(English) ខ្សែប្រយុទ្ធ Erling Haaland និង Manchester City បានបន្តកិច្ចសហប្រតិបត្តិការរបស់ពួកគេរយៈពេលជិត១០ឆ្នាំបន្ថែមទៀតរហូតដល់រដូវក្តៅឆ្នាំ២០៣៤ ។ គេហទំព័រ Capology បានបង្ហាញលម្អិតពីប្រាក់ចំណូលដែល Haaland នឹងទទួលបានក្រោមកិច្ចសន្យាថ្មីរបស់គេ។ ប្រាក់ខែប្រចាំសប្តាហ៍របស់រូបគេនឹងមានចំនួនជាង ៦៤ ម៉ឺនដុល្លារ ហើយប្រាក់ខែប្រចាំឆ្នាំនឹងឡើងដល់ជាង ៣៣ លានដុល្លារ។ ប្រភពដដែលបានបន្តទៀតថា Haaland ទទួលបានប្រាក់ឈ្នួលជាង ៩ ម៉ឺនដុល្លារក្នុងមួយថ្ងៃ ជាង ៣០០០ ដុល្លារក្នុងមួយម៉ោង ឬនឹងជាង ៦៣ ដុល្លារក្នុងមួយវិនាទី ហើយនោះមិនទាន់អស់នៅឡេីយទេ។
កិច្ចសន្យាថ្មីរួមមានប្រាក់រង្វាន់ប្រចាំសប្តាហ៍រហូតដល់ជាង ៤២ ម៉ឺនដុល្លារ។ នៅចុងបញ្ចប់ នៃកិច្ចព្រមព្រៀងរបស់គេជាមួយក្លិប Manchester City នឹងរកបានយ៉ាងហោចណាស់ជាង ៣៣៥ លានដុល្លារ ហើយក្នុងករណីដ៏ល្អបំផុត(ឈ្នះពាន) អាចរកបានជាង ៥០០ លានដុល្លារ។ មកទល់ពេលនេះ Haaland ស៊ុតបញ្ចូលទីបាន ១១២ គ្រាប់ក្នុង ១២៧ ប្រកួត និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ១៥ ដង ។ ខ្សែប្រយុទ្ធរូបនេះបានឈ្នះពានរង្វាន់ Champions League និង Premier League ពីរដងរួចមកហើយ។ នៅឆ្នាំ២០២៣ រូបគេបានបន្ថែមពានរង្វាន់ FA Cup ៕