ក្លិបបាល់ទាត់វិសាខា ដែលជាជើងឯក Hun Sen Cup 2021 របស់កម្ពុជា នឹងត្រូវបើកទំព័រការប្រកួតអន្តរជាតិ AFC CUP លើកដំបូងក្នុងពូល G ជាមួយក្រុមខ្លាំងហ្វីលីពីន ជាជើងឯករងលីគកំពូលហ្វីលីពីនរដូវកាលមុន Kaya FC-Iloilo នៅថ្ងៃសុក្រស្អែកនេះ វេលាម៉ោង០៤៖០០នាទីល្ងាច(កម្ពុជា) នាកីឡដ្ឋាន Kapen I Wayan Dipta Stadium នាទឹកដីកោះបាលី នៃទីក្រុង Denpasar ប្រទេសឥណ្ឌូនេស៊ី។
មុនជំនួបដំបូងនៃពានរង្វាន់កម្រិតទី២ទ្វីបអាស៊ី AFC CUP 2022 គ្រូបង្វឹកក្រុមទាំងពីរ បានលើកឡើងក្នុងសន្និសិទសារព័ត៌មានយ៉ាងដូចច្នេះ៖ លោកមាស ចាន់ណា គ្រូបង្វឹកវិសាខាលើកឡើងតាមរយៈរយៈប្រព័ន្ធផ្សព្វផ្សាយក្លិបបែបនេះ៖«នេះជាការចូលរួមលើកដំបូង សម្រាប់ក្រុមយើងក្នុងពានរង្វាន់ AFC CUP ។ ក្រុមទាំងមូល ក៏ដូចជាកីឡាករ ពិតជាមានមោទនភាពណាស់ក្នុងនាមជាក្រុមមួយតំណាងជាតិចូលរួមពានរង្វាន់មួយនេះ ដែលជាពានមួយដ៏សំខាន់សម្រាប់មុខមាត់ក្រុម និងមុខមាត់ប្រទេសជាតិយើងផងដែរ»។
ចំណែកឯលោក Yu Hoshide គ្រូបង្វឹករបស់ Kaya Iloilo បាននិយាយដែលចេញផ្សាយទំព័រក្លិប៖«នេះជាពូលដែលពិបាកបំផុតក្នុងតំបន់អាស៊ាន។ដែលមានជើងឯកលីគឥណ្ឌូនេស៊ី Bali United និងជើងឯករងលីគម៉ាឡេស៊ី Kedah Darul Aman ជាដើម។ គូប្រជែងរបស់យើងទាំងអស់គឺជាក្លិបដែលមានគុណភាពខ្ពស់ ដូច្នេះវាដូចជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ។ យើងត្រូវតែចាប់ផ្ដើមឲ្យខ្លាំង ហើយបញ្ចប់ជាមួយភាពខ្លាំង។ ក្នុងការប្រកួតទាំងបីនេះ យើងនឹងព្យាយាមឱ្យអស់ពីសមត្ថភាពរបស់យើង»។
លើសពីនេះប្រធានក្រុម KAYA កីឡាករ Jovin Bedic ដែលធ្លាប់បានស៊ុតបញ្ចូលទីលើក្រុមជើងខ្លាំងកូរ៉េនៅ ACL Ulsan Hyundai បាននិយាយបែបនេះ៖ «យើងបានរៀនច្រើនពី Champions League។ វាគឺជាការជំរុញបន្ថែមសម្រាប់យើងទាំងអស់គ្នា។ ថ្ងៃស្អែកគឺជាការចាប់ផ្តើមនៃយុទ្ធនាការរបស់យើង ដូច្នេះយើងត្រូវតែធ្វើការឲ្យខ្លាំង ហើយសង្ឃឹមថាយើងអាចទទួលបានបីពិន្ទុ»។
Foto : VSKFC &KAYA