ក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា កំពុងតែជឿជាក់យ៉ាងខ្លាំងក្នុងការនាំយកខ្សែប្រយុទ្ធ Raheem Sterling មករួមក្រុមសម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ក្នុងតម្លៃ ៣៥លានផោន។
បច្ចុប្បន្ននេះកុងត្រារបស់ Sterling ជាមួយ Manchester City នៅសេសសល់តែចំនួន១២ខែទៀតប៉ុណ្ណោះ ខណៈ រូបគេត្រូវបានគេដឹងថានឹងមិនបន្តកិច្ចសន្យាថ្មីឡើយ។ ដូច្នេះករណីដែលកីឡាករសញ្ជាតិអង់គ្លេសខាងលើ មិនបន្តកុងត្រាថ្មី មានន័យថា ក្រុមមេឃខៀវត្រូវតែលក់រូបគេចេញដើម្បីទទួលបានប្រាក់មួយចំនួន បើពុំដូច្នោះទេ គេនឹងចាកចេញដោយគ្មានតម្លៃខ្លួននាបំណាច់រដូវកាលក្រោយនេះ។
បើយោងទៅតាមការលើកឡើងរបស់អ្នកកាសែតកីឡាដ៏ល្បីល្បាញលោក Gianluca Di Marzio បានចុះផ្សាយថា Chelsea កំពុងតែសង្ឃឹមយ៉ាងមុតមាំក្នុងការនាំយក Sterling មកកាន់កីឡដ្ឋាន Stamford Bridge ជាពិសេសមកជំនួសតំណែងរបស់ Romelu Lukaku ដែលនឹងត្រៀមចាកចេញ៕