បុគ្គលម្នាក់ជាជនជាតិម៉ាឡេស៊ីត្រូវបានអាជ្ញាធរចាប់ខ្លួន បន្ទាប់ពីរងការចោទប្រកាន់ពីបទសម្លាប់ស្ត្រីម្នាក់ ដែលសាកសពត្រូវបានគេរកឃើញថានៅតំបន់ Tabuan Jaya រដ្ឋ Sarawak កាលពីសប្តាហ៍មុន។
ជនសង្ស័យវ័យ ២៣ឆ្នាំរូបនេះ ត្រូវបានគេជឿថា ត្រូវការលុយដើម្បីទស្សនាការប្រកួត របស់ក្រុមខ្លាម៉ាឡាយូ ទល់នឹងកម្ពុជា ក្នុងការប្រកួតក្នុងពូល A ពានរង្វាន់ ASEAN Mitsubishi Electric Cup (AMEC) 2024 នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៨ ខែធ្នូ កន្លងទៅ។ ជនសង្ស័យបានយកគ្រឿងអលង្ការ រួមទាំងខ្សែដៃ និងក្រវិល ដែលជារបស់ជនរងគ្រោះ ទៅបញ្ចាំក្នុងគោលបំណងប្រើប្រាស់ដូចជាធ្វើដំណើទៅកម្ពុជានិងទិញសំបុត្រទស្សនាការប្រកួត។
ក្នុងការប្រកួតនោះ កម្ពុជានិងម៉ាឡេស៊ីបានត្រឹមចែកគ្នាម្នាក់មួយពិន្ទុប៉ុណ្ណោះ បន្ទាប់ពីស្មើ ២-២ ដោយគ្រាប់បាល់របស់ម៉ាឡេស៊ីរកបានដោយកីឡាករ Stuart Wilkin និង Fergus Tierney ហើយ២ គ្រាប់របស់កម្ពុជារកបានដោយ Abdel Kader និង សារ ទី។