អ្នកចាត់ការទូទៅរបស់ក្លិបភ្នំពេញក្រោន លោក កែវ សុខង៉នបានផ្ដល់បទសម្ភាសន៍ផ្ដាច់មុខដល់គេហទំព័រ B8 Sport កាលពីថ្ងៃ ទី ០៩ ខែ មករា ឆ្នាំ ២០២២ អំពីស្ថានភាពនៃការរៀបចំក្រុម ត្រៀមសម្រាប់រដូវកាលថ្មីនៃពានរង្វាន់ Cambodian Premier League 2022 ពានរង្វាន់ AFC Cup 2022 និងស្ថានភាពនៃការទិញដូចកីឡាកររដូវកាលថ្មីនេះ។
-B8 Sport: ទាក់ទងនឹងការរៀបចំក្រុមសម្រាប់រដូវកាលថ្មីនេះក៏ដូចជា AFC Cup 2020 ភ្នំពេញក្រោនឈានដល់កម្រិតណាហើយបង?
-លោក កែវ សុខង៉ន៖ «សម្រាប់ AFC Cup 2022 ភ្នំពេញក្រោនចាប់ផ្ដើមហ្វឹកហាត់ប្រមូលផ្ដុំ និងចូលរួមហ្វឹកហាត់ជាមួយគ្រូឡើងវិញនៅខែ១នេះ ខ្ញុំឃើញថា ទាំងគ្រូ ទាំងថ្នាក់ដឹកនាំ ទាំងប្រធាន និងកីឡាករដូចគ្នា មានស្មារតីតាំងចិត្ត ហើយការរៀបចំរបស់យើងរដូវកាលថ្មីនេះ យើងផ្ដោតទៅលើបីដែលសំខាន់គឺពាន Cambodian Premier League, ពានរង្វាន់សម្ដេចតេជោ ហើយនិងពិសេសជាងនេះ គឺពានរង្វាន់អន្តរជាតិ AFC Cup។ យើងដឹងហើយ! មានបណ្ដាប្រទេសប្រកួតប្រជែងច្រើនមែនទែន។»
«ការរៀបចំសម្រាប់ AFC Cup នេះគឺយើងដាក់គោលដៅមុះមុតថា នឹងព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីបង្ហាញពីការតាំងចិត្ត ភាពខ្លាំងក្លារបស់យើង ក្នុងឆាកអន្តរជាតិផងដែរ ។ យើងបានបន្ថែមរចនាសម្ព័ន្ធថ្មីមួយចំនួន ដូចជាកីឡាករថ្មី ហើយក្នុងពេលឆាប់ៗខាងមុខនេះយើងបង្ហាញកីឡាករថ្មីៗ ដើម្បីបង្ហាញពីសក្ដានុពលរបស់យើងលើឆាកអន្តរជាតិ“។»
-B8 Sport: ទាក់ទងទៅនឹងកីឡាករបរទេសនាំចូល សម្រាប់រដូវកាលថ្មី ក្រោនមានចាប់អារម្មណ៍កីឡាករណាខ្លះហើយ? សញ្ជាតិមួយណា ហើយដំណើរការកុងត្រាដល់ណាហើយ?
-លោក កែវ សុខង៉ន៖ «សម្រាប់រដូវកាលថ្មីនេះ ក្រុមខ្ញុ់ំផ្ទាល់ភ្នំពេញក្រោន យើងកំពុងតែចែចូវកីឡាករក្រៅស្រុក។ ដូចបងដឹងស្រាប់ហើយ! យើងពិបាកមែនទែនដោយសារបញ្ហាកូវីដ និងបញ្ហាធ្វើដំណើរគឺរកាំរកូសមែនទែន។ យើងមានទំនាក់ទំនងកីឡាករក្រៅប្រទេសដែរ គឺខ្សែប្រយុទ្ធមួយដែលមានភាពរហ័សរហួនមុតស្រួច ហើយគាត់ជាកម្លាំងស្នូលដែលយើងត្រូវការផងដែរ។ បច្ចុប្បន្នភាពនេះយើងកំពុងតែធ្វើការជាគ្រូបង្គោលរបស់យើង លោក Oleg ប៉ុន្តែស្ថានភាពនេះ យើងតែងតែមានទំនាក់ទំនងជាមួយកីឡាករនៅក្រៅស្រុក។ យើងមានជម្រើសច្រើន ប៉ុន្តែបញ្ហាហ្នឹងគឺការធ្វើដំណើរ ហើយបណ្ដាប្រទេសមួយចំនួន មានការផ្ទុះកូវីដ អញ្ចឹងហើយវាពិបាកសម្រាប់យើងមែនទែន។»
-B8 Sport: តើបងអាចបញ្ជាក់មូលហេតុបន្តកុងត្រាឱ្យកីឡាករខ្មែរជាច្រើនក្នុងរដូវកាលនេះបានទេ?
