ads
ads
វិភាគ៖ ហេតុអ្វីក៏ក្រុមការងារ​ជម្រើសជាតិមិនកោះហៅកីឡាករកូនកាត់មក​ចូលរួម​ជម្រើសជាតិ?
២៧-ឧសភា-២០២២

នេះ​គឺ​ជាសំណេរទាំងស្រុង​របស់​លោក អូន សៅណាត អ្នក​សារព័ត៌មានកីឡាក្នុងស្រុកខ្មែរម្នាក់បង្ហាញមតិផ្ទាល់​ខ្លួន​អំពីថា ហេតុអ្វីក៏ក្រុមការងារ​ជម្រើសជាតិមិនកោះហៅកីឡាករកូនកាត់មក​ចូលរួម​ជម្រើសជាតិ? ខាងក្រោមជាអត្ថបទវិភាគរបស់​គាត់ទាំងស្រុង៖

ហេតុអ្វីក៏ក្រុមការងារ​ជម្រើសជាតិមិនកោះហៅកីឡាករកូនកាត់មក​ចូលរួម​ជម្រើសជាតិ? នេះ​ជាសំណួរដែល​កើត​ឡើងនិង​ផ្ទុះតាំង​ពី​បញ្ចប់ព្រឹត្តិការណ៍ស៊ីហ្គេម តែ​វា​បាន​កើត​ឡើង​តាំង​ពី​ប៉ុន្មាន​ឆ្នាំមុនមកម្ល៉េះ។

បងប្អូនមួយចំនួន​ឃើញ​ថៃ​ជោគជ័យក្នុងការ​កោះហៅ​កីឡាករកូនកាត់​មក​ជួយជម្រើស​ជាតិ…ហើយ​យើង​ចង់​ជោគជ័យដូចគេដែរ។ បើ​បងប្អូនសួរខ្ញុំសួរថា ចង់អត់? ពិតណាស់! ពិតជាចង់ ចង់ខ្លាំងជាងបងប្អូនទៅទៀត។ តែ​រឿង​នេះ​(ការ​ហៅ​កីឡាករកូនកាត់​លេង​នៅ​បរទេសមក​ចូលរួម​ជម្រើស​ជាតិ)មិនចេះតែហៅ​បាន​នោះ​ទេ។

បញ្ជាក់បងប្អូន៖ ក្រុមការងាររបស់​ជម្រើស​ជាតិ​និង​ FFC ទាក់ទង​ទៅ​កីឡាករកូនកាត់ជាច្រើន​ដែល​យើងមិនដឹង។ ពួក​គាត់​ទាក់​ទងទៅហើយ សួរនាំហើយ តែបញ្ហា​មក​ពី​នោះ។ ចាក់ក្រឡែកបងប្អូនឱ្យភ្ញាក់ ពញ្ញាក់បងប្អូនឱ្យដឹង ចងចាំសម្ដីខ្ញុំ ក្រុមការងារ​ជម្រើស​ជាតិ ព្រមទាំងសហព័ន្ធកីឡាបាល់​ទាត់កម្ពុជា​បើកចំហជើងមេឃ បើកផ្លូវយ៉ាងទូលាយ កីឡាករដើមកំណើតខ្មែរនៅ​បរទេស កីឡាករកូនកាត់ខ្មែរ​គ្រប់​ជាតិសាស្រ្ត​ឱ្យ​តែ​មាន​សមត្ថភាព​លើស​កីឡាករក្នុងស្រុក ទទួលដៃដប់ ដៃម្ភៃ…។ មើលឱ្យ​ទាន់ ​មាន​សមត្ថភាព​លើស​កីឡាករក្នុងស្រុក ។ ទោះ​កីឡាករនោះ​ជាកូនកាត់ប៉ុន្មានសញ្ជាតិ​ក៏​ដោយ​ អ្វីដែល FFC ចង់​បាន​គឺ​សមត្ថភាព​លើស​កីឡាករក្នុងស្រុក។

-គុណភាពឬ​គុណផលរបស់ពួក​គេ=លេង​ក្នុងលីគប្រទេសណា លីគទីប៉ុន្មាន? កម្រិត​លីគនោះ​ប្រកួតប្រជែងល្អ​ជាងលីគក្នុងស្រុក…..? លេង​ល្អ​មែន​អត់? (ជាទូទៅ! ខ្ញុំមិនដែលបាន​ឃើញកូនកាត់​ខ្មែរ​ទាំង​នោះលេង​បាន​៤៥​នាទីផង កុំថាឡើយ៩០​នាទីពេញ​មួយ​ប្រកួត ឬ​២ ៣ ឬ​៥ប្រកួត។ ខ្ញុំឃើញតែផេកគេផុស វីដេអូកាត់ខ្លីៗ​ពេល​ស៊ុត​បញ្ចូលទី អូសញាក់…៤ ឬ​៥​នាទី​យ៉ាង​ច្រើនបំផុត”។

បញ្ជាក់ Nick Taylor ហ្នឹង​ឃើញប្រសើរ​ជាង​គេបំផុត ព្រោះ​ឃើញវីដេអូច្រើនជាង​គេ តែមិនប្រាកដថាខ្លាំង ចាំមើលសិន។)

