បន្ថែមពីលើការអភិវឌ្ឍន៍អាជីពបាល់ទាត់ និងប្រាក់ចំណូលខ្ពស់ Chanathip Songkrasin បានដឹងយ៉ាងច្បាស់អំពីទំនួលខុសត្រូវរបស់គាត់ក្នុងការជំរុញកីឡាករថៃ និងកីឡាករអាស៊ានឱ្យចេញទៅលេងនៅបរទេស។ នោះក៏ជាអ្វីដែលកីឡាករខ្មែរយើងមួយចំនួនត្រូវមានគោលបំណងបែបបនោះ ដូចជា សៀង ចន្ធា និងលឹម ពិសុទ្ធ។
កីឡាករពិសេសនៅ J.League
នៅចុងបញ្ចប់នៃពានរង្វាន់ AFF Cup 2020 ដែលក្រុមជម្រើសជាតិថៃបានឈ្នះជើងឯកយ៉ាងជឿជាក់ ហើយបន្ទាប់ពីឈ្នះពានកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ Chanathip Songkrasin បានផ្លាស់ទៅ Kawasaki Frontale ដែលជាក្រុមការពារតំណែងជើងឯកជប៉ុន។ ក្រុមមួយបានចំណាយលុយរាប់លានដុល្លារដើម្បីបានហត្ថលេខាតារាលេខ១របស់ក្រុមថៃ។
មុនរឿងនោះកើតឡើង Chanathip Songkrasin បានចំណាយពេលវេលា៥រដូវកាលជាមួយ Consodale Sapporo។ គាត់បានបង្ហាញខ្លួន ១២៥ ប្រកួត ស៊ុតបញ្ចូលទីបាន១៥ គ្រាប់។ បើនិយាយពីប្រាក់ចំណូលវិញ គាត់ទទួលបានប្រាក់បៀវត្សរ៍សរុបជាង ៣៦.៣ លានបាត ដោយមិនគិតពីប្រាក់រង្វាន់ និងការលើកទឹកចិត្តខ្ពស់ផ្សេងទៀត។
មក Kawasaki Frontale កីឡាករ Chanathip បានបោះជំហានដ៏ធំមួយក្នុងអាជីពរបស់គាត់ នៅពេលលេងឱ្យក្រុមខ្លាំងបំផុតមួយនៅក្នុងប្រទេសជប៉ុន។ គាត់នឹងមានឱកាសចូលរួមប្រកួតក្នុងកម្មវិធីអន្តរជាតិជាច្រើនជាពិសេសគឺ AFC Champions League។ បើនិយាយពីប្រាក់ឈ្នួលវិញ Messi Jay នឹងទទួលបានប្រាក់បៀវត្សរ៍រហូតដល់ ២១.៦ លានបាតក្នុងមួយឆ្នាំ។
យោងតាមស្ថិតិ Chanathip Songkrasin គឺជាកីឡាករដែលមានអ្នកតាមដានច្រើនជាងគេទីពីរនៅ J.League 2021 នៅលើ Instagram ដែលមានមនុស្សជាង 2.1 លាននាក់។ គាត់តិចជាង Iniesta ដែលជាកំពូលតារាអេស្ប៉ាញដែលកំពុងពាក់អាវរបស់ក្លិប Vissel Koke ។ នោះបង្ហាញថា ខ្សែបម្រើថៃបានសាងគុណផលនៅប្រទេសជប៉ុន។ រូបគេបានបង្ហាញពីកម្រិតរបស់ខ្លួនដោយផ្លាស់ប្តូរទម្រង់លេងអំពីកម្រិតកីឡាករថៃក្នុងការប្រកួតលីគកំពូលនៅប្រទេសជប៉ុន។
