លោក Erik ten Hag ហាក់ដូចជាមិនស្រពិចស្រពិលអំពីការប្រជែងពានដ៏ធំដែលកំពុងរង់ចាំនៅថ្ងៃសៅរ៍នៅកីឡដ្ឋាន Wembleyនោះទេ។
Manchester United ជួបម្ចាស់ជើងឯក Premier League ៤សម័យជាប់គ្នា Manchester City ដែលជាម្ចាស់ការពារតំណែងជើងឯក FA Cup នៅវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំមុន។
លទ្ធផលក្នុងការប្រកួតនេះអាចសម្រេចថាតើ Ten Hag នឹងត្រូវបានផ្តល់ឱកាសដឹកនាំនៅរដូវកាលមួយផ្សេងទៀត ឬក៏រើបង្វិចចេញ។ ការប្រកួតនេះហាក់ដូចជាមានសម្ពាធខ្លាំងសម្រាប់បិសាចក្រហម ប៉ុន្តែ Ten Hag បានជ្រើសរើសវិធីសាស្រ្តមិនបង្ហាញពីភាពតានតឹងនេះទេ។
ថ្លែងទៅកាន់សមាគមកីឡាបាល់ទាត់អង់គ្លេស FA នៅមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏ធំ លោក Ten Hag បានពន្យល់ថា៖«វាជារដូវកាលដ៏វែងឆ្ងាយ និងពេលខ្លះពិបាក ប៉ុន្តែយើងនៅទីនេះនៅថ្ងៃចុងក្រោយ ជាមួយនឹងឱកាសមួយដើម្បីធានាបានពានរង្វាន់ធំទីពីររបស់យើងនៅក្នុងយុទ្ធនាការនេះ»។
«សម្រាប់បញ្ហាទាំងអស់ដែលយើងត្រូវដោះស្រាយ ខ្ញុំគិតថា យើងត្រូវនិយាយច្រើនអំពីបុគ្គលិកលក្ខណៈរបស់យើងជាក្រុម។»
«នៅពេលដែលអ្នកចូលប្រកួតប្រជែងពានណាមួយដែលអ្នកមានបំណងចង់ឈ្នះវា ដូច្នេះយើងប្រឹងឱ្យបានឈានដល់វគ្គផ្តាច់ព្រ័ត្រ FA Cup ហើយយើងនឹងមានឱកាសបានឈ្នះ»។
«ពិតណាស់ យើងមានការគោរពបំផុតចំពោះលោក Pep Guardiola និងកីឡាកររបស់គាត់ កំណត់ត្រារបស់ពួកគេក្នុងនាមជាអ្នកចាត់ការ និងក្រុមនាពេលថ្មីៗនេះ ទាមទារឱ្យយើងដឹងនៅក្នុងខ្លួនយើងថា យើងមានទេពកោសល្យ និងចរិតលក្ខណៈដើម្បីផ្តួលក្រុមណាក៏បាន។ យើងលេងឱ្យអស់ពីសមត្ថភាពជាមួយនឹងផែនការដ៏ល្អ»។
«ហ្គេមនេះផ្តល់ឱ្យយើងនូវឱកាសមួយ ដើម្បីទទួលបានរសជាតិមួយផ្សេងទៀតនៃទម្លាប់ឈ្នះ ហើយផ្តល់ឱ្យខ្លួនយើងនូវអ្វីមួយបន្ថែមទៀតដើម្បីកសាងសម្រាប់រដូវកាលក្រោយ និងលើសពីនេះ»។
«កីឡាករ បុគ្គលិក និងអ្នកគាំទ្ររបស់យើងទាំងអស់គ្នានឹងរួបរួមគ្នាដោយផ្តល់អ្វីគ្រប់យ៉ាងសម្រាប់គ្នាទៅវិញទៅមកដើម្បីធ្វើឱ្យការប្រកួត FA Cup កើតឡើង”»។