នៅទីបំផុត! ក្រុមជម្រើសជាតិវៀតណាម បានយកឈ្នះលើថៃ ក្នុងវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ ASEAN Cup ឆ្នាំ ២០២៤ ជើងទី ១ ដោយបញ្ចប់លទ្ធផល ២-១ នៅឯកីទ្បដ្ឋាន Viet Tri ជាលើកដំបូងក្នុងរយៈពេល ២៧ ឆ្នាំ កាលពីយប់មិញ។ ២ គ្រាប់របស់ក្រុមជម្រើសជាតិវៀតណាម រកបានដោយខ្សែប្រយុទ្ធ Nguyễn Xuân Son ដែលជាកីទ្បាករចូលសញ្ជាតិចំនួន ២ គ្រាប់ម្នាក់ឯងនៅនាទី ៥៩ និង ៦៣ ខណៈដែលក្រុមជម្រើសជាតិថៃ រកបានដោយខ្សែការពារ Chalermsak Aukkee នៅនាទី ៨៣។
ជ័យជម្នះខាងលើនេះបានធ្វើឱ្យក្រុមជម្រើសជាតិវៀតណាម ដែលស្ថិតនៅក្រោមការចង្អុលបង្ហាញរបស់គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង លោក Kim Sang-sik ដឹកនាំក្រុមនៅក្នុងការប្រកួតពានរង្វាន់ ASEAN Cup ឈ្នះថៃក្នុងទឹកដីខ្លួនឯងជាលើកដំបូងក្នុងរយៈពេល ២៧ ឆ្នាំ បន្ទាប់ពីពួកគេធ្លាប់ធ្វើបាននៅក្នុងឆ្នាំ ១៩៩៨ ដោយពួកគេបានឈ្នះ ៣-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ គួរជម្រាបថា ការប្រកួតជើងទី ២ នៃពានរង្វាន់ខាងលើនេះរវាងក្រុមជម្រើសជាតិថៃ និងវៀតណាម ត្រូវលេងនៅឯពហុកីទ្បដ្ឋានជាតិ Rajamangala Stadium ក្នុងទីក្រុងបាងកក ប្រទេសថៃ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ៕