អតីតខ្សែប្រយុទ្ធ Andriy Shevchenko ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានសមាគមបាល់ទាត់របស់ប្រទេសអ៊ុយក្រែន (UAF) កាលពីថ្ងៃព្រហស្បតិ៍ទី២៥ មករា ២០២៤ ។នេះបើយោងតាមការចេញផ្សាយរបស់ Reuter។
បុរសអាយុ ៤៧ ឆ្នាំរូបនេះបានទទួលសម្លេងឆ្នោត ៩៣លើ៩៤នៅក្នុងសម័យប្រជុំ UAF ទីក្រុងគៀវ។ តាមពិតទៅShevchenko មានសិទ្ធិបោះឆ្នោតទី ៩៤ក្នុងនាមជាប្រតិភូប៉ុន្តែលោកមិនបានបោះទេ។
Shevchenko ដែលបានចូលនិវត្តន៍ពីអាជីពបាល់ទាត់កាលពីឆ្នាំ ២០១២ បន្ទាប់ពីបានលេងឱ្យក្លឹបមួយចំនួនដូចជា៖ Dynamo Kyiv, AC Milan និង Chelsea ត្រូវចូលមកជំនួនតំណែងលោក Andriy Pavelko ដែលបានធ្វើជាប្រធាន UAF តាំងពី២០១៥ តែពេលនេះគាត់ត្រូវប្រឈមមុខនឹងការកាត់ទោសពីបទចោទប្រកាន់ពីបទកេងបន្លំលុយ។ ទោះជាយ៉ាងណាក្តីលោកPavelko បានបដិសេធចំពោះការចោទប្រកាន់នេះ។
បន្ទាប់ពីជាប់ឆ្នោតលោក Shevchenko បានថ្លែងថា ថ្ងៃនេះ ខ្ញុំចាប់ផ្តើមតួនាទីថ្មីរបស់ខ្ញុំជាប្រធានសមាគមបាល់ទាត់អ៊ុយក្រែន។មានកិច្ចការធំ និងមានទំនួលខុសត្រូវកំពុងរង់ចាំនៅខាងមុខដើម្បីអភិវឌ្ឍបាល់ទាត់អ៊ុយក្រែនក្នុងគ្រាលំបាកបំផុតនៅក្នុងប្រវត្តិសាស្ត្រអ៊ុយក្រែន។
Shevchenko គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេគ្រប់ពេលរបស់អ៊ុយក្រែន ដោយស៊ុតបាន ៤៨ គ្រាប់ក្នុង១១១ ប្រកួតពីឆ្នាំ ១៩៩៥ដល់ ២០១២។ គាត់ក៏បានដឹកនាំក្រុមជម្រើសជាតិអ៊ុយក្រែនផងឡើងទៅវគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់ទ្វីបអឺរ៉ុបឆ្នាំ២០២០ ៕