លោក Pep Guardiola បានសុំទោសកីឡាករ Kalvin Phillips សម្រាប់ការនិយាយជាសាធារណៈថាខ្សែបម្រើរូបនេះលើសទម្ងន់១,៥គីឡូក្រាមកាលពីរដូវកាលមុន។ តាមការចេញផ្សាយរបស់សារព័ត៌មាន Daily Mailកាលពីថ្ងៃអង្គារទី២០ កុម្ភៈ ឆ្នាំ២០២៤។
Phillips ត្រូវបានគេប្រាប់ឱ្យនៅឱ្យឆ្ងាយពីក្លិប Manchester City ក្នុងឱកាសបុណ្យណូអែល ដោយសារការខកខានក្នុងការកំណត់គោលដៅទម្ងន់ បន្ទាប់ត្រឡប់ពីវិស្សមកាលទៅទីក្រុង New York ក្រោយពីប្រកួត World Cup នៅប្រទេសកាតា។
កីឡាករវ័យ២៨ ឆ្នាំដែលបានស៊ូទ្រាំនឹងការចាប់ផ្តើមដ៏ច្របូកច្របល់ក្នុងលក្ខខណ្ឌខ្ចីជើងនៅក្លិប West Ham ថ្មីៗនេះបានសារភាពថា គាត់មានអារម្មណ៍ឈឺចាប់ដោយសារតែលោក Guardiola បានប្រកាសពីបញ្ហានេះតាមរយៈសារព័ត៌មាន។
ម្តាយរបស់គាត់ឈ្មោះ Lindsay បានឈប់ចូលទស្សនាការប្រកួតរបស់ក្លិបMan City។ Phillips បាននិយាយថា៖«ខ្ញុំមិនមែនមិនយល់ស្របនឹងការវាយតម្លៃរបស់ Guardiola ប៉ុន្តែថាមានវិធីផ្សេងទៀតក្នុងការដោះស្រាយ។ ចាប់តាំងពីពេលនោះមក អ្នកទាំងពីរមិនដែលពិភាក្សាអំពីបញ្ហានេះទេ»។
ទោះជាយ៉ាងណាក៏ដោយ ទីបំផុតលោក Guardiola បាននិយាយថា៖«ខ្ញុំសុំទោស។ សុំទោសម្តងក្នុងរយៈពេលប្រាំបីឆ្នាំគឺមិនអាក្រក់ទេ ប៉ុន្តែខ្ញុំពិតជាសោកស្តាយណាស់។ ខ្ញុំសូមអភ័យទោស»។
នៅក្នុងបទសម្ភាសន៍ជាមួយ Mail Sport កាលពីរដូវក្តៅមុន Phillips បានអះអាងថា គាត់មិនបានដឹងពីការលើកឡើងរបស់លោក Guardiola ទេ រហូតដល់គាត់បានត្រលប់មកហ្វឹកហាត់វិញ។
លោក Guardiola នៅតែអះអាងថា លោកបាននិយាយជាមួយ Phillips មុនពេលធ្វើអត្ថាធិប្បាយជាសាធារណៈអំពីទម្ងន់របស់គាត់ ដោយនិយាយថា៖« ពីមុនៗមក ខ្ញុំមិនដែលនិយាយអ្វីជាសាធារណៈដោយមិននិយាយជាមួយកីឡាករក្នុងរឿងនោះទេ»។
លោក Guardiola បន្តថា វាជាពេលតែមួយគត់ក្នុងរជ្ជកាលដឹកនាំ Man City ដែលគាត់បានធ្វើកំហុសបែបនេះ។
Phillips បានស៊ូទ្រាំនឹងពេលវេលាដ៏សោកសៅនៅ Man City ចាប់តាំងពីបានចុះហត្ថលេខាពី Leeds ក្នុងឆ្នាំ២០២២នៅពេលដែលគាត់ត្រូវបានចាត់ទុកថាជាតារាឆ្នើមមួយរូបរបស់ប្រទេសអង់គ្លេស។