ក្រុមបិសាចក្រហម Manchester United មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះព័ត៌មាននៃការវះកាត់ក្រលៀនរបស់ Anthony Martial ដែលតម្រូវឱ្យគាត់អវត្តមានយ៉ាងហោចណាស់ 10 សប្តាហ៍។
ដោយសារកំណត់ត្រារបួសមិនល្អរបស់គាត់ Martial ត្រូវបានគេរំពឹងថានឹងចំណាយពេលយូរជាងនេះដើម្បីជាសះស្បើយពេញលេញ។ គាត់បានបង្ហាញខ្លួនតែ 13 ប្រកួតក្នុង Premier League នៅរដូវកាលនេះ ដែលភាគច្រើនប្ដូរចូលក្នុងនាមជាកីឡាករបម្រុង។
ម្យ៉ាងទៀត វាហាក់ដូចជា Martial អាចនឹងមិនលេងឱ្យ Man United ម្ដងទៀតរហូតដល់កុងត្រារបស់គាត់ផុតកំណត់នៅរដូវក្ដៅនេះ។ ដោយពិចារណាថាគាត់រកបាន £250,000 ក្នុងមួយសប្តាហ៍ នោះគាត់គឺជាកីឡាករដែលស៊ីប្រាក់ខែច្រើនហើយមិនបានលេងទៀងទាត់។
ប៉ុន្តែហេតុអ្វីបានជាបិសាចក្រហមមិនបញ្ចប់កិច្ចសន្យារបស់ Martial ដូចដែលពួកគេបានធ្វើជាមួយ Cristiano Ronaldo? យើងបានឃើញសំណួរទាំងនេះមួយចំនួន ពីអ្នកគាំទ្រនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ក៏ដូចជាសារព័ត៏មាននានា។ ដើម្បីជម្រះវា ភាគីទាំងពីរ (ក្នុងករណីនេះ Man United និង Martial) ចាំបាច់ត្រូវយល់ព្រមបញ្ចប់កិច្ចសន្យារបស់គាត់។
ជាអកុសល ភ្នាក់ងាររបស់គាត់បានបញ្ជាក់ថា Martial នឹងមិនទៅណាទេក្នុងខែនេះ ហើយនឹងផុតកុងត្រារបស់គាត់នៅ Old Trafford ។ ក្នុងករណីរបស់ Ronaldo វិញ តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់រូបនេះផ្ទាល់ចង់ចាកចេញដោយខ្លួនឯង។ ដូច្នេះលុះត្រាតែ Martial និងជំរុំរបស់គាត់មានឆន្ទៈចង់ចាក់ចេញ ទើប Man United អាចគិតគូបាន។