ads
ads
អតីតកីឡាករ Aston Villa នឹងក្លាយជាមហាសេដ្ឋី
២២-មករា-២០២៤

អតីតកីឡាករJose Ignacio Peleteiro Ramallo ដែលត្រូវបានគេស្គាល់ជាទូទៅថា Jota របស់ក្លឹប Aston Villa កំពុងតែឈានជើងក្លាយជាមហាសេដ្ឋី បន្ទាប់ពីបោះបង់អាជីពបាល់ទាត់ហើយងាកមកវិនិយោគនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាកសិកម្ម។ នេះបើយោងតាមការចេញផ្សាយរបស់Daily mailកាលពីថ្ងៃអាទិត្យ ទី២០ មករា ២០២៤។

កីឡាករសញ្ជាតិអេស្ប៉ាញវ័យ៣២ឆ្នាំបានព្យួរស្បែកជើងរបស់គាត់កាលពីខែតុលា ឆ្នាំ ២០២២ បន្ទាប់ពីគ្មានក្លឹបលេងអស់រយៈពេលជាងមួយឆ្នាំ។ គាត់ត្រូវបានគេចងចាំល្អបំផុតនៅក្នុងប្រទេសអង់គ្លេសសម្រាប់ការប្រកបអាជីពរបស់គាត់ជាមួយក្លឹប Brentford, Birmingham និង Aston Villa ប៉ុន្តែបានបញ្ចប់អាជីពរបស់គាត់នៅជាមួយក្លឹបAlaves បាល់ទាត់អេស្ប៉ាញ La Liga  ។

ប្រភពដដែលខាងលើបានឲ្យដឹងថាក្រុមហ៊ុនរបស់គាត់កំពុងស្ថិតក្នុងដំណើរការចាប់ដៃគូជាមួយរដ្ឋាភិបាលអេស្ប៉ាញដែលមានតម្លៃ ៧៦២លានដុល្លារក្នុងឆ្នាំ ២០២៥ ។Groinn ក៏បានយល់ព្រមលើភាពជាដៃគូជាមួយរដ្ឋាភិបាលអេស្ប៉ាញក្នុងការផ្តល់ជំនួយកសិកម្មឌីជីថល ដោយមានកិច្ចព្រមព្រៀងធំជាច្រើនទៀតកំពុងដំណើរការ។

ការព្យាករណ៍ប្រចាំឆ្នាំរបស់ Groinn ត្រូវបានកំណត់ថានឹងកើនឡើងយ៉ាងខ្លាំងនៅឆ្នាំទី 3 ក្នុងតម្លៃជាង៣,៨ពាន់លានដុល្លារ។

Jota បានវិនិយោគលុយផ្ទាល់ខ្លួនរាប់លានដុល្លារទៅក្នុងក្រុមហ៊ុនបន្ទាប់ពីចាកចេញពីបាល់ទាត់។ និយាយទៅកាន់សារព័ត៌មាន The Athletic កីឡាករសញ្ជាតិអេស្ប៉ាញបានសារភាពថា មនុស្សជាច្រើនបានព្យាយាមបញ្ចុះបញ្ចូលខ្ញុំមិនឱ្យចូលនិវត្តន៍ ប៉ុន្តែខ្ញុំបានដឹងពី Groinn ក្នុងអំឡុងពេលខ្ញុំកំពុងលេងបាល់ទាត់។

Jota ដែលបានបង្ហាញខ្លួនឲ្យក្រុមឈុតធំជាង ៣០០ក្នុងអាជីពរបស់គាត់បាននិយាយថា ក្រុមហ៊ុនឥឡូវនេះមានតម្លៃ១០ដងច្រើនជាងប្រាក់ដែលខ្ញុំបានវិនិយោគ ។ យើងកំពុងចរចាជាមួយរដ្ឋាភិបាលជាច្រើនជុំវិញពិភពលោក ដោយសារពួកគេចង់បានបច្ចេកវិទ្យា ហើយយើងជាអ្នកដឹកនាំឧស្សាហកម្ម។ យើងកំពុងនិយាយជាមួយក្រុមហ៊ុនធំៗនៅអាមេរិក ហើយយើងកំពុងដើរលឿនជាងអ្វីដែលយើងគិត។

Groinn ផលិតឧបករណ៍ដែលជួយដល់កិច្ចការប្រចាំថ្ងៃរបស់កសិករ។ ឧបករណ៍នេះមានតម្លៃត្រឹមតែ ២២២ដុល្លារដោយសារការវិនិយោគរបស់ Jota បើធៀបទៅនឹងផលិតផលស្រដៀងគ្នានេះមានតម្លៃជាង៣០០០០ដុល្លារ។ គាត់អះអាងថាការព្យាករណ៍របស់យើងបានឲ្យដឹងថា យើងនឹងរកប្រាក់ចំណេញបានជាង១ពាន់លានដុល្លារ ។

Jota បានបន្ថែមថា ឧបករណ៍នេះប្រៀបដូចជា iPhone។ មុននេះយើងប្រើសំបុត្រ ម៉ាស៊ីនទូរសារ និងទូរសព្ទ ប៉ុន្តែ iPhone វាផ្ទុកបានទាំងអស់ ហើយមិនចំណាយច្រើន ទាំងមានគុណភាពល្អជាង។ យយើងក៏ធ្វើដូចគ្នាក្នុងវិស័យកសិកម្ម ជាមួយនឹងបច្ចេកវិទ្យាទាំងអស់នៅលើម៉ាស៊ីនតែមួយ៕

ads
ads