អ្នកចាំទីក្លិបបិសាចក្រហម Andre Onana បានលើកឡើងថា នៅពេលដែលដឹកនាំមិនអាចឈ្នះការប្រកួតឱ្យបានច្រើន និងគ្រប់គ្រាន់ វាជារឿងធម្មតាទេ ដែលគ្រូបង្វឹកត្រូវចាកចេញ។
Andre Onana បានពន្យល់នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតជាមួយ PAOK FC ថា ៖«នៅពេលដែលខ្ញុំលឺគាត់ [Erik ten Hag] នឹងចាកចេញ ខ្ញុំមានអារម្មណ៍មិនល្អនោះទេ» ។
«វាមិនតែងតែជារឿងងាយស្រួលសម្រាប់កីឡាករក្នុងការយល់ នៅពេលដែលអ្នកចាត់ការ ចាកចេញ។ ប៉ុន្តែនៅចុងបញ្ចប់ ក្លិបត្រូវធ្វើការសម្រេចចិត្ត ហើយយើងត្រូវតែធ្វើតាម»។
បន្ទាប់មក Onana បានឆ្លុះបញ្ចាំងពីការគ្រប់គ្រងក្លិប Manchester United ពីសំណាក់លោក Ten Hag ថា៖«ខ្ញុំបានធ្វើការជាមួយគាត់ គាត់ជាអ្នកចាត់ការដ៏ល្អ ខ្ញុំមានទំនាក់ទំនងល្អជាមួយគាត់។ ហេតុអ្វីបានជាអ្វីៗមិនដំណើរការនៅទីនេះ? យើងមិនបានឈ្នះការប្រកួតគ្រប់គ្រាន់ទេ! វាសាមញ្ញទេ»។
«នៅកម្រិតខ្ពស់ វាមិនងាយស្រួលទេ ហើយពេលខ្លះអ្នកត្រូវលះបង់។ ជាអកុសល អ្នកដែលត្រង់ចេញគឺជាគាត់។ កីឡាករបានផ្តល់អ្វីៗគ្រប់យ៉ាង យើងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ប៉ុន្តែវាមិនបានផលសោះ»។