ads
ads
អ្នក​គាំទ្រ​ចិន​អស់​ការ​អត់ធ្មត់​ក្រោយជម្រើសជាតិរបស់ខ្លួនចាញ់ជប៉ុន៧-០​ ក្នុងការ​ប្រកួត​ជម្រុះ World Cup
០៧-កញ្ញា-២០២៤

ការបរាជ័យយ៉ាងធ្ងន់ធ្ងររបស់ប្រទេសចិន 0-7 ក្រោមស្នាដៃក្រុមជប៉ុនក្នុងជុំទី 3 នៃវគ្គជម្រុះ World Cup ឆ្នាំ 2026 បានបង្កឱ្យមានការរិះគន់ពីអ្នកគាំទ្រ និងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសចំពោះក្រុមជម្រើសជាតិ។

អ្នក​គាំទ្រ​ចិន​បាន​ប្រើ​ពាក្យ​«អាម៉ាស់»​ដើម្បី​ពណ៌នា​ការ​បរាជ័យ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។ Channel News Asia បានសរសេរថា៖«ក្រុមបាល់ទាត់ជម្រើសជាតិចិន ប្រឈមមុខនឹងការមើលងាយ និងការរិះគន់តាមអ៊ីនធឺណិតពីអ្នកគាំទ្រ និងប្រព័ន្ធផ្សព្វផ្សាយ។ ពួកគេ​ក៏​បាន​ចំអក​ដល់​ស្ថានភាព​កីឡា​ក្នុង​ប្រទេស​ផងដែរ​»។

ការបរាជ័យនៅទីក្រុង Saitama ប្រទេសជប៉ុនបានក្លាយជាប្រធានបទពេញនិយមបំផុតនៅលើ Weibo ដែលជាបណ្តាញសង្គមដ៏ធំបំផុតរបស់ប្រទេសចិនគិតត្រឹមថ្ងៃសុក្រនេះ។

«ចិនចាញ់ 0-7 ក្រោមស្នាដៃជប៉ុន” បានក្លាយជាប្រធានបទដែលទទួលបានការចូលមើល 530 លានដង ដោយមានមតិរិះគន់ជាច្រើនបានទាក់ទាញអ្នកចុច Like រាប់ពាន់នាក់។

អ្នក​ប្រើ​ប្រាស់ Weibo ម្នាក់​បាន​សរសេរ​ថា៖ «ពួកគេ​ប្រហែល​ជា​គិត​ថា ចាញ់ត្រឹមរបូត​គ្រាប់​បាល់​ពីរ​គ្រាប់​គឺ​គ្រប់គ្រាន់​ហើយ ប៉ុន្តែ​ពួកគេបានបងកើត​ប្រវត្តិសាស្ត្រ​ម្ដង​ទៀត​ជាមួយ​នឹងគ្រាប់បាល់ 7-0»។

ម្នាក់​ទៀត​បាន​និយាយ​ថា​៖ «​ឥឡូវ​ខ្ញុំ​យល់​ថា​ហេតុ​អ្វី​បាន​ CCTV មិន​ចាក់​ផ្សាយ​ការ​ប្រកួត​នោះ​។

ការរិះគន់នៅតែបន្តកើតមានលើប្រធានបទពេញនិយមបំផុតរបស់ Weibo ។ គណនីមួយបាននិយាយថា ពួកគេមិនបានឃើញអ្នកចាំទីជប៉ុនពេញការប្រកួតនោះទេ។ អ្នក​ផ្សេង​ទៀត​ជា​ច្រើន​បាន​អំពាវ​នាវ​ឱ្យ​រំលាយ​ក្រុម​ជម្រើសជាតិនេះចោល​ព្រោះ​ថា ៖«គ្មាន​ន័យអ្វីសោះ​ក្នុង​ការ​ចំណាយ​ប្រាក់​ច្រើន​ដល់​ក្រុម​ដែល​គ្មាន​ប្រយោជន៍​នេះ​ទេ»។

