យោងតាមប្រភពព័ត៌មាន Daily Mail ចេញផ្សាយបានឲ្យដឹងថា អ្នកគាំទ្របាល់ទាត់ជនជាតិចិនមួយចំនួនបានសម្រុកចូលទៅក្នុងសណ្ឋាគារដែលកីឡាកររបស់ក្លឹប Al-Nassr ស្នាក់នៅដើម្បីសម្តែងការខកចិត្តរបស់ពួកគេចំពោះការអសមត្ថភាពរបស់ Ronaldo ក្នុងការចូលរួមប្រកួតមិត្តភាព ។អ្នកគាំទ្រនៅខាងក្រៅសណ្ឋាគារស្រែកហៅ Ronaldo ម្តងហើយម្តងទៀតអោយចេញមកជួបពួកគេ។
Ronaldo គឺជាកំពូលតារាបាល់ទាត់មួយរូបដែលទាក់ទាញក្នុងដំណើរប្រកួតទេសចរ(មិត្តភាព) ដែលអ្នកគាំទ្របាល់ទាត់ចិនទទ្ទឹងរង់ចាំឱកាសដ៏កម្រដើម្បីបានឃើញកីឡាករូបនេះ។ ទោះជាយ៉ាងណាក៏ដោយ Ronaldo បានរងរបួសសាច់ដុំក្នុងអំឡុងពេលហ្វឹកហាត់ដែលធ្វើឱ្យគាត់មិនអាចចូលរួមប្រកួតបានធ្វើអោយក្លឹបAl-Nassr សម្រេចចិត្តពន្យារពេល។
ក្លឹបAl-Nassr ដែលមានតារាបាល់ទាត់ឆ្នើមRonaldo បានហ្វឹកហាត់នៅទីក្រុង Shenzhen មុនការប្រកួតជាមួយក្លឹបបាល់ទាត់ចិន Shanghai នៅថ្ងៃពុធទី ២៤ មុននឹងប្រកួតមិត្តភាពមួយផ្សេងទៀតជាមួយ Zhejiang នៅថ្ងៃទី២៨ ខែមករា។
ដើម្បីរំសាយកំហឹងរបស់អ្នកគាំទ្រ Cristiano Ronaldo បានចេញមុខសុំទោសដោយនិយាយថា៖ ដូចដែលអ្នកដឹងហើយក្នុងបាល់ទាត់មានរឿងមួយចំនួនដែលអ្នកមិនអាចគ្រប់គ្រងបាន។ ខ្ញុំបានលេងបាល់ទាត់២២ ឆ្នាំ ហើយខ្ញុំជាកីឡាករដែលមិនសូវរងរបួសច្រើនទេ។ ខ្ញុំពិតជាសោកស្តាយណាស់ព្រោះ Al Nassr និងខ្លួនខ្ញុំផ្ទាល់មកប្រទេសចិនដើម្បីនាំយកភាពរីករាយមកទីនេះ។ ខ្ញុំធ្លាប់មកប្រទេសចិនកាលពីឆ្នាំ២០០៣-០៤ ដូច្នេះខ្ញុំមានអារម្មណ៍ថាទីនេះវាហាក់ដូចជាផ្ទះទីពីររបស់ខ្ញុំ។
កីឡាករសញ្ជាតិព័រទុយហ្គាល់បានបន្តថា ខ្ញុំមានអារម្មណ៍ថាខ្ញុំតែងតែជាមនុស្សពិសេសនៅទីនេះ។ ខ្ញុំមានអារម្មណ៍ក្រៀមក្រំ។ ខ្ញុំដឹងថាអ្នកទាំងអស់គ្នាក៏សោកសៅដែរ ជាពិសេសមនុស្សដែលស្រលាញ់ Cristiano ប៉ុន្តែយើងត្រូវមើលរឿងនេះតាមរបៀបដ៏ល្អ។ យើងមិនបានលុបចោលការប្រកួតនោះទេ ហើយយើងនឹងត្រលប់មកទីនេះវិញ។ បញ្ហានេះអ្នករៀបចំកម្មវិធីអាចនឹងកំណត់កាលបរិច្ឆេទថ្មីៗនាពេលឆាប់ៗខាងមុខនេះ។
ជាអកុសល ខ្ញុំមានបញ្ហាខ្លះ ប៉ុន្តែនេះជាផ្នែកមួយនៃបាល់ទាត់ និងជីវិតរបស់ខ្ញុំ។ ខ្ញុំនៅទីនេះ ខ្ញុំនៅជាមួយអ្នកគាំទ្រ ខ្ញុំនៅជាមួយប្រជាជនចិន ហើយយើងនឹងបន្តនៅទីនេះ។