

(English)
កីទ្បាករ Serginho និង Oscar Marito ត្រូវបានផ្តល់នូវសញ្ជាតិចិន ដើម្បីចូលរួមពង្រឹងក្រុមរបស់ក្រុមជម្រើសជាតិ សម្រាប់ការប្រកួតជម្រុះ World Cup ឆ្នាំ ២០២៦ ជុំទី ៣ តំបន់អាស៊ី នាខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ។ ខ្សែប្រយុទ្ធ Serginho មានសញ្ជាតិដើមប្រេស៊ីលវ័យ ២៩ ឆ្នាំមានកម្ពស់ ១៨០ cm កំពុងតែប្រកបអាជីពលេងឱ្យក្លិប Beijing Guoan ធ្លាប់មានបទពិសោធន៍ជាច្រើនលេងឱ្យ Kashima Antlers ដែលជាក្លិបដ៏ល្បីល្បាញនៅ J-League 1 របស់ប្រទេសជប៉ុន។ រូបគេបានផ្លាស់មកកាន់ប្រទេសចិនក្នុងឆ្នាំ ២០២០ ដោយលេងឱ្យក្រុម Changchun Yatai មុនពេលលេងឱ្យ Beijing Guoan ក្នុងឆ្នាំ ២០២៥ ដែលធ្វើឱ្យរូបគេទទួលបានលក្ខខណ្ឌគ្រប់គ្រាន់ ៥ ឆ្នាំដើម្បីទទួលបានសញ្ជាតិចិន។
Serginho បានបង្ហាញឱ្យក្រុមនៅលីគកំពូលចិន (Changchun Yatai និង Beijing Guoan) ៨១ ប្រកួតរកបាន ២៤ គ្រាប់ និងបញ្ចូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី ១៦ ដង ហើយនៅក្នុងលីគ China League One រូបគេបានបង្ហាញខ្លួន ១០ ប្រកួតរកបាន ១០ គ្រាប់ និងបញ្ចូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី ៤ ដង។ ដោយទ្បែក សម្រាប់ខ្សែប្រយុទ្ធ Oscar Maritou មានសញ្ជាតិដើមកុងហ្គោវ័យ ២៥ ឆ្នាំមានកម្ពស់ ១៨២ cm កំពុងតែប្រកបអាជីពលេងឱ្យក្លិប Yunnan Yukun ដែលរូបគេបានលេងឱ្យក្រុមជាច្រើននៅលីគកំពូលចិនចាប់តាំងពីឆ្នាំ ២០១៨ មកម្ល៉េះ ដូចជា Yanbian Funde, Shaanxi Chang’an Athletic និង Cangzhou Mighty Lions ជាដើម។ Maritou បានបង្ហាញខ្លួននៅលីគកំពូលចិន ១៥៩ ប្រកួតរកបាន ៦៤ គ្រាប់ និងបញ្ចូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី ២៧ ដង។
គួរបញ្ជាក់ថា សម្រាប់ក្រុមជម្រើសជាតិចិន បច្ចុប្បន្នពួកគេកំពុងឈរនៅលេខរៀងទី៦ ក្នុងពូល C នៃវគ្គជម្រុះ World Cup ឆ្នាំ២០២៦ ជុំទី ៣ ខណៈដែលការប្រកួតទី ៧ ពួកគេនឹងត្រូវប៉ះគ្នាជាមួយអារ៉ាប៊ីសាអូឌីត នាថ្ងៃទី០៨ មុនពេលប្រកួតទី ៨ ប៉ះគ្នាជាមួយអូស្ត្រាលី នៅក្នុងដី នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ៕
ប្រភព៖ Ball Thai