ads
ads
សំណាង​+គុណភាព វិសាខា ជាក្លិបម្ចាស់ជើងឯកពានសម្ដេចហ៊ុនសែនដំបូងគេកំពុងធ្វើបាន​ល្អក្នុងពាន AFC Cup 2022 ជាប្រវត្តិសាស្រ្ត
២៨-មិថុនា-២០២២

វា​មិន​មែន​ជារឿង​ចៃដន្យសោះ​ឡើយ តែ​វា​អាច​និយាយបាន​ជាសំណាងបូក​ជាមួយគុណភាព ដែល​វិសាខាកំពុងធ្វើ​បាន​ល្អ​ក្នុងពាន​រង្វាន់ AFC Cup 2022 វគ្គ​ជម្រុះ​ក្នុងពូល​ G ក្រោយ​បង្ហាញខ្លួន​២​ប្រកួត​ ឈ្នះទាំង២​ប្រកួត​ហើយ​មាន​ភាគរយខ្ពស់​ជាង​គេ​ក្នុង​ឡើង​ទៅ​វគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រអន្តរតំបន់។

ហេតុអ្វីថាសំណាង? ក្នុង​នាម​ជាជើងឯកពាន​សម្ដេច​ហ៊ុនសែន វិសាខា​ទទួលបាន​កៅអីវគ្គជម្រុះ​ play0ff ពាន AFC Cup 2022 តែ​ប៉ុណ្ណោះពី​កៅអី មួយកន្លះ​ដែល​ក្លិប​កម្ពុជា​ទទួល​បាន ខណៈដែល​ភ្នំពេញក្រោន​ជាម្ចាស់​ជើង​លីគកម្ពុជា​ទទួលបាន​កៅអីវគ្គជម្រុះក្នុងពូលស្វ័យប្រវត្តិ។ វគ្គជម្រុះ​ play0ff តំបន់​អាស៊ាន ក្រុមសេះស​ មួយ​នេះ​ត្រូវ​លេង​តទល់នឹង​ Young Elephant របស់​ឡាវ។ បើ​ក្រុមណា​ឈ្នះ​នឹង​ឡើង​ទៅវគ្គ​ជម្រុះក្នុងពូល។

អ្វីដែលចំណេញ! ក្រុម​ទាំងពីរ​មិនចាំបាច់​លេង​វគ្គ​នេះ​ឡើយ គឺ​ត្រូវ​ឡើង​មក​វគ្គ​ជម្រុះ​ក្នុង​ពូល G និង​ I រៀងៗខ្លួន​ដោយ​សារ​តែ​ក្លិបមីយ៉ាន់ម៉ា​ចំនួន​២​គឺ Shan United និង Hantharwady United ដែល​មាន​កៅអីក្នុងពូលស្រាប់ ​ត្រូវ​ដកខ្លួនចេញដោយ​សារ​បញ្ហាកូវីដ និង​បញ្ហានយោបាយក្នុង​ប្រទេស។

បើ​និយាយអំពី​គុណភាព ចូល​មក​ដល់​ក្នុង​ពូល​គ្មាន​នរណារំពឹង​ថា​វិសាខា​ធ្វើ​បាន​ល្អ​បែនេះនោះ​ឡើយ ពី​ព្រោះ​ពួក​គេ​ជាក្លិប​ថ្មីថ្មោងបំផុត​ដែល​មាន​បទពិសោធន៍​លេង​ពានអន្តរជាតិ​ទទួលស្គាល់​ពី​ AFC ​ប្រកួត​ទី​មួយ​បាន​យក​ឈ្នះ​ Kaya FC របស់​ហ្វីលីពីន២​ទល់​១។ របូត​គ្រាប់​បាល់​មុន​គឺ​ជា​អ្វី​ដែល​ពួក​គេ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សឹង​តែ​អស់សង្ឃឹម ប៉ុន្តែ​ការ​វាយបក​យក​២​គ្រាប់​ពី កែន ចាន់សុភ័ក្ត្រ និង​សារ ទី​ជាមួយនឹង​ការ​បង្ហាញគុណផល​លេង​ដ៏​ជក់​ភ្នែកក្រោម ​ការ​ដឹកនាំរបស់​លោក មាស ចាន់ណា ធ្វើឱ្យ​ពួក​គេ​បាន​ក្លាយ​ជា​ក្លិប​ច្បាស់​ជើងឯកពាន Hun Sen Cup 2021 ឈ្នះការ​ប្រកួតដំបូងក្នុង​ប្រវត្តិសាស្រ្តក្លិបកម្ពុជា​លេង​នៅ AFC Cup ។

