លោក Erik ten Hag អ្នកចាត់ការទូទៅរបស់ក្រុម Manchester United និយាយថា Mason Greenwood បានបង្ហាញពីសមត្ថភាពរបស់គាត់កាលពីអតីតកាលចំពេលមានការស៊ើបអង្កេតអំពីអនាគតរបស់គាត់នៅ Old Trafford ។
Erik ten Hag ត្រូវបានអ្នកកាសែតសាកសួរអំពីអនាគតរបស់ Mason Greenwood នៅ Manchester United ចំពេលមានការស៊ើបអង្កេតផ្ទៃក្នុងដែលកំពុងបន្តបន្ទាប់ពីការចោទប្រកាន់ព្រហ្មទណ្ឌប្រឆាំងនឹងគាត់ត្រូវបានទម្លាក់។ គ្រូបង្វឹករូបនេះនិយាយថា៖ «គាត់បានបង្ហាញកាលពីអតីតកាលថាគាត់មានសមត្ថភាពស៊ុតបញ្ចូលទី» ។
«ប៉ុន្តែបញ្ជាក់ថា វាមិនមែនជាការសម្រេចចិត្តរបស់ខ្ញុំថាតើគាត់ត្រឡប់មកវិញឬអត់»។
Greenwood មិនបានលេងឱ្យ Man United ចាប់តាំងពីខែមករាឆ្នាំមុន នៅពេលដែលគាត់ត្រូវបានចាប់ខ្លួន និងត្រូវបានចោទប្រកាន់ជាបន្តបន្ទាប់ពីបទប៉ុនប៉ងរំលោភ ការប្រើអំពើហិង្សា និងការរំលោភបំពាន។
អយ្យការរបស់ Great Manchester បានបញ្ជាក់ក្នុងខែកុម្ភៈឆ្នាំនេះថា ការចោទប្រកាន់ទាំងអស់របស់កីឡាករម្នាក់នេះ ត្រូវបានទម្លាក់ចោល។ CPS បានលើកឡើងពីការលេចចេញនូវភ័ស្តុតាងថ្មី ក៏ដូចជាការដកសាក្សីសំខាន់ៗចេញពីសំណុំរឿងនេះថា ជាហេតុផលនៅពីក្រោយពួកគេមិនបន្តដំណើរការលើបញ្ហានេះ។
United បច្ចុប្បន្នកំពុងធ្វើការស៊ើបអង្កេតផ្ទៃក្នុងដើម្បីកំណត់ពីកាលៈទេសៈជុំវិញស្ថានការណ៍ដ៏ប្រទាំងប្រទើសរបស់ Greenwood ។ លុះក្រោយការសន្និដ្ឋានរបស់ការស៊ើបអង្កេតនឹងមានការសម្រេចចិត្តលើការវិលត្រឡប់របស់គាត់វិញ។
ប្រសិនបើកីឡាករវ័យក្មេងត្រលប់មកវិញជាចុងក្រោយ វានឹងក្លាយជាការជំរុញដ៏ធំមួយសម្រាប់ក្រុមរបស់ Ten Hag ដែលខ្វះជម្រើសក្នុងកាតំបន់ប្រយុទ្ធ។