

(English)
ក្លិបព្រះខ័នរាជស្វាយរៀង ត្រូវការតែ ៣ ពិន្ទុទៀតប៉ុណ្ណោះ ក្នុងចំណោម ៣ ប្រកួតដែលនៅសល់ បន្ទាប់ពីពួកគេបានយកឈ្នះលើអង្គរថាហ្គឺរ ៦-១ ស្របពេលភ្នំពេញក្រោន ចាញ់បឹងកេត ៤-៣ កាលពីយប់មិញ។ លទ្ធផលបែបនេះបានធ្វើឱ្យក្រុមលោក Pep Muñoz មាន ៧០ ពិន្ទុ នាំមុខកំពូលតារាង Cambodia Premier League 2024-25 បន្ទាប់ពីឆ្លងកាត់ ២៧ ប្រកួតមកនេះ ស្របពេលភ្នំពេញក្រោន ដែលឈរលេខ ២ មាន ៦៣ពិន្ទុ លេង ២៧ប្រកួតដូចគ្នា។
មានន័យថា ព្រះខ័នរាជស្វាយរៀង ដែលបានគ្រងជើងឯកលីគកំពូលកម្ពុជា កាលពីឆ្នាំមុន ត្រូវការតែ ៣ ពិន្ទុទៀតប៉ុណ្ណោះ ដើម្បីលើកពានលីគ ក្នុងរដូវកាលទី ២ របស់លោក Pep Muñoz ក៏ដូចជា ២ ឆ្នាំជាប់ៗគ្នា និងជាលើកទី ៤ ក្នុងប្រវត្តិសាស្រ្តក្លិប ផងដែរ។ ម្ចាស់ជើងឯកលីគ ៣ សម័យកាល ព្រះខ័នរាជស្វាយរៀង នឹងត្រូវប្រកាសជើងឯក Cambodia Premier League រដូវកាលនេះតែម្តង ប្រសិនបើឈ្នះណាហ្គាវើលដ៍ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅឯកីទ្បដ្ឋានខេត្តស្វាយរៀងរបស់ខ្លួន៕