ការ​ប្រកួត​ទី២ប៉ះ​ជាមួយ Bali United ត្រូវ​បាន​គេ​រំពឹង​ថា ម្ចាស់​ពានសម្ដេច​ហ៊ុន សែន២សម័យកាលមួយ​នេះ​កំពុងតែជួប​ឧបសគ្គធំក្នុងប្រវត្តិសាស្រ្តពាន​អន្តរជាតិរបស់​ខ្លួន។ មិន​ខុស​ពី​ការ​ប្រកួតទីមួយ! ការ​របូត​គ្រាប់បាល់​មុន​ ជា​រឿង​មួយ​ដែល​ធ្វើភាគរយ​នៃ​ការ​ឈ្នះ​ត្រូវ​ថមថយ។ ប៉ុន្តែ​ការ​សហការ​គ្នាក្នុងក្រុម បូក​ជាមួយ​ការ​បង្ហាញគុណផល​លេង​របស់​កីឡាករម្នាក់ៗក្នុងក្រុម បាន​ធ្វើឱ្យ​ពួក​គេ​វាយ​បក​យក​៥​គ្រាប់​យ៉ាង​រន្ថើន។ ២​គ្រាប់​របស់​អ៊ុក សុវណ្ណ និង​ Paulo Victor និង​មួយ​គ្រាប់​របស់ Lee Jae-Gun ធ្វើឱ្យ​ក្លិប​មួយ​នេះ​រក​បាន​ជ័យជម្នះ២​ប្រកួត​ជាប់​គ្នាគួរឱ្យភ្ញាក់ផ្អើល។

នេះ​មានន័យថាវិសាខា​គឺ​ជាក្លិប​ជើងឯក Cup របស់កម្ពុជាដំបូង​គេដែល​រកបាន​ជ័យជម្នះ​២​ប្រកួត​ជាប់​គ្នាក្នុងវគ្គជម្រុះក្នុងពូល។ បឹង​កេត​ធ្លាប់​ឈ្នះ​២​ប្រកួត​ក្នុង​វគ្គ​ជម្រុះក្នុងពូលដែរ តែ​ក្នុង​នាម​ជា​ជើងឯក​លីគកំពូលកម្ពុជា ហើយ​មិន​បាន​ឈ្នះ​ការ​ប្រកួត២​លើកជាប់​គ្នាបែបនេះ​ទេ។

សម្រាប់​ការ​ប្រកួត​ចុងក្រោយ! វិសាខា​នឹង​ត្រូវ​ជួបក្រុម Kedah Darul Aman របស់​ម៉ាឡេស៊ី​ដែល​លេង​២​ប្រកួត​ឈ្នះមួយ​និងចាញ់​១ នៅ​ថ្ងៃទី៣០​ខែមិថុនាឆ្នាំ​២០២២។ ការ​ប្រកួត​នេះ វិសាខា​ត្រូវ​ការ​ឈ្នះជាចាំបាច់​ដើម្បីរក្សាតំណែង​កំពូលតារាងពូល G ដើម្បី​ឡើងទៅ​វគ្គ ASEAN Zonal semi-finals ដេល​លេង​តែ​មួយ​ជើង​តែ​ប៉ុណ្ណោះ៕

អត្ថបទដើម៖ ផេកពាន​រង្វាន់សម្ដេចហ៊ុន សែន

ads
ads