ក្រុមជម្រើសជាតិកម្ពុជាបានយកឈ្នះក្រុមជម្រើសជាតិប្រ៊ុយណេក្នុងលទ្ធផល៥ទល់១នាការប្រកួតជុំទី៣នៃពូល A នៃពានរង្វាន់ AFF Championship 2022 ខណៈដែល៥គ្រាប់នេះរកបានដោយ ជួន ចាន់ចាវ ថេឡ័រ នីកូឡាស់ ឌឿង(P) កែវ សុខផេង(P) និងកីឡាករ លឹម ពិសុទ្ធ២គ្រាប់ម្នាក់ឯង។
ខាងក្រោមនេះជាចំណុច៥យ៉ាងដែល B8 Sport បានរៀនសូត្រពីការប្រកួតនេះ៖
១- ជម្រើស១១នាក់ដំបូង
នេះជាលើកដំបូងហើយដែលក្នុងការប្រកួតនេះ សារ ទី និង ថេឡ័រ នីកូឡាស់ ឌឿង រ៉ាប់រងក្នុងតំបន់ប្រយុទ្ធទាំងសងខាងជំនួស លឹម ពិសុទ្ធ និងសៀង ចន្ធា ខណៈដែល រ៉ឹង ប៊ុនហៀងបន្តកាន់កាប់ក្នុងតំណែងលេខ៩។ តំបន់បម្រើ សុះ ស៊ូហាណា និងអ៊ន ចាន់ប៉ូលីនលេង៣ប្រកួតជាប់គ្នាក្នុងឈុត១១នាក់ ខណៈដែលបម្រើការពារស្លាប សឿត បារាំង និងយ៉ើ ម៉ូស្លីមដែលធ្វើបានល្អក្នុងការប្រកួតជាមួយហ្វីលីពីនបន្តកាន់តំណែងបានល្អដដែល។ តំបន់ការពារ សឿយ វិសាល ជួន ចាន់ចាវ និងទេស សម្បត្តិរ៉ាប់រងតំបន់ការពារកណ្ដាលដ៏រឹងមាំ។ កែវ សុខសិលាក្នុងការប្រកួតនេះជាលើកទី៣ជាប់ៗគ្នាហើយដែលរ៉ាប់រងក្នុងចាំទី។
២-កម្ពុជារបូតគ្រាប់បាល់មុន ស្របពេលប្រុយណេលេងបានល្អជាងក្នុងដើមវគ្គទី១
កីឡាករជម្រើសជាតិប្រុយណេ Mohammed Othman រកបានគ្រាប់បាល់នាំមុខកម្ពុជានៅនាទី២១ ស្របពេលប្រ៊ុយណេលេងបានល្អជាង ជាមួយនឹងការវាយសម្រុកនិងគ្របដណ្ដប់នៅដើមវគ្គទី១។ កម្ពុជាក៏មានឱកាសក្នុងការរកគ្រាប់បាល់ដែរ តែគុណភាពនៃការបញ្ចប់ទីនៅមានកម្រិត ស្របពេលកម្ពុជាខ្ជះខ្ជាយបាល់ច្រើននៅមុខទីគូប្រកួត។
ជួន ចាន់ចាវ តែតបញ្ចូលទីតតាមស្មើនៅនាទី៣១ ក្រោយទទួលបានបាល់លើកយ៉ាងស្អាតដូចផ្ការំដួល ពី ទេស សម្បត្តិ ក្រោយញាក់ដាច់ខ្សែការពារប្រ៊ុយណេ៣នាក់ពីស្លាបខាងស្ដាំ។ ចុងវគ្គទី២ កម្ពុជាហាក់កញ្ជ្រោលខ្លាំងក្នុងការរកគ្រាប់បាល់យកឈ្នះប៉ុន្តែមិនបានសម្រេចហើយ ហើយប្រុយណេវាយបកវិញបាស់សក់ម្ដងៗផងដែរ។
