ក្រុមជម្រើសជាតិកម្ពុជាទើបតែរងបរាជ័យក្រោមថ្វីជើងម្ចាស់ផ្ទះឥណ្ឌា២ទល់០ក្នុងការប្រកួតបើកឆាកពូល D ពានរង្វាន់ AFC Asian Cup 2023 វគ្គជម្រុះជុំទីបីនៅកីឡដ្ឋាន Salt Lake ក្នុងទីក្រុងកុលកាតា។
មុនការប្រកួតនេះកើតឡើង មានបញ្ហាមួយចំនួនបានកើតឡើង ទាំងការធ្វើដំណើរទៅកីឡដ្ឋាន រឿងទង់ជាតិខុស និងរឿងភ្លេងជាតិកម្ពុជាមិនអាចដំណើរការតាមគ្រោងទុកជាដើម។ រឿងមួយដែលយើងគួរចាប់អារម្មណ៍គឺគ្មានវត្តមានរបស់កីឡាករ ឡុង ភារ៉ាត់ ក្នុងបញ្ជី១១នាក់ដំបូង និងបញ្ជីកីឡាករបម្រុងនោះទេ។ មូលហេតុដែលរូបគេគ្មានវត្តមានក្នុងបញ្ជីគឺបញ្ហាសុខភាពបណ្ដាលមកពីការជិះឡានក្រុង។ នេះបើតាមក្រុមការងារ B8-Sport ទទួលបានព័ត៌មានពីប្រទេសឥណ្ឌា។
ពេលធ្វើដំណើពីសណ្ឋាគារទៅកាន់កីឡដ្ឋានប្រកួត ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាទាំងអស់បានជិះឡានក្រុងដែលខាងសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌារៀបចំដើម្បីធ្វើដំណើទៅកាន់កន្លែងប្រកួត។ កំឡុងពេលជិះឡានក្រុងនោះក្រុមកីឡាករកម្ពុជាទាំងអស់ ទទួលបានផលរំខានដោយសារអ្នកបើកបរឡានក្រុងនោះប្រើប្រាស់ល្បឿនឡានតាមផ្លូវមិនស្ថេរភាពក្នុងកម្រិតមួយ មិនស្រួលទាល់តែសោះ។ ក្នុងចំណោមកីឡាករទាំងអស់! ឡុង ភារ៉ាត់ដែលដើមឡើយមានឈ្មោះក្នុងបញ្ជីជម្រើស១១នាក់ដំបូង បានកើតអការៈ វិលមុខ ធីងធោង រកក្អួតចង្អោរ ហើយមិនអាចលេងបាននោះទេ។
មកដល់ពេលនេះ សុខភាពរបស់ខ្សែបម្រើក្លិបព្រហខ័នរាជស្វាយរៀងវិលមកប្រក្រតីភាពវិញហើយ ក្រោយសម្រាករយៈពេលមួយថ្ងៃ ហើយរូបគេនឹងចូលហ្វឹកហាត់ជាមួយមិត្តរួមក្រុមត្រៀមប៉ះជាមួយជម្រើសជាតិកោះហុងកុងនៅថ្ងៃទី១១ខែមិថុនាឆ្នាំ២០២២៕