និយាយក្រោយពិធីបំពាក់មេដាយនៃការប្រកួតចប់លើវិញ្ញាសាបាល់ទះបុរសក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា លោក អាំង សេរីពិសិដ្ឋបាននិយាយថា សហព័ន្ធកីឡាបាល់ទះកម្ពុជា នឹងបង្កើតលីគបាល់ទះអាជីព ដោយមានកូតាកីឡាករបរទេសយ៉ាងតិច២នាក់ចូលរួមប្រកួតនៅតាមក្លិបនីមួយៗផងដែរ ។
«យើងក៏មានចេតនា ក្នុងការបង្កើតលីគ(បាល់ទះ)ដែរ។ មូលហេតុអ្វីបានយើងត្រូវមានវីដេអូប្រកួត (Video Challenge) ព្រោះយើងចង់ប្រែក្លាយលីគនៅប្រទេសកម្ពុជាឱ្យទៅអាជីព (Professional ) ។ ហើយក្នុងករណីយើងមានលីគអាជីព ខ្ញុំជឿជាក់ថា បណ្ដាក្លិបរៀងៗខ្លួន អាចលើកកម្ពស់ (Promote) ធនធានកីឡាករសម្រាប់ក្លិបរបស់ពួកគាត់ហើយ»។
លោកបន្តថា៖ «ការធ្វើបែបនេះគឺដើម្បីអភិវឌ្ឍន៍វិស័យបាល់ទះកម្ពុជា ឱ្យឈានដល់កម្រិតខ្ពស់ជាមុន ជាពិសេសសម្រេចបានលទ្ធផលមេដាយមាស ដែលជាគោលដៅធំរបស់កម្ពុជា ក៏ដូចជាសហព័ន្ធបាល់ទះកម្ពុជាផងដែរ»។
បន្ថែមពីគម្រោងបង្កើតលីគនេះ បាល់ទះកម្ពុជា ក៏នឹងរៀបចំឱ្យមានការប្រកួតក្នុងស្រុកឱ្យបានច្រើន ដោយអញ្ជើញក្រុមខ្លាំងៗក្នុងតំបន់ និងពិភពលោក ដើម្បីសម្រេចតាមផែនការអភិវឌ្ឍវិស័យបាល់ទះកម្ពុជា ជាពិសេសមេដាយមាសនៅស៊ីហ្គេមឆ្នាំ២០២៥នេះតែម្ដង។