លោក Louis van Gaal បានទម្លាយឲ្យដឹងថា លោកកំពុងតែមានជំងឺមហារីកក្រពេញប្រូស្តាត។
អតីតអ្នកចាត់ការទូទៅរបស់ Manchester United ខាងលើកំពុងតែមានតួនាទីជាគ្រូបង្គោលក្រុមជម្រើសជាតិហូល្លង់ ដែលនឹងត្រៀមចូលរួមការប្រកួតព្រឹត្តិការណ៍ World Cup ចុងឆ្នាំនេះ ខណៈ ចំពោះជំងឺរបស់លោក មិនបានប្រាប់ដល់កូនក្រុមឲ្យបានដឹងឡើយ។
លោក Van Gaal បាននិយាយថា៖«ខ្ញុំគិតថាពួកគេមិនចាំបាច់ដឹងឡើយ ពីព្រោះវាអាចជះឥទ្ធិពលដល់ការសម្រេចចិត្តរបស់គេ។ ៩០ភាគរយ អ្នកមិនអាចស្លាប់ដោយសារជំងឺមហារីកក្រពេញប្រូស្តាតបានឡើយ។ ខ្ញុំទទួលបានការបាញ់កាំរស្មីរយៈពេល២៥ដងហើយ។ ខ្ញុំត្រូវបានអនុញ្ញាតឲ្យចូលមកកាន់មន្ទីរពេទ្យតាមទ្វារក្រោយ និង បញ្ជូនទៅកាន់បន្ទប់ផ្សេង។ ខ្ញុំទទួលបានការព្យាបាលយ៉ាងពិសេស»៕