មុនការ​ប្រកួតម្សិលមិញ ចិន​ចាញ់​ជប៉ុន​ច្រើន​​បំផុតត្រឹម២​គ្រាប់៉ុណ្ណោះ។ ការបរាជ័យដ៏សំខាន់ចុងក្រោយរបស់ពួកគេក្នុងការប្រកួតផ្លូវការមួយគឺការបរាជ័យ 1-4 លើអ៊ីរ៉ង់ក្នុងឆ្នាំ 1997 ក្នុងវគ្គជម្រុះ World Cup ឆ្នាំ 1998 ។ 0-7 ក៏ជាការបរាជ័យដ៏ធំបំផុតរបស់ចិនក្នុងរយៈពេល 12 ឆ្នាំ ចាប់តាំងពីការបរាជ័យ 0-8 ក្រោមស្នាដៃក្រុមប្រេស៊ីលក្នុងការប្រកួតមិត្តភាពកាលពីឆ្នាំ 2012។

ចិន​បាន​ឈាន​ចូល​ដល់​ជុំ​ទី​៣​នៃ​ការ​ប្រកួត​ជម្រុះ World Cup 2026 ក្នុង​នាម​ជា​ក្រុម​លេខ២នៅ​ក្នុង​ពូល C នៃ​ជុំ​ទី​ពីរ។ នៅលើចំណាត់ថ្នាក់របស់ FIFA ប្រទេសជប៉ុនឈរលេខ១៧ហើយចិនឈរលេខ៧១។

លោក Branko Ivankovic គ្រូបង្វឹករបស់ប្រទេសចិនបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួតថា ៖«ប្រទេសជប៉ុនមិនត្រឹមតែជាក្រុមខ្លាំងបំផុតនៅអាស៊ីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាក្រុមលំដាប់ពិភពលោកផងដែរ»។

គ្រូ​បង្វឹក​សញ្ជាតិ​ក្រូអាត​បាន​ទួញ​សោក​ថា​វា​ជារាត្រី​ដ៏​លំបាក​បំផុតក្នុង​អាជីព​ជា​គ្រូ​បង្វឹក​របស់​គាត់។

Ivankovic បាននិយាយថា៖ “វាគឺជាការប្រកួតដ៏ស្វិតស្វាញមួយ។ យើងផ្តោតជាពិសេសលើការការពារកំឡុងពេលរៀបចំមុនការប្រកួតរបស់យើង ប៉ុន្តែយើងបានរបូតគ្រាប់បាល់ច្រើនពេកក្នុងអំឡុងពេលប្រកួត ហើយគ្រាប់បាល់មួយចំនួនមិនគួរកើតឡើងទេ”។

អ្នកសរសេរប្លុកកីឡាដ៏ល្បីល្បាញរបស់ប្រទេសចិន He Sheng ដែលមានអ្នកតាមដានជាងមួយលាននាក់នៅលើ Weibo បានធ្វើដំណើរទៅកាន់ទីក្រុង Saitama ដើម្បីមើលការប្រកួតផ្ទាល់ជាមួយកូនស្រីរបស់គាត់។ អ្វី​ដែល​នៅ​ក្នុង​ចិត្ត​របស់​គាត់​គឺ​ការ​ធ្វើ​មិន​បាន​ល្អ​របស់​កីឡាករ។ លោក​បាន​និយាយ​ថា​៖ «​មិន​មាន​អ្វី​ត្រូវ​និយាយ​អំពី​ការ​ប្រកួត​នេះ​ទេ»​។

