ads
ads
ក្រុមនៅ Serie A បោះឆ្នោតឲ្យរក្សាក្រុមចំនួន២០ នៅដដែល
១៣-កុម្ភៈ-២០២៤

ទីបំផុតក្របខ័ណ្ឌបាល់ទាត់អ៊ីតាលី Serie A នៅតែរក្សាក្រុមចំនួន២០ដដែល បន្ទាប់ពីក្រុមចំនួន១៦ នៃក្លឹបបច្ចុប្បន្នបានបោះឆ្នោតប្រឆាំងនឹងការកាត់បន្ថយមកនៅ១៨ក្រុមវិញ។ នេះបើយោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានBBC។ នៅឯកិច្ចប្រជុំម្ចាស់ភាគហ៊ុននៅទីក្រុង Milan  មានតែក្លឹបចំនួន៤ប៉ុណ្ណោះរួមមានៈ Juventus, Inter Milan, AC Milan និង Roma ដែលបានបោះឆ្នោតសម្រាប់សំណើកាត់បន្ថយចំនួនក្រុមកំពូលរបស់អ៊ីតាលី។

មូលហេតុជំរុញឱ្យមានការកាត់បន្ថយចំនួនក្រុមគឺក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយចំនួនប្រកួត និងបង្កើនគុណភាពនៃបាល់ទាត់តាមការផ្តល់ជូន ប៉ុន្តែត្រូវការសម្លេងភាគច្រើន(១៤ក្លឹប) ដើម្បីឆ្លងកាត់កំណែទម្រង់។

លោក Scaroni ប្រធានក្លឹបAC Milan បាននិយាយថា «តាមពិតទៅ! ក្លឹបដូចជាពួកយើង ដែលត្រូវប្រកួតអន្តរជាតិ ហើយមានកីឡាករជាច្រើនត្រូវកោះហៅទៅក្រុមជម្រើសជាតិ តែងតែត្អូញត្អែរអំពីការប្រកួតច្រើនពេក។ កីឡាករ​ត្រូវប្រកួត​ក្នុង​ទ្វីប ​ប្រកួត​ក្រុម​ជម្រើស​ជាតិ​របស់​ពួក​គេ ពាន​រង្វាន់ Italian Cup និង​លីគ។ ទាំងអស់នេះ​នាំ​ឱ្យ​មាន​ការ​ប្រកួត​ជាច្រើន ​ដែល​មិន​អាច​ទ្រាំទ្រ​បាន ហើយ​ដែល​ជា​មូលហេតុ​នៃ​ការ​រង​របួស​ជា​ច្រើន»

ទម្រង់បច្ចុប្បន្ននៃលីគកំពូលអ៊ីតាលី Serie A មានចំនួន២០ក្រុម ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០០៤-០៥ ។ សម្រាប់សំណើកំណែទម្រង់ក៏ត្រូវបានអនុម័តផងដែរ ខណៈដែលលីកអ៊ីតាលីជំរុញឱ្យមានស្វ័យភាព(ការគ្រប់គ្រងដោយខ្លួនឯង)បន្ថែមទៀត ស្រដៀងទៅនឹង Premier League នៅប្រទេសអង់គ្លេស។

កំណែទម្រង់ទាំងនោះនឹងត្រូវបានបង្ហាញនៅឯមហាសន្និបាតវិសាមញ្ញនៃសហព័ន្ធបាល់ទាត់អ៊ីតាលី (FIGC) ក្នុងខែមីនា។ លោក Lorenzo Casini ប្រធាន Serie A បាននិយាយថា «បច្ចុប្បន្នប្រព័ន្ធនេះមិនផ្តល់ឱ្យលីគកំពូល Serie A នូវស្វ័យភាព និងទម្ងន់នៃការសម្រេចចិត្ត ដែលវាគួរតែមានទាក់ទងនឹងទម្ងន់សេដ្ឋកិច្ចផងដែរ៕»

ads
ads