-ផលវិបាក៖ ការ​កោះហៅកីឡាករមកចូល​ជម្រើស​ជាតិមិនមែនជារឿងស្រួល។ ពេលវេលាខុសគ្នា! សម្រាប់​កីឡាករយុវជន! នៅ​ពេល​ដែល​យើង​កោះហៅចំពេល​ដែលពួក​គេ​សិក្សារៀនសូត្រ ហើយ​អាណាព្យាបាលរបស់​គាត់​មិន​អនុញ្ញាតិ​​យើង​ក៏មិនអាចបង្ខំបាន​ដែរ(សិទ្ធិ)។ ការចំណាយ! បងប្អូនលឺព័ត៌​មាន​​​ថា​ FFC ទទួលបាន​ម្ចាស់ឧបត្ថម្ភ​ច្រើន​តិច​លោថា​ចំណេញច្រើនអីទៅ! FFC ក្នុងមួយឆ្នាំទទួលបានចំណូល តែចំណាយច្រើនណាស់ (រឿងនេះ Admin និយាយក្នុងផុសមួយដាច់ដោយឡែក ថា​ចំណាយលើអី?)

មិន​មែន FFC គ្មានលុយចំណាយលើ​សំបុត្រយន្តហោះអញ្ជើញកីឡាករកូនកាត់ទាំង​នោះមកលេង​ជម្រើស​ជាតិ​នោះ​ទេ។ តែ​ FFC មាន​បទពិសោធន៍រួច​ទៅ​ហើយ រឿង​ការ​ទិញសំបុត្រនិង​ចេញ​គ្រប់​យ៉ាងឱ្យ​ពួក​គេ​មក​កម្ពុជា ស្នាក់នៅ ហូបចុក ធ្វើដំណើរ អស់​រាប់​ពាន់​ម៉ឺនដុល្លារ តែ​ចុងក្រោយ​ការ​ហ្វឹកហាត់របស់គាត់ ការ​លេង​របស់​គាត់​មាន​កម្រិត​នៅ​ក្រោមកីឡាករក្នុងស្រុក។

ប្រសិនបើ​ពួក​គាត់​ពិត​ជាមាន​សមត្ថភាពមែន លេង​ល្អ​មែន ហើយ​មាន​ឆន្ទៈ​ចង់​លេង​ជម្រើស​ជាតិ​កម្ពុជា នោះ​ក៏​ពួក​គេ​គួរតែអាច​ធ្វើដំណើមក​កម្ពុជាដោយខ្លួន​ឯង ឬ​ក្នុងចេញ​ក្នុងកម្រិតណាមួយ ដើម្បី​មក​ធ្វើតេស្តិ៍ ហ្វឹកហាត់សាកល្បងសមត្ថភាពជាមួយជម្រើស​ជាតិ​ដែល​មាន​កីឡាករស្រុក ដាក់មួយប្រ៉ាវ​មើលថា​តើ​នរណាល្អ​ជាង….។

មិនចេះនិយាយ ហើយសរសេរក៏មិនអស់សេចក្ដី តែសម្រាប់​ខ្ញុំសុំតែម្យ៉ាង កីឡាករកូនកាត់លេង​នៅ​បរទេស​គួរតែកោះហៅ និង​ទាក់​ទងមក​ជួយជាតិបើ​កីឡាករកូនកាត់​រូបនោះ​ពិត​ជាចង់មកជួយហើយ​សមត្ថភាព​ពូកែ និងមានវិន័យពិតមែន។ និយាយត្រង់ខ្ញុំមិនច្បាស់​ថា​តើ​កីឡាករកូនកាត់​ទាំងអស់​នោះលេង​ល្អមែនអត់? បើ​មិនដែលបាន​ឃើញលេងក្នុងការ​ប្រកួតជាក់លាក់ណាមួយផង មិនដែល​ឃើញលេង​តាម​រយៈម​ការ​ Live ក្នុងបណ្ដាញសង្គម ឬយូធូបឱ្យ​ពេញ​សាច់ ពេញឈាមផងហ្នឹង។ បើ​ករណីកុក បូរីស​យើង​ច្បាស់ទាំងអស់​គ្នា មិនអញ្ចឹង?

ខ្ញុំយល់​ស្របឱ្យកីឡាករកូនកាត់​មក​ជួយជម្រើស​ជាតិកម្ពុជា តែ​មិន​យល់​ស្រប​ឱ្យ​តែកីឡាករកូនកាត់កោះហៅមកទាំងអស់​នោះ​ទេ។ កីឡាករនោះ​ត្រូវតែល្អ​ជាង​គេ​កីឡាករក្នុងស្រុក ល្អទាំងព្រមគឺ ល្អទាំងកាយសម្បទា និង​គុណផល​លេង​បាល់ កម្រិតបច្ចេកទេសផ្ទាល់ខ្លួន ពិសេសវិន័យហ្នឹងហើយ។ បងប្អូនមានត្រង់ណាមិនយល់ស្រប ឆាតមកខ្ញុំ ឬខំមិនខាងក្រោមបញ្ចេញមតិយោបល់ ពិភាក្សា​គ្នារកដំណោះស្រាយឱ្យ​បាល់​ទាត់​កម្ពុជារំកិលខ្ពស់​ជាងនេះ។

មតិយោបល់របស់បងប្អូន ខ្ញុំទទួលយកទាំងអស់!

ads
ads