ប្រទេស​ចិន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ប្រទេស​កីឡា​ខ្លាំង​បំផុត​ទី​ពីរ​ក្នុង​ពិភពលោក ​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក ប៉ុន្តែ​ពួកគេ​មិន​អាច​រក​វិធី​អភិវឌ្ឍកីឡា​បាល់ទាត់​បាន​ទេ ហើយ​មិន​អាច​សម្រេច​បាន​នូវ​មហិច្ឆតា ​ដើម្បី​ក្លាយ​ជា​ប្រទេស​បាល់ទាត់​ដ៏​អស្ចារ្យ​មួយ។ ក្លិបចិនធ្លាប់ចំណាយលុយច្រើនដើម្បីជ្រើសរើសតារាល្បីៗ ធំៗទៅប្រកួតជើងឯកថ្នាក់ជាតិ ដូចអ្វីដែលអារ៉ាប៊ីសាអូឌីតកំពុងធ្វើដែរ ប៉ុន្តែលទ្ធផលគឺដោយសារមូលដ្ឋានគ្រឹះបាល់ទាត់ខ្វះស៊ីជម្រៅក្នុងការអភិវឌ្ឍន៍យុវជន។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ អំពើ​ពុក​រលួយ ជា​ពិសេស​នៅ​ក្នុង​សមាគម​កីឡា​បាល់ទាត់​ចិន (CFA) បាន​ធ្វើ​ឲ្យ​អ្វីៗ​ធ្លាក់​ចុះ។ នៅឆ្នាំ 2023 អតីតប្រធាន CFA លោក Chen Xuyuan ត្រូវបានកាត់ទោសឱ្យជាប់គុកអស់មួយជីវិតពីបទសូកប៉ាន់​នៅក្នុងការស៊ើបអង្កេតឆ្នាំ 2022 ។ ឥស្សរជនជាន់ខ្ពស់មួយចំនួន ជាពិសេសអតីតគ្រូបង្វឹកក្រុមជម្រើស​ជាតិ​ចិន លោក Li Tie ក៏ត្រូវបានចាប់ខ្លួនផងដែរ។

លើកចុងក្រោយ និងតែមួយគត់ដែលចិនបានចូលរួមក្នុង World Cup គឺឆ្នាំ 2002។ អតីតប្រធានក្រុមជម្រើស​ជាតិលោក Fan Zhiyi ជឿជាក់ថា ក្នុងស្ថានភាពបច្ចុប្បន្ន ការប្រកួតជម្រុះ World Cup ជាលើកទីពីរគឺមិនអាចទៅរួចទេ។ ការ​ចាញ់​ជប៉ុន​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​បាន​កាត់​បន្ថយ​ទំនុក​ចិត្ត​របស់​អ្នក​គាំទ្រ​ថែម​ទៀត។

អ្នកគាំទ្រម្នាក់បានសរសេរនៅលើ Weibo ថា៖«វិធីដែលពួកគេបានបរាជ័យគឺមិនអាចទទួលយកបាន»។

កាសែត Oriental Sports Daily បាននិយាយថា បាល់ទាត់ចិនកំពុងទទួលការវាយប្រហារយ៉ាងខ្លាំង។កាសែតនេះបានសរសេរថា៖«នៅពេលដែលភាពជូរចត់ឈានដល់ដែនកំណត់របស់វា អ្វីទាំងអស់ដែលនៅសល់គឺស្ពឹកស្រពន់” ។ លើសពីនេះ កាសែតដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ បានហៅ Ivankovic ថាជាគ្រូបង្វឹកអសមត្ថភាព ដែលទទួលខុសត្រូវមួយផ្នែកចំពោះការបរាជ័យនេះ។

ការប្រកួតជម្រុះ World Cup 2026 ជុំទីបីបានបញ្ចប់ការប្រកួតដំបូងរបស់ខ្លួន។ ប្រទេស​ចិន​នៅ​មាន​ការ​ប្រកួត​ចំនួន​ប្រាំបួន​ទៀត ​ដើម្បី​ស្ដារ​ទំនុក​ចិត្ត​ពី​អ្នក​គាំទ្រ។ ប៉ុន្តែផ្លូវឆ្ពោះទៅមុខមិនងាយស្រួលនោះទេ ព្រោះការប្រកួតបន្ទាប់នៅថ្ងៃទី 10 ខែកញ្ញា ពួកគេនឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមអារ៉ាប៊ីសាអូឌីត ដែលជាក្រុមដែលត្រូវការជ័យជម្នះផងដែរបន្ទាប់ពីស្មើ 1-1 ទល់នឹងក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី។

ads
ads