កាលពីម្សិលមិញនេះ ក្នុងកិច្ចប្រជុំពិសេសមួយ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ជាមួយបណ្តាក្លិបទាំងអស់នៃលីគកំពូលកម្ពុជា ដែលមានប្រធានសហព័ន្ធ និងនាយកប្រតិបត្តិក្រុមលីគបាល់ទាត់កម្ពុជាលោក Satoshi Saito បានប្រជុំ ដោយសម្រេចឲ្យក្លិបព្រៃវែង, សូលទីឡូអង្គរ, អគ្គិសនីកម្ពុជា, អាស៊ីអឺរ៉ុបយូណាយធីត និងនគរបាលជាតិ ត្រូវកាត់ចេញទៅធ្វើការប្រកួតនៅខណ្ឌលីគទី២ (league 2)។
យោងតាមគេហទំព័រ sportrefresh.com បានចេញផ្សាយឲ្យដឹងថា លីគទី២ (League 2) មានរហូតដល់ ១២ក្លិប នារដូវកាលឆ្នាំ២០២២ នេះ ខណៈដែល លីគកំពូលកម្ពុជាមានក្លិបចំនួន ៨ ដូចជា ព្រះខ័នរាជស្វាយរៀង, បឹងកេត វិសាខា, ភ្នំពេញក្រោន, ណាហ្គាវើលដ៍, អង្គរថាយហ្គឺរ, គិរីវង់សុខសែនជ័យ, និង កងយោធពលខេមរភូមិន្ទ។ ការប្រកួតនៃលីគទាំងពីរគ្រោងនឹងចាប់ផ្ដើមនៅថ្ងៃទី ៥ ខែ មីនា ខាងមុខ។
គេហទំព័រខាងលើ ក៏បានដកស្រង់សម្តី លោក Satoshi Saito ថ្លែងថា៖ « លីគទី២ (League 2) គឺពិតជាផ្នែកសំខាន់របស់ Cambodian Premier League ។ League 2 គឺគ្រួសារតែមួយ និងអាចត្រលប់មកកាន់ League 1 វិញ នារដូវកាលក្រោយ។ ដោយឡែកឯកឧត្ដមប្រធាន FFC ក៏បានបង្ហាញទស្សនៈបែបនេះដែរ។ ខ្ញុំ និង ឯកឧត្ដមប្រធាន FFC ជឿថា រដូវកាលឆ្នាំ ២០២២ នឹងកាន់តែប្រកួតប្រជែងខ្លាំងជាងឆ្នាំមុន»។
លោក Satoshi នៅតែទទូចថាគ្រប់ក្លិបទាំងអស់នៅ League 1 មិនត្រូវមើលស្រាលក្លិបនៅ League 2 នោះទេ។
ការសម្រេចចិត្តកែប្រែការប្រកួតខាងលើដោយពឹងផ្អែកលើលក្ខខន្តិកៈថ្មីរបស់ Cambodian Premier League។ វាជារឿងយុត្តិធម៌សម្រាប់ក្លិបទាំងអស់។ នេះជាការស្នើសុំរបស់ប្រធានក្រុមហ៊ុនលីគលោក Satoshi និង សម្រេចចិត្តចុងក្រោយដោយឯកឧត្ដមប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
ការកែប្រែនេះ ក្នុងគោលដៅធ្វើឲ្យលីគបាល់ទាត់កម្ពុជាកាន់តែមានលក្ខណៈស្ដង់ដារអន្តរជាតិ និង រួមចំណែកទៅជោគជ័យនៅស៊ីហ្គេម ឆ្នាំ ២០២៣ ពេលកម្ពុជាទទួលជាម្ចាស់ផ្ទះលើកដំបូង។
តាមព័ត៌មានបឋម ដែលគេហទំព័រ B8-Sport ទទួលបានបន្ថែមសម្រាប់រូបមន្តការប្រកួតលីគកំពូលកម្ពុជាក្នុងរដូវកាលនេះ គឺធ្វើឡើងក្នុងចំនួន៣ជុំ ដោយ១ជុំ មាន៧ប្រកួត ដូច្នេះការប្រកួតសរុប ២១ប្រកួត នឹងអាចស្វែងរកជើងឯកប្រចាំឆ្នាំ។