ក្លិបបឹងកេត និងក្លិបអង្គរថាយហ្គឺបានប្រកាសពីយល់ព្រមលើលក្ខខ័ណ្ឌខ្ចីជើងខ្សែការពារវ័យក្មេង ស៊ុំ សាន់ត្រូវទៅលេងនៅទឹកដីខេត្ត សៀម រាបក្នុងរយៈពេល១ឆ្នាំ។
ក្លិបទាំងពីសុទ្ធតែបានប្រកាសព័ត៌មាននេះរៀងៗខ្លួន។ ក្លិបសាមីកីឡាករ បឹងកេត បានសរសេរថា៖ ក្លិបបាល់ទាត់បឹងកេត សូមធ្វើការប្រកាសថា ខ្សែការពារ ស៊ុំ សាន់ ត្រូវបានផ្លាស់ទៅកាន់ក្លិបបាល់ទាត់អង្គរថាយហ្គឺរ ក្នុងលក្ខខណ្ឌខ្ចីជើង រយៈពេល ០១រដូវកាល” ។
ហើយក្លិបមានមូលដ្ឋាននៅខេត្តសៀមរាបក៏បានសរសេរដែរថា៖ “ក្លិបបាល់ទាត់ អង្គរថាយហ្គឺរ សូមប្រកាសដំណឹងជូនថា ក្លិប បានឈានដល់កិច្ចព្រមព្រៀងក្នុងការផ្ទេរកីឡាករ ស៊ុំ សាន់ ពីក្លិបបាល់ទាត់បឹងកេត មកចូលរួមជាមួយក្រុម ក្នុងកិច្ចសន្យារយៈពេលមួយរដូវកាល”។
ស៊ុំ សាន់គឺជាកីឡាករមានប្រភពពីខេត្តសៀម រាបបានមកចូលរួមហ្វឹកហាត់ក្នុងឈុតយុវជនរបស់បឹងកេត ហើយក៏បានបង្ហាញខ្លួនក្នុងឈុតធំរបស់ក្លិបជើងឯកពានលីគកំពូលកម្ពុជា៤សម័យកាលមួយនេះនៅពានរង្វាន់ លីគកំពូលកម្ពុជា និងសម្ដេចហ៊ុន សែនកាលពីរដូវកាលមុនផងដែរ៕