(English) ក្លិបមេឃខៀវ Manchester City និងតខៀវ Chelsea អាចនឹងទទួលបានប្រាក់រង្វាន់រហូតដល់ ៩៧ លានផោន (១២៥ លានដុល្លារ) ពីព្រឹត្តិការណ៍ FIFA Club World Cup នៅសហរដ្ឋអាម៉េរិក ដែលរៀបចំទ្បើងដោយសហព័ន្ធបាល់ទាត់ពិភពលោក FIFA ។ កញ្ចប់ទឹកប្រាក់ ៧៧៥ លានផោន ដែល FIFA បានត្រៀមក្នុងនោះដែរមានចំនួន ៤០៧លានផោន សម្រាប់បែងចែកជូនដល់បណ្តាក្លិបទាំង ៣២ ក្រុមដែលចូលរូម និង៣៦៨ លានផោនផ្សេងទៀត ដើម្បីជាប្រាក់រង្វាន់ និងរៀបចំការប្រកួត។
វាក៏ជាចំនួនទឹកប្រាក់ដ៏ច្រើនដែលមិនធ្លាប់មាន ដើម្បីចំណាយលើការប្រកួតខាងលើ បើប្រៀបធៀបទៅនឹងប្រាក់រង្វាន់នៅ Premier League រដូវកាលមុន ទទួលបានតែ ១៧៥លានផោន ម្រាប់មេឃខៀវ Man City ដែលជាម្ចាស់ជើងឯក និង Sheffield United ដែលជាក្រុមបញ្ចប់ចំណាត់ថ្នាក់បាតតារាងទទួលបាន ១០៩.៧ លានផោន។
ប្រាក់រង្វាន់សម្រាប់ការចូលរួមគឺត្រូវបានថ្លឹងថ្លែងដោយចំណាត់ថ្នាក់ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យកីឡា និងពាណិជ្ជកម្ម មានន័យថាក្លិបនៅអឺរ៉ុប នឹងរកប្រាក់ចំណូលបានច្រើនជាងក្រុមមកពីទ្វីបផ្សេងទៀត។ មានន័យថា ប្រាក់រង្វាន់ខាងលើនេះពុំមានភាពស្មើគ្នានោះទេ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ FIFA Club World Cup នឹងធ្វើទ្បើងនៅសហរដ្ឋអាម៉េរិក ចន្លោះពីថ្ងៃទី ១៥ ខែមិថុនា ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ៕
ប្រភព៖ BBC