-លោក កែវ សុខង៉ន៖« យើងបន្តកុងត្រាថ្មីជាមួយកីឡាកររបស់យើង ព្រោះពួកគេជាកីឡាករស្នូលរបស់យើងផងដែរ។ គាត់ជាយុវជនរបស់យើងពីកន្លងមកដែលយើងបណ្ដុះបណ្ដាលពួកគាត់តាំងពីនៅវ័យក្មេង ហើយជាការពិតណាស់! ពួកគាត់ដូចជាក្រុមគ្រួសារមួយរបស់ភ្នំពេញក្រោនទៅហើយ ពីព្រោះអី! នេះជាការគោរព ការវិវដ្តរបស់គាត់ដែលសាងសមិទ្ធផលឈ្នះជើងឯករដូវកាលមុន ដែលយើងឈ្នះបាន៦ដង ហើយពេលនេះឡើងមក៧ដងច្រើនជាងគេសម្រាប់ពានលីគ»។
«មូលហេតុបន្ថែមទៀតគឺយើងចង់ឱ្យគាត់មានភាពកក់ក្ដៅ ដូចជាស្ថានភាពនៅភ្នំពេញក្រោន ក៏ដូចជាស្ថានភាពគ្រួសារផ្ទាល់ខ្លួនរបស់គាត់ ដូចជាគ្រួសារតែមួយទៅហើយ ជាកន្លែងកំណើតទៅ២ ដូចជាផ្ទះទី២របស់ពួកគាត់ទៅហើយ។ នេះឱកាសមួយដែលផ្ដល់ឱ្យគាត់មានភាពកក់ក្ដៅ សម្រាប់រដូវកាលថ្មី ពីព្រោះរដូវកាលនេះមានសភាពតឹងតែងមែនទែន ដែលលីគមានតែ៨ក្រុមហើយសុទ្ធតែមានសមត្ថភាពប្រហាក់ប្រហែលគ្នា អញ្ចឹងទៅយើងបន្តកុងត្រា ពួកគាត់ក៏សប្បាយចិត្ត រួមរស់ជាមួយយើង មានភាពកក់ក្ដៅយ៉ាងខ្លាំង»។
-B8 Sport៖ ភ្នំពេញក្រោនមានគម្រោងនាំចូលកីឡាករអាស៊ានទេសម្រាប់រដូវកាលថ្មីនេះ?
-លោក កែវ សុខង៉ន៖« ជាក់ស្ដែង! យើងកំពុងតែជជែក និងចចារផងដែរ។ យើងកំពុងតែគិតថា បើយើងយកកីឡាករអាស៊ានមកចូលរួម តើកីឡាករក្នុងស្រុកត្រូវបង្ហាញសមត្ថភាពបានកម្រិតណាសិន។ យើងគិតថាវាពិតជាល្អដែរ ដែលកូតាថ្មីនេះ យើងដាក់កីឡាករអាស៊ានបានម្នាក់ផងដែរ។ ខ្ញុំគិតថាជម្រើសនេះពិតជាល្អសម្រាប់ទីផ្សារអាស៊ាន ហើយវាអាចជួយកីឡាករអាស៊ាន និងកីឡាករខ្មែរយើង មានឱកាសប្រឡូក ប្រកបអាជីព ហើយពិតជាល្អសម្រាប់កីឡាករទូទៅក្នុងតំបន់អាស៊ានរបស់យើង។ សម្រាប់ភ្នំពេញក្រោន យើងកំពុងពិចារណា ហើយវាពិបាកមែនទែន។ ឥឡូវនេះកូតារបស់លីគថ្មី និងសហព័ន្ធ ពិសេសលីគឯកជនដែលគេរៀបចំ តម្រូវឱ្យកីឡាករមានយុវជនអាយុក្រោម២២ឆ្នាំលេងចំនួន២នាក់ ហើយបើយើងក្រឡេកមើលទៅ ពិតជាពិបាកមែនទែន ក្នុងការដាក់បញ្ចូលកីឡាករផ្សេងៗទៀត ហើយការបង្ហាញ១១នាក់ដំបូង យើងខាតបាត់ទៅហើយ ដោយសារយើងដាក់កីឡាករបរទេស៤នាក់ អ្នកចាំទី ថែមទាំងយុវជន២នាក់ទៀត វាឡើង៧នាក់។ អញ្ចឹងវាពិតជាពិបាកសម្រាប់ភ្នំពេញក្រោន។ តាមពិតទៅមិនមែនតែយើងទេ គ្រប់បណ្ដាក្លិបដទៃទៀតក៏ជួបបញ្ហានេះដែរ»។
«ជាពិសេស! យើងរឹតតែពិបាក ដោយសារកីឡាករធម្មតា មានជម្រើសតិច ហើយកីឡាករមិនសូវជាសប្បាយចិត្តប៉ុន្មានទេ ដែលមានឱកាសក្នុងការបង្ហាញតិច។ កីឡាករធម្មតាដែលគាត់ចង់បង្ហាញគ្រប់ការប្រកួត គាត់ចង់លេង គាត់ខិតខំប្រឹងប្រែង ប៉ុន្តែដោយសារយើងឃើញជាក់ស្ដែងជម្រើសនេះគឺពិបាកក្នុងការយកតំណែង១១នាក់»។
តាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា Cambodian Premier League 2022 ចាប់ផ្ដើមនៅដើមខែមីនា ឆ្នាំ២០២២ ខណៈដែលការចាប់ឆ្នោតពានរង្វាន់ AFC Cup 2022 នឹងចាប់ឆ្នោតនៅថ្ងៃទី១៧ខែមករាខាងមុខ ស្របពេលភ្នំពេញក្រោនឈរនៅ Pot 3៕