Robinho អតីតកីឡាករក្លិប Manchester City និង Real Madrid កំពុងចំណាយពេលបុណ្យណូអែលរបស់គាត់នៅក្នុងគុកជាលេីកដំបូង បន្ទាប់ពីគាត់ត្រូវបានគេប្រាប់ថា មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការដោះលែងបណ្តោះអាសន្នរយៈពេល១១ថ្ងៃ ក្នុងចំណោមអ្នកទោសរាប់ពាន់នាក់។
ប្រធានពន្ធនាគារបានបញ្ជាក់ថា Robinho មិនមានសិទ្ធិទទួលបានអត្ថប្រយោជន៍ដោះលែងពីពន្ធនាគារទេ ហើយគាត់ក៏មិនអាចចំណាយពេលវេលាជាមួយភរិយា Vivian និងកូនបីនាក់របស់គាត់នៅផ្ទះក្នុងទីក្រុង Santos បានដែរ បន្ទាប់ពីគាត់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៩ឆ្នាំពីបទរំលោភសេពសន្ទវៈកាលពីខែមីនា។
ប្រធានពន្ធនាគារប្រេស៊ីលបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទណ្ឌិត Robinho មិនមានសិទ្ធិទទួលបានការដោះលែងបណ្តោះអាសន្ន ដែលជាអត្ថប្រយោជន៍ផ្តល់ដោយតុលាការសម្រាប់តែអ្នកទោសដែលអនុវត្តទោសបានពាក់កណ្តាល។
Robinho ត្រូវបានជាប់គុកតាំងពីថ្ងៃទី២១ខែមីនា។ មិត្តរបស់គាត់ម្នាក់ទៀតឈ្មោះ Ricardo Falco បានកាត់ទោសឱ្យជាប់គុកកាលពីខែមិថុនា បន្ទាប់ពីតុលាការប្រេស៊ីលបានសំរេចថា គាត់គួរតែអនុវត្តទោសដាក់គុកដែលតុលាការអ៊ីតាលីបានប្រគល់ឱ្យពួកគេផងដែរ។
បុរសទាំងពីរនាក់ត្រូវបានកាត់ទោសពីបទរំលោភផ្លូវភេទស្ត្រីជនជាតិអាល់បានីនៅក្នុងក្លឹបរាត្រីមួយក្នុងទីក្រុង Milan ក្នុងខែមករា ឆ្នាំ២០១៣ ខណៈពេលដែលគាត់នៅ AC Milan៕