ក្រុមហ៊ុនលក់ដេញថ្លៃ Bonhams របស់អង់គ្លេសបានបញ្ជាក់ថា កុងត្រារបស់ Lionel Messi ដែលធ្វើពីក្រដាសជូតមាត់ នៅពេលគាត់មានអាយុ ១៣ឆ្នាំ ចុះហត្ថលេខាលើកិច្ចសន្យាដំបូងជាមួយ Barcelona នឹងត្រូវដាក់លក់ដេញថ្លៃ នៅខែមីនា ក្នុងតម្លៃចាប់ផ្តើម ៣៨១០០០ ដុល្លារ។ នេះបើយោងតាមការចេញផ្សាយរបស់ Reuter។ ក្រដាសដ៏មានតម្លៃនេះនឹងស្ថិតក្នុងការដាក់ឲ្យដេញថ្លៃចាប់ពីថ្ងៃទី ១៨-២៧ ខែកុម្ភៈ ខាងមុខនេះ។
ប្រធានផ្នែកប្រមូលចងក្រងសៀវភៅល្អៗ និងសាស្ត្រាស្លឹករឹតរបស់ក្រុមហ៊ុនដេញថ្លៃ Bonhams លោក Ian Ehling បាននិយាយថា នេះគឺជាវត្ថុដ៏គួរឱ្យរំភើបបំផុតមួយ ដែលខ្ញុំមិនធ្លាប់មានពីមុនមក។ វាពិតប្រាកដជាក្រដាសជូតមាត់ ប៉ុន្តែវាជាក្រដាស់ដ៏ល្បីល្បាញដែលចាប់ផ្តើមអាជីពរបស់ Lionel Messi ។
ក្រដាសនេះ ត្រូវបានចុះហត្ថលេខាក្នុងខែធ្នូ ឆ្នាំ២០០០ រវាងលោក Carles Rexach ដែលពេលនោះជានាយកកីឡារបស់ Barca ជាមួយលោក Jorge Messi ឪពុករបស់ Messi និងភ្នាក់ងារ Horacio Gaggioli ដើម្បីជ្រើសរើសយកយុវជនអាហ្សង់ទីន។
សរសេរដោយទឹកថ្នាំពណ៌ខៀវ កិច្ចព្រមព្រៀងនៅលើក្រដាស់នោះមានខ្លឹមសារថា ទីក្រុងបាសេឡូណា ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០០ ដោយមានវត្តមានលោក Messrs Minguella , Horacio ភ្នាក់ងាររបស់Messi និង លោក Carles Rexach ប្រធានផ្នែកកីឡាក្លឹប FC Barcelona យល់ព្រមទំនួលខុសត្រូវ ដោយមិនគិតពីមតិប្រឆាំងណាមួយឡើយ។ ដើម្បីចុះហត្ថលេខាលើកីឡាករ Lionel Messi យើងរក្សាតាមចំនួន ដែលបានព្រមព្រៀងគ្នា។
រយៈពេលត្រឹមតែ១ខែ បន្ទាប់ពីបានចូលរួមជាមួយក្លឹបBarcelona ខ្សែប្រយុទ្ធ Messi ក្លាយជាអ្នកស៊ុតបញ្ចូលទីបំបែកកំណត់ត្រារបស់ក្លឹប។ គាត់បានបង្ហាញខ្លួនជាលើកដំបូងនៅអាយុ១៦ ឆ្នាំ និងស៊ុតបញ្ចូលទីបាន ៦៧៤ គ្រាប់ក្នុង៧៨២ ប្រកួតសម្រាប់ក្លឹបអ្នកមានបុណ្យ។ កីឡាករវ័យ ៣៦ ឆ្នាំបានជួយBarcelona ឈ្នះពានសរុប៣៥ ដែលក្នុងនោះរួមបញ្ចូលទាំងពាន La Liga ១០ ដង និង Champions League ៤ ដងនៅ Barcelona មុនពេលចាកចេញទៅ Paris St-Germain ក្នុងឆ្នាំ ២០២១។
បច្ចុប្បន្នកីឡាករមុខស្លូតរូបនេះកំពុងលេងអោយក្លឹបបាល់ទាត់អាមេរិកInter Miami និងបានជួយអោយក្លឹបនេះឈ្នះពានLeague Cup ២០២៣ ជាលើកដំបូង៕