គ្រូបង្វឹកជម្រើសជាតិកម្ពុជា Ryu Hirose ហាក់បីដូចជាមិនមានសង្ឃឹមខ្ពស់ក្នុងការប្រកួតមិត្តភាពជាមួយក្រុម Malayan Tigers ខណៈដែលគាត់មានបំណងកត់ត្រាលទ្ធផលយ៉ាងហោចណាស់ស្មើនៅយប់នេះ។
បើតាមគាត់ ក្រុមមានពេលហ្វឹកហាត់ត្រឹមតែ 5 ថ្ងៃប៉ុណ្ណោះ មុនពេលហោះហើរទៅកាន់ទីក្រុងគូឡាឡាំពួ ហើយលោក Hirose មានទំនុកចិត្តថាកីឡាកររបស់គាត់នឹងអាចសម្តែងបានល្អបំផុតនៅពហុកីឡដ្ឋានជាតិ Bukit Jalil ។
លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញថា៖ «លីគកំពូលកម្ពុជាទើបតែបានបញ្ចប់កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ហើយបន្ទាប់ពីនោះ យើងបានបន្តធ្វើការហ្វឹកហាត់កណ្តាលនៅក្នុងប្រទេសកម្ពុជា មុនពេលមកទីនេះ [កូឡាឡាំពួរ] ។ នេះគឺជារយៈពេលនៃការរៀបចំដ៏ខ្លីមួយ ប៉ុន្តែយើងបានរៀបចំឱ្យបានល្អបំផុតតាមដែលអាចធ្វើទៅបាន»។
«សម្រាប់ការប្រកួតនៅយប់ថ្ងៃស្អែក (ថ្ងៃនេះ) យើងចង់ធ្វើឱ្យប្រាកដថាយើងទទួលបានពិន្ទុ ហើយសម្រាប់ AFF Cup យើងចង់ផ្តល់នូវការប្រកួតប្រជែងដ៏ល្អបំផុត និងព្យាយាមទៅឱ្យឆ្ងាយតាមដែលអាចធ្វើទៅបាននៅក្នុងការប្រកួត» ។
ក្រុមកម្ពុជាលើកនេះពង្រឹងដោយកីឡាករ៣រូបដែលធ្លាប់លេងជាមួយក្រុមលីគម៉ាឡេស៊ីដូចជា ធារី ចន្ថាប៊ីន (Terengganu), កែវ សុខផេង (PKNP FC) និងបូរីស កុក ((Sarawak United)។ ការប្រកួតជាមួយម៉ាឡេស៊ី គឺជាការប្រកួតកម្ដៅសាច់ដុំតែមួយគត់របស់ក្រុមកម្ពុជា មុនពេលការប្រកួត AFF Cup ចាប់ផ្តើម។ នេះគឺដោយសារតែសកម្មភាពមិត្តភាពមួយផ្សេងទៀតដែលត្រូវបានរៀបចំត្រូវលុបចោលដោយហេតុផលមួយចំនួន។
Hirose បានពន្យល់ថា៖«យើងត្រូវបានគេសន្មត់ថាមានការប្រកួតមិត្តភាពមួយផ្សេងទៀត ប៉ុន្តែវាមិនបានកើតឡើងសម្រាប់ហេតុផលមួយចំនួន»។
ទោះបីជាយ៉ាងណាក៏ដោយ គ្រូបង្វឹកមកពីប្រទេសជប៉ុនបានពណ៌នាក្រុមជម្រើសជាតិម៉ាឡេស៊ីជាក្រុមខ្លាំងបំផុតមួយនៅអាស៊ី ហើយបាននិងកំពុងមានភាពប្រសើរឡើងតាំងពីក្រោមការគ្រប់គ្រងរបស់លោក Kim Pan-gon ។ លោកបាននិយាយថា «ក្រុមម៉ាឡេស៊ីគឺពិតជាក្រុមដ៏ល្អបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ យើងគ្រាន់តែចង់រៀបចំក្រុម និងសិក្សាអ្វីមួយមុនពេលទៅ AFF Cup»។