៣-នីក ថេឡ័ររកបានគ្រាប់បាល់ដំបូងឱ្យជម្រើសជាតិកម្ពុជា៖
នាទី៥០ក្នុងវគ្គទី២ កីឡាករកូនកាត់អាមេរិក Nick Taylor រកបានគ្រាប់បាល់លើកដំបូងក្នុងអាជីពនៃជម្រើសជាតិកម្ពុជាក្រោយទទួលបានបាល់ប៉េណាល់ទី។ កីឡាកររូបនេះលេង៤ប្រកួតហើយក្នុងឆ្នាំ២០២២នេះបន្ទាប់ពីបង្ហាញខ្លួនលើកដំបូងទល់និងក្រុមបង់ក្លាដេស។ គ្រាប់បាល់អាចជាការផ្ដល់ទំនុកចិត្តក្នុងការបង្ហាញខ្លួនសម្រាប់ការប្រកួតបន្ទាប់។ និយាយលើសពីនេះ គ្រាប់បាល់នេះអាចនិយាយបានជាគ្រាប់បាល់របស់ជម្រើសជាតិកម្ពុជាដែលស៊ុតចូលដោយកីឡាករកូនកាត់អាមេរិក។
៤- កីឡាករផ្លាស់ប្ដូរការប្រកួត៖
ការប្ដូរចូល សៀង ចន្ធា និង លឹម ពិសុទ្ធ កែវ សុខផេងក្នុងតំបន់ប្រយុទ្ធបានធ្វើឱ្យការប្រកួតផ្លាស់ប្ដូរទាំងស្រុង។ គ្រាប់បាល់៤គ្រាប់កើតឡើងពីការបង្កើតឱកាសប្រយុទ្ធខ្លាំងស្របពេលក្រុមទាំងមូលស្រេកឃ្លានគ្រាប់បាល់។ ឱកាសច្រើនណាស់ដែលក្រុមកម្ពុជាខ្ជះខ្ជាយ ទោះបីជារកបាន៤គ្រាប់ក្ដី។ នេះបង្ហាញពីគុណភាពនៅមានការខ្វះចន្លោះក្នុងបញ្ចប់ទីតែយ៉ាងកម្រិតព្រុយណេដែលលេងមិនខ្លាចចាញ់ និងអស់កម្លាំង ពីព្រោះវាជាការប្រកួតចុងក្រោយរបស់ពួកគេក្នុងពូល។
៥- កម្ពុជាត្រូវការឈ្នះថៃតែមួយមុខគត់បើចង់ឡើងទៅវគ្គបន្ត៖
ក្រុមជម្រើសជាតិនឹងត្រូវធ្វើដំណើទៅប្រកួតជាមួយជម្រើសជាតិថៃក្នុងការប្រកួតចុងក្រោយក្នុងពូល A ហើយការប្រកួតនេះកម្ពុជាត្រូវការឈ្នះដាច់ខាតបើចង់ឡើងទៅជុំបន្ទាប់ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។ ក្រុមជម្រើសជាតិថៃប្រកួតស្មើជាមួយ ឥណ្ឌូនេស៊ី១-១ ក្នុងការប្រកួតទី៣ មានន័យថាពួកគេមាន៧ពិន្ទដូចគ្នា ខណៈកម្ពុជាមាន៦ពិន្ទុ។ ប្រកួតចុងក្រោយឥណ្ឌូនេស៊ីត្រូវជួបហ្វីលីពីន ដែលមានតែ៣ពិន្ទុក្នុងការលេង៣ប្រកួត។ ថៃជាក្រុមដែលឈ្នះជើងឯកពានរង្វាន់មួយនេះបានច្រើនជាងគេពោលគឺ៦ដង។ តើកម្ពូជាអាចយកឈ្នះថៃបានដែរឬទេ? នេះជាសំណួរដែលមិនទាន់មានអ្នកឆ្លើយនៅឡើយ៕