រុមជម្រើសជាតិ ប៉ុន្តែនេះលើកទីមួយដែលចូលរួមក្រុមជម្រើសជាតិសម្រាប់ស៊ីហ្គេម ខ្ញុំពិតជាមានមោទនភាពណាស់ នឹងធ្វើអោយអស់ពីសមត្ថភាព។ នេះជាអី្វដែលខ្ងុំចូលចិត្ត មិនដែលបោះបង់វាម្តងណាឡើយ។ អរគុណខ្លួនឯងដែលដើរទៅមុន ទោះជាម្នាក់ឯងក៏ដោយ”៕