សំខាន់ជោគជ័យរបស់ Chanathip Songkrasin បានជំរុញចិត្តកីឡាករថៃផ្សេងទៀតឲ្យតាំងចិត្តរកជើងខ្លាំងពេលចេញទៅក្រៅប្រទេស។ រូបគេធ្លាប់បាននិយាយថា៖ “នៅ AFF Cup មានកីឡាករថៃជាច្រើនបានសួរខ្ញុំអំពី J.League។ ខ្ញុំបានចែករំលែកជាមួយពួកគេថា វាជាការប្រកួតដ៏មានការប្រកួតប្រជែងខ្លាំង ជាមួយនឹងល្បឿនលឿនជាង Thai League ខ្ញុំណែនាំពួកគេប្រសិនបើមានឱកាសទៅ។ ទៅលេងនៅបរទេស បង្កើនកម្រិតដើម្បីអាចជួយបាល់ទាត់ថៃឱ្យឡើងដល់កម្ពស់ថ្មីនៅអាស៊ី»។
មេរៀនសម្រាប់ សៀង ចន្ធា និង លឹម ពិសុទ្ធ
សៀង ចន្ធា(អាយុ ១៩ ឆ្នាំ) និងលឹម ពិសុទ្ធ ត្រូវបានគេចាត់ទុកថាជាកីឡាករវ័យក្មេងល្អបំផុតរបស់បាល់ទាត់កម្ពុជានៅពេលនេះ។ កីឡាករទាំងពីនាក់នេះនិងកីឡាករកម្ពុជាដទៃទៀតអាចយកដំណើរនៃការប្រកបអាជីពរបស់ Messi ទៅអនុវត្ត។ ការបង្ហាញទម្រង់លេងលេចធ្លោក្នុងលីគកំពូលកម្ពុជា ការក្លាយជាកីឡាករសំខាន់មិនអាចខ្វះបានរបស់ម្រើសជាតិជាតិសឹងគ្រប់ឈុតមិនទាន់គ្រប់គ្រាន់ទេ។ ពួកគេត្រូវការប្រកួតប្រជែងខ្លាំងថែមទៀត ។ចន្ធាធ្លាប់បាននិយាយថារូបគេមានគោលបំណងលេងនៅជប៉ុន មុនពេលផ្ទេរទៅលេងនៅ FC Barcelona ។ លឹម ពិសុទ្ធ បន្ទាប់ពីបង្ហាញខ្លួនឱ្យជម្រើសជាតិក្នុងទល់និងជម្រើសជាតិអ៊ីរ៉ាក់ អ៊ីរ៉ង់ក្នុងវគ្គជម្រុះ World Cup ជុំទី២ មានអ្នកជំនាញបាល់ទាត់ជាច្រើនក្នុងប្រទេសកម្ពុជាដូចជា លោក ភា សុភ័ត្រាគ្រូជំនួយជម្រើសជាតិកម្ពុជា អតីតគ្រូជំនួយជម្រើសជាតិលោក ប៊ួយ ដារី និងអ្នកជំនាញជាច្រើនទៀត សុទ្ធតែបង្ហាញការកោតសរសើរអំពីទេពកោសល្យរបស់ពួកគេទាំងពីរ។
ពិតណាស់! ទាំងនេះមិនគ្រប់គ្រាន់ទេ ពួកគេត្រូវការប្រឹងបន្ថែមទៀត។ ពួគគេនៅមានវ័យក្មេងនៅឡើយ ត្រូវការក្របជញ្ជក់ការបង្ហាញខ្លួនក្នុងលីគកម្ពុជា ពិសេសនៅពេលដែលកម្ពុជាបានកែប្រែមុខមាត់លីគថ្មីក្រុមកការដឹកនាំរបស់ក្រុមហ៊ុនលីគ។ ពួកគេត្រូវការបង្ហាញខ្លួននិងលេងក្នុងស្រុកយ៉ាងហោចណាស់ ៣ ទៅ៤ឆ្នាំទៀត រក្សាគុណផលលេង ពង្រឹងសមត្ថភាព បើមាឱកាសចាកចេញទៅលេងក្នុងលីគណាមួយដែលមានកម្រិតខ្ពស់ជាងកម្ពុជាក្នុងតំបន់ ដូចជាថៃ ម៉ាឡេស៊ី សិង្ហបុរី…គឺជាឱកាសកសាងសមត្ថភាព និងជាខ្សែយោងសម្រាប់គោលដៅរបស់ខ្លួនដេលចង់ទៅលេងនៅជប៉ុនហើយ។
ដំណើនៃអាជីពបាល់ទាត់ វាមិនឈប់ត្រឹមហ្នឹងទេ។ សម្រាប់ពួកគេទាំងពីរនិងកីឡាករវ័យក្មេងដទៃទៀត មិនទាន់មានសញ្ញាណាមួយនឹងចេញទៅក្រៅប្រទេសក្នុងពេលឆាប់ៗនេះទេ។ សម្រាប់ ចន្ធាធ្លាប់មានក្លិបជប៉ុនចង់បានកាលពីឆ្នាំមុន ខណៈដែល លឹម ពិសុទ្ធក៏មិនទាន់តម្រុយអ្វីដែរ។ ជាក់ស្តែង ការជ្រើសរើសបរិយាកាសឱ្យបានត្រឹមត្រូវក្នុងការចេញទៅក្រៅប្រទេសនៅតែជាបញ្ហាសម្រាប់កីឡាករកម្ពុជា។
មានកីឡាករកម្ពុជាមួយចំនួនមិនអាចស្នាក់នៅក្នុងក្លឹបដែលមិនសូវស្គាល់នៅជប៉ុន ម៉ាឡេស៊ី ថៃ តែម្នាក់ឯង។ ក្រុមជាច្រើននៅក្នុងលីគកំពូលកម្ពុជាខ្លួនឯង អ្នកគ្រប់គ្រងមិនទាន់ត្រៀមខ្លួនលក់កីឡាករល្អរបស់ពួកគេ ទៅក្រុមនៅក្រៅប្រទេសទេ។ សូម្បីតែកិច្ចសន្យាខ្ចីជើងដែលគ្រាន់តែជួយឱ្យកីឡាករឱ្យប្រសើរឡើងនូវប្រាក់ចំណូលក៏មិនទាន់មានដែរ។ មានកីឡាករកម្ពុជាជាច្រើនបង្ហាញបំណងលេងនៅក្រៅប្រទេស ហើយក៏មានកីឡាករកម្ពុជាមួយចំនួនក្នុងសម័យបាល់ទាត់ទំនើបនេះបានលេងនៅក្រៅដែដូចជា ចាន់ វឌ្ឍនាកា ធារី ចន្ថាប៊ីន កែវ សុខផេង…។
បទពិសោធន៍របស់រៀបច្បងទាំងនេះគឺជាអ្វីដែល សៀង ចន្ធា និងលឹម ពិសុទ្ធត្រូវតែមើលនិងធ្វើការផ្លាស់ប្តូរ។ ព្រោះពួកគេតំណាងឱ្យបច្ចុប្បន្ន និងអនាគតរបស់ក្រុមជម្រើសជាតិកម្ពុជា។ ពួកគេត្រូវជ្រើសរើសក្រុមសមស្របមួយដែលពួកគេអាចលេង បង្កើតកន្លែងឈរជើង និងបើកផ្លូវរឹងមាំសម្រាប់សហការីរបស់ពួកគេដើរតាម។ លុះត្រាតែមានកីឡាករកម្ពុជាច្រើនដែលអាចធ្វើបានដូច Chanathip នោះក្រុមកម្ពុជានឹងគិតយ៉ាងក្លាហានអំពីការប្រកួតបាល់ទាត់ពិភពលោក។ សម្រាប់ពេលនេះ វានៅតែជាសុបិនឆ្ងាយណាស់ ឆ្ងាយដូចជើងមេឃ។