

(English) ថ្មីៗនេះប្រទេសអាស៊ីកណ្តាលចំនួន ៣ រួមមាន៖ អ៊ូសបេគីស្ថាន កៀហ្ស៊ីស៊ីស្ថាន និងតាហ្ស៊ីគីស្ថាន បានចូលរួមដេញថ្លៃធ្វើជាម្ចាស់ផ្ទះរួមគ្នា សម្រាប់ព្រឹត្តិការណ៏បាល់ទាត់ទ្វីបអាស៊ី AFC Asian Cup ឆ្នាំ ២០៣១ ហើយបានដាក់សំណើដេញថ្លៃទៅ AFC ដើម្បីពិចារណា។ ការដេញថ្លៃធ្វើជាម្ចាស់ផ្ទះ នៃពានរង្វាន់ខាងលើនេះ នៅតែមិនទាន់មានម្ចាស់ផ្ទះរៀបចំការប្រកួតនៅទ្បើយ ស្របពេលស្ថិតនៅក្នុងដំណាក់ការដែល AFC ឬសហព័ន្ធកីទ្បាបាល់ទាត់អាស៊ី កំពុងតែពិចារណាស្វែងរកម្ចាស់ផ្ទះបានដាក់សំណើដេញថ្លៃដើម្បីស្នើសុំរៀបចំការប្រកួតបន្ទាប់ពីអារ៉ាប៊ីសាអូឌីតនៅឆ្នាំ ២០២៧។
រំលឹកថា ពីមុនមានប្រទេសចំនួន ៣ ដែលបានដាក់សំណើដេញថ្លៃធ្វើជាម្ចាស់ផ្ទះគឺ ឥណ្ឌូនេស៊ី គុយវ៉ែត និងអារ៉ាប់រួម (ដែលជាម្ចាស់ផ្ទះក្នុងឆ្នាំ ២០១៩)។
គួរបញ្ជាក់ថា ពានរង្វាន់ AFC Asian Cup ត្រូវបានប្រារព្ធឡើងជាលើកដំបូងក្នុងឆ្នាំ ១៩៥៦ ហើយបានធ្វើឡើងចំនួន ១៨ ដងគិតត្រឹមឆ្នាំ ២០២៣ ។ ក្រុមដែលបានឈ្នះការប្រកួតច្រើនជាងគេគឺ ជប៉ុន (៤ ដង) អារ៉ាប៊ីសាអូឌីត (៣ ដង) អ៊ីរ៉ង់ (៣ ដង) កូរ៉េខាងត្បូង (២ ដង) កាតា (២ ដង) អ៊ីស្រាអែល (១ ដង) គុយវ៉ែត (១ ដង) អូស្ត្រាលី (១ ដង) និងអ៊ីរ៉ាក់ (១ដង) ផងដែរ ៕
ប្រភព៖ Ball Thai