ads
ads
មុនពេលចូលនិវត្តន៍ Teeratep Winothai ទទួលបានការកោះហៅចូលរួមក្រុមជម្រើសជាតិថៃ
១៣-ធ្នូ-២០២២

វាពិតជាកិត្តិយសមែនទែន សម្រាប់ខ្សែបម្រើ Teeratep Winothai ទទួលបានការកោះហៅចូលរួមក្រុមជម្រើសជាតិថៃ ដើម្បីបង្ហាញខ្លួនលើកចុងក្រោយ មុនពេលចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់។

ក្រុមដំរីសឹកថៃនឹងធ្វើការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមចិនតៃប៉ិ នៅថ្ងៃពុធ ទី១៤ នៅកីឡដ្ឋាន Thammasat វេលាម៉ោង ៨:៣០យប់។

ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថៃ កីឡាករវ័យ ៣៧ឆ្នាំ រូបនេះ បានបង្ហាញចំណាច់អារម្មណ៍របស់ខ្លួន ក្រោយទទួលបានការកោះហៅចូលរួមក្រុមជម្រើសជាតិថៃថា៖

«នេះ​ជា​កិត្តិយស​ដ៏​ខ្ពង់​ខ្ពស់​ម្តង​ទៀត​ នៅក្នុងអាជីពបាល់ទាត់របស់ខ្ញុំ ចាប់តាំងពីថ្ងៃដំបូង ដែលខ្ញុំចាប់ផ្តើមមានឱកាសចូលក្រុមជម្រើសជាតិ វាត្រូវបានចាត់ទុកថាជាកិត្តិយសដ៏ធំបំផុតក្នុងជីវិត រហូតដល់ថ្ងៃ ដែលខ្ញុំចូលនិវត្តន៍ពីអាជីពមួយនេះ។ ដើម្បីតបស្នងទៅកាន់​ក្រុម​ជម្រើសជាតិ​ ដែលបានរៀបចំ​ការប្រកួត​ចុងក្រោយ ​ដ៏មានអត្ថន័យនេះ ខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពរហូតដល់ថ្ងៃចុងក្រោយ។

«ចំពោះការសម្រេចចិត្តរបស់ខ្ញុំ ក្នុងការចូលនិវត្តន៍ពីបាល់ទាត់អាជីព ខ្ញុំពិតជាមិនសោកស្តាយទេ។ ខ្ញុំបានគិតដោយប្រុងប្រយ័ត្នអំពីវា ហើយក៏​ជា​ពេល​វេលា​ដ៏​ស័ក្តិសម​សម្រាប់​យើង​ព្យួរស្បែកជើងផងដែរ។ គ្មាន​នរណា​បង្ខំ​អ្វី​នោះ​ទេ វា​ជា​ឆន្ទៈ​របស់​ខ្ញុំ​ផ្ទាល់»

«ខ្ញុំ​រីករាយ​ ដែល​អ្នក​រាល់​គ្នា​ស្វាគមន៍​ខ្ញុំ​យ៉ាង​ល្អ សម្រាប់ការត្រលប់មកជួបគ្រូបង្វឹក Mano Polking និងមិត្តរួមក្រុមចាស់ៗ នៅក្លិប Bangkok United និងអ្នកផ្សេងទៀតនៅក្នុងក្រុមជម្រើសជាតិ»

«ជាចុងក្រោយ ខ្ញុំចង់ឲ្យអ្នកគាំទ្របាល់ទាត់ថៃ មកលើកទឹកចិត្តពួកយើងឲ្យបានច្រើនកុះករ។ ថ្ងៃពុធនេះ ក៏ជាការប្រកួត ដើម្បីលាគ្នាលើកចុងក្រោយរបស់ខ្ញុំដែរ។ សូម​ឲ្យ​អ្នក​ទាំង​អស់​គ្នា​មក ដើម្បីផ្តល់ជាកិត្តិយស ហើយ​មក​គាំទ្រ​ប្អូនៗ​ ដែល​ត្រៀម​ចូល​រួម​ប្រកួត​ជើង​ឯក​អាស៊ាន​ផងដែរ»

ខ្សែបម្រើ Teeratep Winothai ធ្លាប់ជាប់ក្នុងឈុតជម្រើសជាតិថៃ U17, U19, U20, U23 និងឈុតធំចន្លោះឆ្នាំ 2005-2022 ហើយបង្ហាញខ្លួន ៤៨ប្រកួត រកបាន ១៨គ្រាប់។ ចំណែកឯប្រកបអាជីពនៅក្លិបវិញ កីឡាកររូបនេះ ធ្លាប់លេងនៅ Muangthong United, BEC Tero Sasana, Police United, Bangkok United និង Chonburi។

រូបភាព៖ Chang Seuk

ads
ads