

(English) គ្រូបង្វឹករបស់ក្លិប Tiffy Army FC លោក ភា សុភ័ក្ត្រា ចង់ឱ្យសហព័ន្ធកីទ្បាបាល់ទាត់កម្ពុជា FFC ធ្វើការរៀបចំវគ្គសិក្សាអាជ្ញាប័ណ្ណកម្រិតខ្ពស់ (Pro Licence) សម្រាប់ការអភិវឌ្ឍន៍ និងបណ្តុះបណ្តាលសមត្ថភាពលើគ្រូបង្វឹកនៅកម្ពុជាបន្ថែតទៀត នាថ្ងៃអនាគត។
ជាការពិតណាស់ បច្ចុប្បន្ននេះ សម្រាប់គ្រូបង្វឹកនៅកម្ពុជា ភាគច្រើនគឺកាន់អាជ្ញាប័ណ្ណកម្រិត A-Licence ដូចជាគ្រូបង្វឹកលោក ភា សុភ័ក្ត្រា (Tiffy Army FC) , ឃឹម បូរី (ណាហ្គាវើលដ៍), ទុំ សារ៉ាយ (អាយអេសអាយ ដង្កោសែនជ័យ), និង ស៊ុំ វណ្ណា (សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ) ដែលកំពុងដឹកនាំក្រុមនៅលីគកំពូលកម្ពុជា Cambodia Premier League រដូវកាល ២០២៤-២៥ ។ នៅកម្ពុជា សម្រាប់គ្រូបង្វឹកជនជាតិខ្មែរ មានតែលោក ប្រាក់ សុវណ្ណារ៉ា ប៉ុណ្ណោះដែលកាន់អាជ្ញាប័ណ្ណកម្រិតខ្ពស់ Pro Licence ហើយបច្ចុប្បន្នលោកកំពុងតែទំនេរពីការងារជាគ្រូបង្វឹក បន្ទាប់ពីចែកផ្លូវគ្នាជាមួយនឹងក្លិប Life FC កាលពីខែតុលា ឆ្នាំ២០២៤ កន្លងទៅ ។
យ៉ាងណា ទាក់ទងនឹងរឿងខាងលើនេះ លោក ភា សុភ័ក្ត្រា បានថ្លៃងប្រាប់មកកាន់គេហទំព័រកីទ្បា PSB Sport News តាមរយៈសារអេលិចត្រនិចថា៖ «ខ្ញុំចង់ស្នើសុំឱ្យ FFC រៀបចំវគ្គសិក្សាអាជ្ញាប័ណ្ណកម្រិតខ្ពស់ Pro Licence ដូចទៅនឹងប្រទេសទ្បាវ ដែលអាចបើកវគ្គសិក្សានេះបាន។ ពួកយើងគួរតែធ្វើវាដូចគ្នា ដោយសារ គ្រូៗខ្មែរភាគច្រើនគឺសុទ្ធសឹងតែកាន់អាជ្ញាប័ណ្ណកម្រិត A-Licence យ៉ាងហោចណាស់ក៏លើស ៣០ ជាងនាក់ផងដែរ។ មានន័យថាការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់សហព័ន្ធផ្សេងៗនាថ្ងៃអនាគត សម្រាប់បាល់ទាត់នៅកម្ពុជាFFC គួរតែគិតអំពីការអភិវឌ្ឍន៍ និងបណ្តុះបណ្តាលសមត្ថភាពលើគ្រូៗនៅកម្ពុជាបន្ថែមទៀត នាថ្ងៃអនាគត»។
លោកបន្តទៀតថា៖ «ខ្ញុំចង់ឱ្យ FFC គិតអំពីការអភិឌ្ឍន៍ បណ្តុះបណ្តាលធនធានគ្រូបង្វឹកបន្ថែមលើសមត្ថភាពទៅដល់កម្រិត Pro Licence ។ បើនិយាយអំពីការចំណាយក្នុងការសិក្សាវគ្គខាងលើនៅក្រៅប្រទេសវិញ គឺក៏ចំណាយជាង ២ ម៉ឺនដុល្លារផងដែរ។ វាមិនមែនជារឿងងាយស្រួលទេក្នុងការមានឱកាសចុះឈ្មោះចូលរៀន សម្រាប់គ្រូក្រៅប្រទេស។ ដូច្នេះហើយ ឱកាសរៀនមានតិចតួចថែមទាំងចំណាយថ្លៃទៀតផង។ បើ FFC មានគំនិតក្នុងការជួយអភិវឌ្ឍន៍លើសមត្ថភាព គឺវាជារឿងដ៏ប្រសើរដែលគ្រូៗបានរៀននៅក្នុងស្រុក និងមានការប្រកួតប្រជែងបន្ថែមទៀត សម្រាប់បាល់ទាត់នៅកម្ពុជា។ ខ្ញុំចង់បានន័យថាមិនមែនចង់សំដៅរៀននៅក្រៅស្រុកទេ គឺចង់ឱ្យដូចប្រទេសទ្បាវ ដែលបង្កើតវគ្គសិក្សានេះក្នុងប្រទេសពួកគេ។ នៅឥណ្ឌូនេស៊ី វៀតណាម ម៉ាឡេស៊ី សឹង្ហបុរី និងថៃ គឺពួកគេបានបង្កើតអស់ហើយ សម្រាប់វគ្គសិក្សានេះ បើនិយាយពីគ្រូបង្វឹកកាន់អាជ្ញាប័ណ្ណកម្រិតខ្ពស់នេះទ្បើងសុទ្ធតែ ៥០ ឬ ៦០ នាក់ហើយ ប្រទេសខ្លះក៏រាប់រយនាក់ ហើយនៅខ្មែរមានតែ ១ ប៉ុណ្ណោះ ស្របពេលទ្បាវកំពុងតែធ្វើទៀត។ ដូច្នេះហើយ ពួកយើងគួរតែធ្វើរឿងនេះដូចគ្នា»។
គួរបញ្ជាក់ថា សម្រាប់ក្រុម Tiffy Army FC ត្រូវប៉ះគ្នាជាមួយនឹងគិរីវង់សុខសែនជ័យ សម្រាប់ការប្រកួតលីគកំពូលកម្ពុជា Cambodia Premier League សប្តាហ៍ទី ២៥ រដូវកាល ២០២៤-២៥ នាវេលាម៉ោង ១៨:០០ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ ៕