ads
ads
ឈួត ស៊ិនទៀង កសាងភាពលេចធ្លោរខ្លាំង ក្នុងនាមជាខ្សែប្រយុទ្ធកណ្តាលនៅលីគទី២កម្ពុជា
០១-សីហា-២០២២

ក្រោមការដឹកនាំរបស់លោក ទុំ សារាយ អតីតខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា និងក្លិបព្រះខ័នរាជស្វាយរៀង បានកែខែ ខាត់ ដុសអតីតយុវជនរបស់ភ្នំពេញក្រោន​ដែលសឹងតែបាត់​ឈ្មោះក្នុងពិភពបាល់ទាត់ខ្មែរ ឈួត ស៊ិនទៀងក្លាយជា ខ្សែប្រយុទ្ធ ក្នុងប្រអប់ រង់ចាំឆ្មក់ឱកាស បង្កើតឱកាស រកគ្រាប់បាល់ ដ៏គ្រោះថ្នាក់បំផុតមួយប្រចាំក្លិបអគ្គិសនីកម្ពុជា។

នេះមិនមែនជារឿងចៃដន់នោះទេ ខណៈដែល ឈួត ស៊ិនទៀង បាន​ផ្ដល់បទសម្ភាសន៍ឱ្យ B8 Sport ថា មានកត្តាជាច្រើនដែលធ្វើឱ្យគាត់​អាច​រក​បាន​គ្រាប់បាល់ឡើងវិញ និង​បង្ហាញគុណផលលេង​បាន​ល្អក្នុងរដូវកាល​នេះ។

«អរគុណសម្រាប់ការ​សម្ភាសន៍នេះបង! វាមិនមែនជារឿងចៃដន្យទេបង។ ការ​លេង​ល្អ​នេះ​វា​មក​ពី​ខ្ញុំបាន​ខំប្រឹងហ្វឹកហាត់​ទៀងទាត់១០០% និង​ខ្លាំងជាងមុន ស្របជាមួយកីឡាករ​ដែលជាមិត្តរួមក្រុមលេង​ជាមួយគ្នាយូរឆ្នាំមក​ហើយ​នោះ យើង​យល់​ចិត្តគ្នាខ្លាំង។ មួយទៀត​យើងដាក់គោលដៅលើ​កពាន​លីគទី២ក្នុងឆ្នាំនេះ។ ក្រុមយើង​ជាកីឡាករខ្មែរសុទ្ធ​អញ្ចឹងទំនាក់ទំនងគ្នាលើទីលាន និង​ក្នុងក្រុមងាយស្រួល ហើយក្រុមយើងជាក្រុមដែលមានបទពិសោធន៍ច្រើនមក​ហើយ»។

លោក ទុំ សារាយ ជាអតីតខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា និងក្លិបព្រះខ័នរាជស្វាយរៀង អញ្ចឹង​ហើយការ​ប្រយុទ្ធលើ​ទីលាន​លោក​ដឹង​ច្បាស់​និង​មាន​បទពិសោធន៍ ហើយ​អ្វីទាងនេះ​លោក​បាន​យក​មក​បង្វឹក​កូន​ក្រុម។

«សម្រាប់ខ្ញុំ! អរគុណដល់មិត្តរួមក្រុម​ដែល​រើស​យក​ឆន្ទៈខ្ពស់​ទាំងហ្វឹកហាត់​ និង​ពេល​ប្រកួត សហការ​គ្នាបាន​ល្អ អញ្ចឹង​ហើយទើបខ្ញុំ​អាច​មានឱកាស​រក​បាន​គ្រាប់បាល់បាន​។ គន្លិះសំខាន់! គ្រូគាត់​តែងតែប្រាប់ជារឿយៗ ពន្យល់រាល់ថ្ងៃ ហើយពេល​ហ្វឹកហាត់​គ្រូ​បង្វឹកឱ្យ​យើងទាត់តម្រង់ទី និង​ការ​ទាត់​ពីចម្ងាយវាក៏ជាការ​ចូលរួមមួយផ្នែកធ្វើឱ្យខ្ញុំអាចរក​បាន​គ្រាប់បាល់ច្រើន»។

អតីតយុវជនរបស់ភ្នំពេញក្រោនរូបនេះបន្តថា៖ «កាលពីមុន! ខ្ញុំលេង​ស្លាបឆ្វេង ស្លាបស្ដាំ ហើយឥឡូវហ្នឹងលេង​ប្រយុទ្ធកណ្ដាល​ដោយ​សារ​តែក្រុមយើង​ខ្វះខាតខ្សែប្រយុទ្ធ! អត់មានប្រយុទ្ធចំទេ! អញ្ចឹង​គ្រូ​ដាក់ឱ្យខ្ញុំលេង​កណ្ដាល ហើយឱ្យឈរទីតាំងណាមួយ​ដើម្បីបញ្ចប់​ទី ហើយឃើញថាវាបានផលមែន»។

សមិទ្ធិផលដែលយុវកីឡាកររូបនេះ សម្រេចបាន បានក្លាយជាចំណែកមួយដ៏សំខាន់ជួយក្រុម អោយបន្តឈរកំពូលតារាងជាបន្ត មិនទាន់ស្គាល់បរាជ័យ ១៣​ប្រកួត ជាប់ៗគ្នា។ គិតត្រឹមសប្តាហ៍ទី១៣នេះ រូបគេរកបាន ១៣​គ្រាប់ហើយ កំពុងឈរនៅលេខរៀងទី២ ជាអ្នករកគ្រាប់បាល់បានច្រើនបំផុត នៅលីគទី២ និងជាកីឡាករខ្មែរ ដែលរកបានគ្រាប់បាល់ច្រើនបំផុតនៅលីគទី២ផងដែរ៕

ads
ads