ក្រុមបាល់ទះនារីកម្ពុជាទើបមានវត្តមានឡើងវិញក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០២៣នៅទឹកដីខ្លួនឯងដោយរងបរាជ័យ៣ប្រកួតជាប់គ្នាក្នុងពូល B ។ នេះមានន័យថា កម្ពុជាអស់ឱកាសក្នុងការឡើងទៅយកមេដាយនោះទេ។ តែបើនិយាយអំពីអតីតកាលវិញពោលគឺ ជាង៤០ឆ្នាំមុន មិនថាក្នុងព្រឹត្តិការណ៍កីឡាអាស៊ី និងអាស៊ាន កម្ពុជាជោគជ័យគ្រាន់បើ។
កីឡាបាល់ទះនារីកម្ពុជា (សាធារណរដ្ឋកម្ពុជា) បានចូលរួមព្រឹត្តិការណ៍ Asian Games ក្នុងឆ្នាំ 1970 ដោយទទួលបានចំណាត់លេខ៣ កូរ៉េខាងត្បូងលេខ២ និងជប៉ុនលេខ១។ កាលនោះមានក្រុមជម្រើសជាតិនារីចំនួន៨ចូលរួមប្រកួតគឺ ជប៉ុន កូរ៉េខាងត្បូង សាធារណរដ្ឋខ្មែរ អ៊ីរ៉ង់ ចិន ហ្វីលីពីន ឥណ្ឌូនេស៊ី និងថៃ។
ក្នុងកីឡាអាស៊ីអាគ្នេយ៍ បាល់ទះនារី កម្ពុជាធ្លាប់ឈ្នះមេដាយមាសស៊ីហ្គេម ២លើក គឺនៅឆ្នាំ ១៩៧១ និង ១៩៧៣។ ១៩៧១ កម្ពុជាឈ្នះម៉ាឡេស៊ីវគ្គផ្ដាច់ព្រ័ត្រ 3-0 (15-5,15-1,15-4) និង១៩៧៣ កម្ពុជា ឈ្នះម៉ាឡេស៊ីវគ្គផ្ដាច់ព្រ័ត្រ 3-1 (15-4,15-6,8-15,15-8) ខណៈដែលកាលនោះគេរាប់ពិន្ទុមួយសិតតែ១៥គ្រាប់ទេ។
ចាប់ទាំងសម័យកាលរំដោះខ្លួនចេញបីសម័យប៉ុល ពត ជាង៤០ឆ្នាំមកនេះ បាល់ទះនារីគ្មានវត្តមានទៀតទេ ទើបតែឆ្នាំ២០២៣នេះ គឺជាលើកទីមួយហើយ ដែលក្រុមបាល់ទះនារីកម្ពុជា បានបង្ហាញខ្លួននៅស៊ីហ្គេមក្រោមការចង្អុលបង្ហាញពីឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងមានលោកបណ្ឌិត អាំង សេរីពិសិដ្ឋ ជាអគ្គលេខាធិការសហព័ន្ធបាល់ទះកម្ពុជា (VFC)។