

(English) ខ្សែបម្រើ Mason Mount របស់ក្លិបបិសាចក្រហម Manchester United បានវិលត្រលប់មកជំរំហ្វឹកហាត់វិញហើយ មុនពេលការប្រកួតជើងទី ២ វគ្គ ១៦ ក្រុមចុងក្រោយ នៃពានរង្វាន់លំដាប់ទី ២ របស់ទ្វីបអឺរ៉ុប Europa League ជាមួយនឹងក្រុម Real Sociedad នៅឯកីទ្បដ្ឋាន Old Trafford នារាត្រីថ្ងៃព្រហស្បតិ៍។
Mason Mount ចូលរួមជាមួយនឹង United ពី Chelsea ក្នុងតម្លៃផ្ទេរ ៥៥ លានផោន បានរងរបួសជាលើកទី ២។ នារដូវកាលនេះ Mason Mount លេងឱ្យ United បាន ៤ ប្រកួតប៉ុណ្ណោះនៅក្នុងលីគ ហើយរូបគេបានខកខានលេងឱ្យក្រុមចាប់តាំងពីរបួសសរសៃពួរ នៅពេលលេងជាមួយនឹង Manchester City កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ។
ក្រៅពី Mason Mount វិលត្រលប់មកហ្វឹកហាត់វិញក៏មាន Manuel Ugarte ផងដែរ បន្ទាប់ពីអវត្តមាន ២ ប្រកួតជាមួយនឹងក្រុមកន្លងទៅ។ ទោះជាយ៉ាងណាក៏ដោយ ខ្សែការពារ Harry Maguire និង Leny Yoro ទាំងពីរនាក់មិនត្រូវបានឃើញនៅជំរំហ្វឹកហាត់ទ្បើយ។
គួរជម្រាបថា សម្រាប់ United ត្រូវការឈ្នះពាន Europa League ដើម្បីមានសិទ្ធិទៅលេង UCL នារដូវកាលក្រោយ៕
ប្រភព៖ BBC